គ.ជ.ប អះអាងថា សម្ភារបម្រើឱ្យការបោះឆ្នោតព្រឹទ្ធសភា ត្រូវបញ្ជូនដល់ការិយាល័យបោះឆ្នោតមុនមួយថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានអះអាងថា សម្ភារបម្រើឱ្យការបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវបញ្ជូនទៅឱ្យដល់ការិយាល័យបោះ ឆ្នោតមុនមួយថ្ងៃ បន្ទាប់ពីការឃោសនារកសំឡេងឆ្នោតត្រូវបញ្ចប់។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សម្ភារ និងសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៤នេះ នឹងត្រូវវេចខ្ចប់ធ្វើការ បញ្ជូនទៅការិយាល័យបោះឆ្នោតតាមរាជធានី ខេត្តនីមួយឱ្យ បានមុនថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីការចៀស វាងការយឺតយ៉ាវដល់ដំណើរការបោះឆ្នោត ដល់ពេលវេលាដែលបានកំណត់ទុក។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោតរាជ ធានីខេត្តនីមួយៗ គឺមានភាពខុសគ្នាៗ អាស្រ័យដោយចំនួនគណបក្សនយោបាយ និងអង្គបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឯកឧត្តមបានបន្តថា សន្លឹកឆ្នោតត្រូវបានបោះពុម្ពលើសចំនួនអង្គបោះឆ្នោត ដើម្បីត្រៀមទុកក្នុងករណីមាន សន្លឹកឆ្នោតខូចនៅតាមការិយាល័យបោះឆ្នោតសរុប៣៣ការិយាល័យ នៃភូមិភាគទាំង២៥រាជធានី-ខេត្ត។

សូមបញ្ជាក់ថា ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ មានចំនួន៤គណបក្សនយោបាយចូលរួម ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជន កម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្ស ហ៊្វុន ស៊ិន ប៉ិច ដើម្បីដណ្តើមអាសនៈក្នុងសាប័នព្រឹទ្ធសភា ចំនួន៦២អាសនៈ។

គណបក្សនយោបាយទាំងនេះ បាននិងកំពុងធ្វើយុទ្ធនាការឃោសនា រកសំឡេងគាំទ្រពីអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងអាណត្តិសរុប១១.៦៩៥នាក់ នៅតាមមណ្ឌលភូមិភាគរៀងៗខ្លួន៕

ដោយ គង់ សិរីរ័ត្ន

Share
    Download PDF

Comments are closed.