ក្នុងឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា គ្រោងផ្តល់កម្ចីគ្មានការប្រាក់ដល់ កសិករចំនួន ៣២៦គ្រួសារបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–កាកបាទក្រហមកម្ពុជា គ្រោងនឹងផ្តល់កម្ចីឥណទានគ្មានការប្រាក់ដល់កសិករចំនួន៣២៦គ្រួសារបន្ថែមទៀត ក្នុង២០១៨ ខណៈការផ្តល់សេវានេះទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ការផ្តល់កម្ចីខ្នាតតូច គ្មានការប្រាក់របស់កាកបាទក្រហមនេះនឹងធ្វើប្រតិបត្តិការនៅស្រុក វាលវែង ខេត្តពោធិ៍សាត់ ស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ (AKP) នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះលោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា កម្ចីនេះសម្រាប់តែគ្រួសារដែលមានជីវភាពក្រីក្រប៉ុណ្ណោះ ដោយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ចាប់ពី៨០ម៉ឺនរៀល ទៅ១លានរៀល ហើយនៅពេលទទួលបានកម្ចី ប្រជាពលរដ្ឋទាំងនោះ អាចយកប្រកបមុខរបរដែលពួកគាត់អាចធ្វើបានដូចជា ដាំបន្លែ ចិញ្ចឹមមាន់ ទា និងជ្រូក លក់គ្រឿងទេស និងជួសជុលកង់ ម៉ូតូ ជាដើម។

លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបន្ដថា អត្ថប្រយោជន៍ នៃកម្ចីខ្នាតតូចនេះគឺ គ្មានការប្រាក់ ដែលជាផ្នែកមួយជួយបង្កើនចំណូលដល់គ្រួសារពលរដ្ឋ កាត់បន្ថយចំណាកស្រុក កាត់បន្ថយការរងគ្រោះថ្នាក់ជាយថាហេតុនៅពេលទៅប្រកបរបរ ក្នុង តំបន់ដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អាចមានលទ្ធភាពសាងសង់លំនៅ ឋានបានសមរម្យ និងកាត់បន្ថយជំងឺផ្សេងៗផងដែរ។

លោកជំទាវបានបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលទទួលបានកម្ចីខ្នាតតូច សុទ្ធតែមានការវិវត្តន៍ខ្លួនយ៉ាងល្អប្រសើរ ហើយជីវភាព ក៏ធូរធារជាងមុន ហើយក៏បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ពួកគាត់រៀងរហូតមក។

ជាមួយគ្នានេះដែរ កន្លងមកក៏ដូចជាបច្ចុប្បន្ន កាកបាទក្រហមកម្ពុជាតែងធ្វើការងារ មនុស្សធម៌ជួយដល់ជនងាយរងគ្រោះ ជនពិការ កុមារកំព្រា ចាស់ជរា ចាស់គ្មានទីពឹង អ្នកផ្ទុក មេរោគអេដស៍ និងអ្នករងគ្រោះ ជាច្រើនផ្សេងទៀត។

សូមរម្លឹកថា កាកបាទក្រហមកម្ពុជាបានផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ តាំងពីឆ្នាំ ២០០៥មកម៉្លេះ ហើយមកទល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំទៅហើយ ក្នុងនោះបាន ជួយគ្រួសារក្រីក្រឱ្យមាន ជីវភាពល្អប្រសើរ រហូតទៅដល់៧.០០០គ្រួសារ។ ដោយឡែក ឆ្នាំ២០១៧កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់កម្ចីដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៩៨គ្រួសារ៕

ដោយ គង់ សិរីរ័ត្ន

Share
    Download PDF

Comments are closed.