អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញដល់កម្លាំងសមត្ថកិច្ចតាមព្រំដែន ត្រូវលុប​បំបាត់ច្រករបៀងនិងទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨–​អភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​និង​កម្លាំង​ជំនាញ​ត្រូវ​លុបបំបាត់​ច្រករបៀង​ខុសច្បាប់និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ឆ្លងដែនដោយ​ខុសច្បាប់ឱ្យមានប្រសិទ្ធភាពដើម្បី​ការពារ​សុវត្ថិភាព​​អាយុជីវិតពួកគាត់ ។

​ឯកឧត្តមសួនបវរអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រ១១កើត​ខែជេស្ឋឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ខែឧសភាគ.ស២០១៨នេះថាដោយសារតែ​ខេត្តបន្ទាយមានជ័យ​​មានព្រំដែនជាប់ជាមួយប្រទេសថៃច្រករបៀងមានច្រើនដែលធ្វើឱ្យ​មានការលំបាកក្នុងការគ្រប់គ្រងពិសេសការឆ្លងដែនពលករចំណាកស្រុកដោយខុសច្បាប់។​

គណៈបញ្ជាការឯកភាពខេត្តតែងតែបានដាក់ចេញនូវបទបញ្ជាឱ្យអាជ្ញាធរសមត្ថកិច្ចនៅតាមព្រំដែនក្នុងភូមិសាស្ត្រដែលកម្លាំងរបស់ខ្លួនកំពុងឈរជើងត្រូវលុបបំបាត់ឱ្យខាង តែបាននូវច្រក​របៀងខុសច្បាប់និងត្រូវបង្កើន​ការប្រឹងប្រែងធ្វើការទប់ស្កាត់ដាក់​វិធានការ​ត្រូវ​ចាប់​មេខ្យល់​និង​អប់រំណែនាំប្រជាពលរដ្ឋឱ្យមានការយល់ដឹងត្រូវបញ្ឈប់ការចាញ់បោកមេ ខ្យល់ហើយត្រូវជំរុញដល់ពួកគាត់ឱ្យទៅ​រក​ការងារ​ធ្វើ​ដោយភាព​ស្របច្បាប់វិញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យបានឱ្យ​ដឹងដែរថាការលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារ ធ្វើនៅប្រទេសថៃនៃពលករខ្មែរយើងនេះកើតមានជាបន្តបន្ទាប់ហើយសមត្ថកិច្ចនៅតាមព្រំដែនប្រឹងប្រែងធ្វើការទប់ស្កាត់តែបញ្ហាប្រឈមនោះ យើងមិនអាចបិទច្រករបៀងបានដោយសារតែប្រជាពលរដ្ឋបន្តចេញចូលទៅធ្វើការនិងដោះដូរផលិតផលជារៀងរាល់ថ្ងៃ។​

​លោកស្នងការបញ្ជាក់ទៀតថាការទប់ស្កាត់​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​គឺ​ដើម្បី​ការពារ​ អាយុជីវិត
និង​ផលប្រយោជន៍​របស់​ពួកគាត់ ខ្លាចក្រែង​ពួកគាត់​ចាកចេញ​ទៅ​រក​ការងារ​ធ្វើចាញ់បោក​មេខ្យល់​យកទៅលក់
និង​កេង​កម្លាំង​ពលកម្ម និង​រង​ការបាញ់សម្លាប់ ចាប់ដាក់គុកពីទាហានថៃជាដើម។

លោកអាត់ខែមបានអះអាងថាស្នងការនគរបាលខេត្តក៏​​បានអនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តដោយជំរុញឱ្យកម្លាំងនគរបាលគ្រប់​ផ្នែកនិងជំនាញក្រោមបង្គាប់ទាំង​​អស់ ត្រូវ​សហការគ្នា​ដើម្បី​ចុះ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​​យោងតាម​របាយការណ៍​ការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន ខេត្ត​បន្ទាយមានជ័យឱ្យដឹងថា​ក្នុង​ខែ​មេសា ឆ្នាំ​២០១៨កន្លងមក​នេះ អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ថៃ មក​វិញ​មាន​ចំនួន​៤.២៦៨​នាក់ (​ស្រី​១.៤៧៣​នាក់ កុមារ​ចំនួន​៤៣៩​នាក់ កុមារី​១៦៧​នាក់​) ដាក់​ក្នុង​រថយន្ត​ភាគី​ថៃ ចំនួន​១០២​គ្រឿង តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

របាយការណ៍នេះបានប្រាប់ឱ្យដឹងដែរថា ​ពលរដ្ឋ​ខ្មែរ ចំណាកស្រុក​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចេញទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប​៥០៤​នាក់ ស្រី​២៣៣​នាក់ ក្នុង​នោះ​ស្រប​ច្បាប់​ចំនួន​៦០​នាក់ ស្រី​២២​នាក់
មិន​ស្របច្បាប់​ចំនួន​៤៤៤​នាក់ ស្រី​២១១​នាក់ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុងពេល​ដែល​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ស្រុក​វិញ មាន​ចំនួន​២.៤២៧​នាក់ ស្រី​១.១៦៨​នាក់ កុមារ​៤០​នាក់​៕​

ដោយ ឈុន សារ៉ាត

Share
    Download PDF

Comments are closed.