នៅកម្ពុជាមានប្រជាពលរដ្ឋប្រមាណ ៣២ភាគរយ ខ្វះអាហារូបត្ថម្ភ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨–​ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា តាមសិក្សា អង្គេតវិទ្យាសាស្ត្រ និងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា នៅកម្ពុជាមានប្រជាពលរដ្ឋ ប្រមាណ ៣២ភាគរយ ខ្វះអាហារូបត្ថម្ភ។

​នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានអំពីទឹក និងអនាម័យ​ជនបទ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ការខ្វះអាហារូបត្ថម្ភនេះបណ្តាលមកពីការយល់ដឹងរបស់ប្រជាពលរដ្ឋយើងនៅកម្រិត ទាបពាក់ ព័ន្ធបញ្ហាទឹក និងអនាម័យជនបទ។

ការរស់នៅគ្មានបង្គន់អនាម័យ បន្ទោរបង់តាមពាសវាល ពាសកាល វាបានធ្វើឱ្យប៉ះពាល់ដល់សុខភាព ពិសេសនៅរដូវវស្សាមាន ភ្លៀងធ្វើឱ្យជ្រាប ដល់ប្រភពទឹកប្រើប្រាស់បណ្តាលឱ្យកើតជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរាគរួស អាសន្នរោគ ជំងឺសើរស្បែក និងធ្វើឱ្យយើងក្លាយជាមនុស្សខ្វះអាហារូបត្ថម្ភ។ ក្រៅពីនេះការបត់ជើង តាមវាលតាមកាលនេះ វាមិនត្រឹមតែធ្វើឱ្យរាង្គកាយឈឺស្គាំងស្គមនោះទេ ថែមទាំងធ្វើឱ្យយើងខាតបង់ថវិកាខាតបង់ពេលវេលា និងជួបបញ្ហាប្រឈមជួបជាច្រើនទៀត ដូចជាជួបសត្វអសិរពឹស ការចាប់រំលោភពីមនុស្សខិលខូចមួយចំនួនតាមវាលតាមព្រៃក៏មាន។

ឯកឧត្តម ក៏បានសំណូមពរដល់ផ្នែកអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងដើម្បីកែប្រែទម្លាប់ការរស់នៅរបស់​ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាជន នៅតាមជនបទ ឈ្វេងយល់ពីបញ្ហាអនាម័យរស់នៅស្អាតនេះសំខាន់ណាស់​។ ព្រោះថា តាមសិក្សាអង្កេតវិទ្យាសាស្ត្រឆ្នាំ២០១៦ លើខេត្តចំនួន១៣ បានរកឃើញថា ប្រជាពលរដ្ឋ ក្នុងចំណោម ១០០ខ្នងផ្ទះ មានតែ ៦២ភាគរយខ្នងផ្ទះប៉ុណ្ណោះ ដែលមានបង្គន់អនាម័យ ប្រើប្រាស់ និងមានប្រជាជលរដ្ឋតែ ៦៤ភាគរយខ្នងផ្ទះ ប៉ុណ្ណោះមានអណ្តូងទឹកស្អាត ប្រើប្រាស់ក្នុងចំណោម ១០០ខ្នងផ្ទះ។

ឯកឧត្តមបន្តថា បើប្រៀបជាមួយប្រទេសជិតខាងនៅមានកម្រិតទាប គឺស្ថិតនៅលេខរៀងទី៤៨ប្រទេសក្នុងចំណោមប្រទេសទាំងអស់ក្នុងសកលលោក។ សម្រាប់ ផែនការជាតិ៥ឆ្នាំទៅមុខឆ្នាំ(២០១៩-២០២៣) យើងខិតខំធ្វើយ៉ាងម៉េចឱ្យសម្រេចឱ្យបាន ៩០ភាគរយ ក្នុងចំណោម ១០០ខ្នងផ្ទះ ទុក ១០ភាគរយទៀតសម្រាប់ពីរឆ្នាំចុងក្រោយ។
​ លោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមន៍មានប្រសា​សន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាទា​ញ​ចំណាប់អារម្មណ៍របស់ពួកគាត់ឱ្យបង្កើនការរាយការណ៍ពីបញ្ហាទឹក និងអនាម័យជនបទ ក្នុង​ន័​យចូលរួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចពិភាក្សា លើវិស័យនេះនៅកម្ពុជា។

លោកបានញ្ជាក់ថា វេទិកាការីនិពន្ធនេះ ក៏ជាសកម្មភាពដំបូងបង្អស់មុនឈានដល់ការ បើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានពីទឹក និងអនាម័យជនបទ ដែលគ្រោងនឹងប្រារព្ធឡើងនៅខែមិថុនា ឆ្នាំ២០១៨ខាងមុខ។
លោកបានជម្រាបជូនថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមន៍ ដោយមានកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាសហប្រតិបត្តិការ លើវិស័យទឹកស្អាត និងអនាម័យរបស់អង្គការសហប្រជាជាតិ(WSS​CC​​) ក្រោមការឧបត្ថម្ភ របស់អង្គការ (Water Aid) កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានពីអនាម័យជនបទកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ ដោយមានអ្នកសារព័ត៌មានចំនួន១៨នាក់
មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នាទាំងនៅ រាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន លើជំនាញផលិត
និងរាយការណ៍ព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ចំណេះដឹងក្នុងការរាយការណ៍ព័ត៌មានទាក់ទងនឹងបញ្ហាអនាម័យជនបទ និងទឹក ក៏ដូចជាការស្វែងយល់ពីវឌ្ឍនភាព នៃអនាម័យជនបទនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.