រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមភ្ញៀវទេសចរមក កម្សាន្តខេត្តព្រះសីហនុជិត៩ម៉ឺននាក់

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨–លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួល ការងារទេសចរណ៍ និងចរា ចរណ៍ផ្លូវទឹកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម មានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ បានមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុមានចំនួន ៨៨.០០០នាក់មានការកើន ឡើង ៦ភាគរយ បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៧។

ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៧៩.០៥០នាក់ កើនឡើង ៦,១ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៨.៩៥០នាក់ កើនឡើង ៥,២៩ភាគរយ។

ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួន ៩.០០៦នាក់កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥ភាគរយ និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ។

រមណីយដ្ឋានដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តមានដូចជា រមណីយដ្ឋានពិកនិក ស្រុកកំពង់សិលា មានភ្ញៀវចំនួន ១.២២០នាក់។ រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលាមាន ភ្ញៀវចំនួន ២.១៨០នាក់។ រមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១នាក់។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបានរៀបចំគ្រប់គ្រងការពារ និង រឹតបន្តឹងបានយ៉ាងល្អប្រសើរ តាមផែនការ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញបានចេញ ប្រតិបត្តិការល្បាតតាមមុខព្រួញ និងភូមិសាស្ត្រក្នុងខេត្ត ព្រះសីហនុ។

ទន្ទឹមនឹងសភាព ការណ៍សន្តិសុខ សណ្តាប់ធ្នាប់ល្អ ក៏នៅមានបញ្ហាប្រឈមកើតឡើងផងដែរ ពិសេសដោយសារតែកំណើនភ្ញៀវទេសចរ និងយានយន្តឆ្នាំនេះ មានការកើនឡើងយ៉ាងគំហុក ជាហេតុបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់កន្លែងខ្លះ។

ក៏ប៉ុន្តែជាមោទនភាពរបស់មន្ត្រីនគរបាល ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូន ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ធានាបាននូវ ផាសុកភាពគ្រប់គ្នា៕

ដោយ ងូ សុមុនី

Share
    Download PDF

Comments are closed.