ស៊ុយអែត ប្រកាសត្រៀមបន្តកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជាមួយកម្ពុជាដល់ឆ្នាំ២០២២

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨–​រដ្ឋាភិបាលស៊ុយអែត បានប្រកាសត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជួយកម្ពុជា ជាបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ហើយយុទ្ធសាស្រ្តនេះ នឹងស្របគ្នាជាមួយកម្មវិធីជាអាទិភាព របស់រដ្ឋាភិបាលកម្ពុជាផងដែរ។

​ឯកឧត្តម Johannes Oljelund អគ្គនាយកនៃក្រសួងការបរទេសស៊ុយអែត បានបង្ហាញពីការបន្តការគាំទ្រដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការ កម្ពុជា-ស៊ុយអែត ឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម Johannes Oljelund បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិ ការនេះឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជាឧត្តម ប្រយោជន៏ សម្រាប់ប្រទេស និងប្រជា ជន នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។ ឯកឧត្តមអគ្គនាយកបានបន្ថែមថា ថ្វីត្បិតតែកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ របស់ស៊ុយអែតសម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ នឹងត្រូវ ចប់អាណត្តិជាពេលខាងមុខ ប៉ុន្តែស៊ុយអែតត្រៀមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត។

​ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស៊ុយអែតដែលបានបំពេញ តួនាទីយ៉ាងសកម្មចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដោយផ្តោតជាក់ស្តែងទៅលើការកែ ទម្រង់គន្លឹះជាសារវ័ន្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជាកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិជាដើម។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានលើកឡើងពីការរីកចម្រើនរបស់កម្ពុជានាបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី។

ទន្ទឹមនេះ រដ្ឋបាលសាធារណៈកាន់តែខិតទៅជិត ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ គណនេយ្យភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាមុន។

​ឯកឧត្តមបានលើកឡើងថា ការសម្រេចបានទាំងនេះបានកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការ ដាក់ចេញឱ្យអនុវត្តន៍នូវយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ក៏ដូចជាយុទ្ធសាស្រ្ត កែទម្រង់សំខាន់ៗ និងស៊ីជម្រៅផ្សេងៗទៀតផងដែរ៕

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.