សេចក្តីព្រាងច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានិងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ បានមកដល់ដៃព្រឹទ្ធសភាហើយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តី ព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ បានមកដល់ដៃ ព្រឹទ្ធសភាហើយ ហើយនៅ ថ្ងៃទី២០ ខែកុម្ភៈ ស្អែកនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានឹងដឹក នាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើ​របស់ គណៈកម្មការទី៦ និងទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់នេះទៅក្នុងរបៀប វារៈនៃសម័យ​ប្រជុំពេញអង្គរបស់ព្រឹទ្ធសភាលើកទី១១ នីតិកាលទី៣។

នេះបើតាមសេចក្តីជូន ដំណឹងឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី១៩ ខែកុម្ភៈនេះ។
សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការ នៅក្នុងសម័យប្រជុំ វិសាមញ្ញនីតិកាលទី៥

របស់រដ្ឋសភាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល នៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា ១១៨ថ្មី នៃធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក​ឡើងដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលឡើងការពារ សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ នៅក្នុងសម័យប្រជុំវិសាមញ្ញ​រដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មីនេះ មិនត្រឹមតែ អាចបន្ថយចំនួននៃសមាសភាពរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការ ពង្រឹងការ ទទួលខុសត្រូវខ្ពស់របស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើន ប្រសិទ្ធភាព នៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការ កែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ និងអង្គមុខងារសាធារណៈផងដែរ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា​១១៨ថ្មី នៃធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ក៏ត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រមទាំងបានទូលថ្វាយ និងឯកភាពពីព្រះករុណា​ជាអម្ចាស់លើត្បូងរួចហើយដែរ នូវអត្ថបទ នៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ។

ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៅក្នុងសម័យ ប្រជុំវិសាមញ្ញនីតិកាល​ទី៥​​របស់រដ្ឋសភានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ក៏បានលើកឡើងថា យោងតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលមានព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ដោយប្រតិបត្តិតាមរដ្ឋធម្មនុញ និងតាមលទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស។

នៅក្នុងការបំពេញឋានៈជាព្រះប្រមុខរដ្ឋ អង្គព្រះមហាក្សត្រត្រូវបានធានាការពារដោយធម្មនុញ្ញ ជាពិសេសកថាខណ្ឌទី៣ នៃមាត្រា៧ ដែលបានចែងថា អង្គព្រះមហាក្សត្រមិនអាចរំលោភ​បំពានបានឡើយ។

ទន្ទឹមនេះ តាមការសិក្សាស្រាវជ្រាវច្បាប់របស់បណ្តាប្រទេសរាជានិយមមួយចំនួន អំពើប៉ះពាល់ទោះបី​តាមរូបភាពណាក៏ដោយដល់អង្គព្រះមហាក្សត្រ ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ ឬមជ្ឈិមដែលត្រូវផ្តន្ទា​ទោស​យ៉ាងធ្ងន់ធ្ងរ។

ដូចនេះដើម្បីធានាលើកស្ទួយ និងការពារព្រះចេស្តា និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ស្របតាមមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងដោយសំណើពីក្រុមប្រឹក្សាធម្មនុញ្ញ​ផងនោះ អំពើប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌ។

ក្នុងន័យនេះ បទល្មើសប្រមាថចំពោះព្រះមហាក្សត្រត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែម គឺមាត្រា ៤៣៧​(ស្ទួន) ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជា​រួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការ​ប្រមាថ​ចំពោះអង្គព្រះមហាក្សត្រ។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះថ្ងៃទី១៩ ខែកុម្ភៈនេះ បានឱ្យដឹងដែរថា ក្រៅពីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា​ស្អែកនេះ ក៏នឹងពិនិត្យ សម្រេចផងដែរលើសេចក្តីព្រាងច្បាប់ចំនួន ២ទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១១ នីតិកាលទី៣របស់ព្រឹទ្ធសភាផងដែរ៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.