ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាឱ្យអនុវត្តន៍កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មបានលើកឡើង កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះថា ការប្រជុំផ្សព្វផ្សាយនេះ គឺធ្វើឡើងដើម្បីធ្វើយ៉ាងណា ឱ្យមន្រ្តីអនុវត្តន៍ច្បាប់ ធ្វើការអនុវត្តនូវ សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពលើការងារកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បញ្ហានេះនឹងទៅជា បញ្ហាប្រឈមសម្រាប់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត ប្រសិនបើមិន ធ្វើការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានដែលខុសនោះទេ។

សូមរម្លឹកថា តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមក ក្រសួងមហាផ្ទៃរក ឃើញថា ប្រជាពលរដ្ឋកម្ពុជាជិត៣៥ភាគរយកំពុងជួបប្រទះ បញ្ហាខុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ហើយប្រជាពលរដ្ឋខ្លះទៀតបាន ចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង៕

ដោយ ចាន់ សុធីវង្ស

Share
    Download PDF

Comments are closed.