ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវដល់ស្រ្ដីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញ ឱ្យបានទៀងទាត់

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ស្រ្ដីមាន ផ្ទៃពោះទាំងអស់ទៅ ពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញ នៅតាមមណ្ឌល សុខភាព ឬមន្ទីរពេទ្យ ដែលនៅជិះផ្ទះតាមកាលកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ឱ្យបានទៀងទាត់តាម ការណែនាំរបស់គ្រូពេទ្យជំនាញ។

ការអំពាវនាវនេះបានធ្វើឡើង ស្របពេលដែលកម្ពុជារៀបចំអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ ដើម្បីលើក កម្ពស់ការយកចិត្ត ទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារនៅទូទាំងប្រទេស។

ក្នុងសារលិខិតអបអរសាទរ នាឱកាសអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា បានមានប្រសាសន៍ណែនាំឱ្យស្រ្ដីមានគភ៌ទាំងអស់ ពេលសម្រាល កូន ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមាន គ្រូពេទ្យឆ្មបជំនាញ ទទួលការបណ្ដុះ បណ្ដាលត្រឹមត្រូវ។ ចំពោះការពិនិត្យសុខភាព ក្រោយពេលសម្រាល ទាំងមាតា និងទារក និងទទួលថ្នាំបង្ការចំនួន១១មុខ តាមការណែនាំ និងការកំណត់របស់គ្រូពេទ្យ ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានលើកឡើងថា ពេលសម្រាលកូនរួច គឺមានតែការបំបៅ ទារកដោយទឹក ដោះម្ដាយមួយមុខគត់ ចាប់ពីពេលទារកប្រសូត្រភ្លាម រហូតដល់ទារកមាន អាយុ៦ខែ និងផ្ដល់អាហារ បន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយនឹងការបំបៅទឹកដោះ ម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។

សម្ដេចប្រធានក៏បានជំរុញដល់មាតាគ្រប់រូប សូមប្រញាប់យកទារកទៅមន្ទីរ ពេទ្យភ្លាមនៅពេលឃើញ សញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់ សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានអំពាវនាវផងដែរដល់ថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសុខាភិបាលចូលរួមផ្ដល់ សេវាទាំអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារកក្នុងផ្ទៃការស្លាប់ទារកទើបនឹងកើត និងការស្លាប់របស់កុមារ អាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ទាំងជាតិ អន្ដរជាតិ សូមជួយ និងបន្ដជួយ វិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។

សូមរម្លឹកថា ក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្ដន៍នូវសេវាគាំពារសង្គម ដែលបានជួយដល់កម្មការិនី មន្រ្ដីរាជការជានារីដែលស្ថិតនៅក្រោមប្រព័ន្ធគាំពារសង្គម ដោយទទួលបាននូវសេវាពិគ្រោះ ពិនិត្យ និងព្យាបាលដោយឥតបង់ថ្លៃជាពិសេសកម្មការិនី ដែលសម្រាលកូនបានម្នាក់ រាជរដ្ឋាភិបាលបានឧបត្ដម្ភថវិកាចំនួន៤០ម៉ឺនរៀលសម្រាលបានកូនភ្លោះ ពីរទទួលបានថវិកា៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី៣នាក់ ទទួលបាន១២០ ម៉ឺនរៀលផងដែរ៕

c

c1

c2

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.