គណៈកម្មការរៀបចំប្រណាំងទូកប្រកាសធ្វើការកែលម្អលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវភាពយុត្ដិធម៌ក្នុងការប្រកួត

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧–ប្រធានគណៈកម្មការមេប្រយោគរៀបចំព្រះរាជពិធីបុណ្យ អុំទូកបានអះអាងថា ការប្រណាំងទូកក្នុងឆ្នាំនេះ គណៈកម្មការបច្ចេកទេសនឹងធ្វើការកែលម្អលក្ខណៈ បច្ចេកទេសទាក់ទងនឹងចំណុចចេញដំណើររបស់ទូកឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវតម្លាភាព
និងយុត្ដិធម៌។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការមេប្រយោគ រៀបចំព្រះរាជពិធីបុណ្យអុំទូក បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០១៧នេះថា ការរៀបចំ លក្ខណៈបច្ចេកទេសសម្រាប់ការប្រណាំងទូកក្នុងឆ្នាំនេះ គឺគណៈកម្មការបានត្រៀមរួចរាល់ហើយ និងបានល្អ ប្រសើរជាងឆ្នាំមុន ដោយធ្វើ ការកែលម្អកែលម្អរចនាសម្ព័ន្ធគណៈកម្មការគ្រប់គ្រងទីលានប្រណាំង ការផ្គូរផ្គង គូប្រណាំង ទូកនៅក្នុងផ្ទៃទឹក និងកែសម្រួលកន្លែងចេញដំណើររបស់ទូក ឱ្យបានសុក្រឹត្យ យុត្ដិធម៌។

ឯកឧត្តមបានបញ្ជាក់ថា ការលួចខ្សែទឹកគ្នាក្នុងការប្រកួតក្នុងឆ្នាំនេះ នឹងអាច កាត់បន្ថយ បានជាអតិបរមា ហើយគណៈកម្មការបន្ដកែលម្អនូវចំណុចជាបន្ដបន្ទាប់ទៀត ដើម្បីយកទៅអនុវត្ដន៍ ឱ្យបានកាន់តែល្អប្រសើរ សម្រាប់ការប្រកួតតាមផ្នែកនីមួយៗ។

ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលនេះ មានទូកមួយចំនួនបានមក ដល់រាជធានីភ្នំពេញ និងទូកខ្លះទៀតកំពុងតែចាកចេញកាន់មករាជធានីភ្នំពេញជា បន្ដបន្ទាប់ ហើយតាមគោលការណ៍ សម្រាប់ទូកទាំងអស់ត្រូវចូលមកដល់រាជធានីភ្នំពេញ ត្រឹមម៉ោង១១ ថ្ងៃទី០១ ខែវិច្ឆិកាជាកំហិត ដើម្បីចូល
រួមប្រជុំ ទទួលការណែនាំ និងបទបញ្ជាអំពី បច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រណាំងទូក។

ឯកឧត្តមបានបន្ថែមទៀតថា ការចូល រួមរបស់ទូកក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ដោយ កាលពីឆ្នាំមុនមានទូកចូលរួមតែ ចំនួន២៥៧ទូក ហើយក្នុងឆ្នាំនេះ មានទូករហូតដល់២៧០ទូក។

ចំពោះការកើនឡើងនេះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្ដទៅលើការដឹកនាំរបស់
រាជរដ្ឋាភិបាល ប្រទេសជាតិមានសុខសន្ដិភាព និងការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក។

ឯកឧត្តមក៏បានណែនាំដល់អ្នកដឹកនាំ និងគ្រប់គ្រងទូកទាំងអស់ ត្រូវមានគំនិត ទស្សនៈថា ព្រះរាជពិធី
បុណ្យអុំទូក ជាព្រះរាជប្រពៃណីជាតិរបស់ខ្មែរ ដែលប្រជាពលរដ្ឋគ្រប់ រូបបានចូលរួម មិនត្រូវឱ្យតម្លៃខ្ពស់ ពេកទៅលើលទ្ធផលឈ្នះ និងចាញ់ទេ ពីព្រោះនេះ មិនមែនជាកីឡាប្រកួតយកឈ្នះចាញ់ទេ តែជាបុណ្យ ប្រពៃណីជាតិ។

ទន្ទឹមនេះ កីឡាករ ទូកទាំងអស់ត្រូវប្រកាន់នូវគោលការណ៍សាមគ្គីភាព មិនត្រូវឈ្លោះប្រកែកគ្នា ការប្រកួត ដោយយុត្ដិធម៌ គោរពតាមបទបញ្ជា និងគោលការណ៍បច្ចេកទេសរបស់គណៈកម្មការរៀបចំទូក ជាពិសេស កីឡាករអុំទូកនីមួយៗត្រូវតែបង្ហាញនូវភាពអង់អាចក្លាហាន ដើម្បី តំណាងជានិម្មិតរូបឱ្យកងទ័ពជើងទឹក ក្នុងសម័យដើម។

ឯកឧត្តមបានវាយតម្លៃថា ឆ្លងតាមរយៈបទពិសោធន៍នៃការរៀបចំព្រះរាជពិធីបុណ្យ អុំទូកកន្លងមក កម្ពុជា នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំការប្រណាំងទូក និងកីឡាផ្សេងៗជាលក្ខណៈអន្ដរ ជាតិដោយសារ តែគណៈកម្មការសុទ្ធតែមានជំនាញ ក្នុងវិស័យកីឡា ដែលទទួលរៀបចំកីឡាថ្នាក់ជាតិ តំបន់ និងពិភពលោក ដែលកម្ពុជាមានធនធានមនុស្ស និងអ្នកបច្ចេកទេសគ្រប់គ្រាន់ ជាពិសេសកម្ពុជា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កីឡាស៊ី ហ្គេមឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ មានទូកមកពី១៥ ខេត្ដ រាជធានី និងក្រសួង ស្ថាប័ន អង្គភាព ចំនួន៦
ស្ថាប័ន ចូលរួមប្រកួត ដែលមានទូកសរុបចំនួន២៧០ទូកហើយ ក្នុងនោះ ទូកអុំបុរសចំនួន១៥៧ទូក ដែលក្នុងចំណោមទូកទាំងនេះ គឺមានចំនួន៨០ទូក ដាក់ក្នុងទូក គូពិសេស ហើយទូកចែវមានចំនួន២៦ទូក
ចែវបុរស និង២ទូកនារី។ ចំពោះទូកអន្ដរជាតិ ផ្នែក បុរសមានចំនួន៨១ទូក និងនារីចំនួន៣ទូក និងមាន កីឡាករអុំទូកសរុបចំនួន១៤២១៥នាក់៕

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.