ប្រជាពលរដ្ឋស្នើអាជ្ញាធរជួយដោះស្រាយបញ្ហាការបូបខ្សាច់ ការ​បាក់​ច្រាំងទន្លេ និងការផ្តល់អត្តសញ្ញាណប័ណ្ណនៅខណ្ឌច្បារអំពៅ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥–

ប្រជាពលរដ្ឋស្ថិតនៅក្នុងខណ្ឌច្បារអំពៅទំាងមូល បានដាក់បញ្ហាឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយ​ដោះស្រាយរឿង ការបូមខ្សាច់ បាក់ច្រាំងទន្លេ  រឿងផ្លូវ ទឹក ភ្លើង ការផ្ដល់អត្ដសញ្ញាណប័ណ្ណ និង​បញ្ហា​សន្ដិសុខ សុវត្ថិភាព ដែលបានធ្វើឡើងក្នុងវេទិកាសាធារណៈកាល​​ពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា ២០១៥ នៅបរិវេណវត្ដសុវណ្ណមុនី ហៅវត្ដជំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ ដោយមានការចូលរួមពី ឯកឧត្តម ម៉ម់  សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក អៀង  អូននី  អភិបាលរងរាជធានីភ្នំពេញ។

លោក ហ៊ុន   ភារិន    តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និរោធិ៍ បានលើកឡើងនៅក្នុង​វេទិកានោះថា    ប្រសិន​បើអាជ្ញាធរមិនអាចជួយដោះស្រាយ ជូនពួកគាត់ រឿងការបូមខ្សាច់ បាក់​ច្រាំងទន្លេ  រឿងផ្លូវ ទឹក ភ្លើង ការផ្ដល់អត្ដសញ្ញាណប័ណ្ណ និងការការពារ​សន្ដិសុខ សុវត្ថិភាព សាធារណៈជួនពួកគាត់បាននោះទេ ពួកគាត់នឹងជួបការលំបាក ហើយបញ្ហានេះមានតែអាជ្ញាធរទេ ដែលអាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។

លោកបន្តថា  ប្រជាពលរដ្ឋគ្មានលទ្ធភាព​ទិញ​​ដីពី​រដ្ឋ ប៉ុន្តែ មាន​តែជម្រើស​ទទួល​យកសំណង​ពីរដ្ឋតែប៉ុណ្ណោះដូច្នេះរដ្ឋត្រូវតែផ្តល់​គោល​នយោ​​បាយ​សំណងឱ្យបានខ្ពស់ដែលអាច​យកទៅ​ទិញដីសង់លំនៅឋានថ្មី បើមិនដូច្នេះទេ ប្រ​ជា​ពល​រដ្ឋ ទាំងនេះ នឹងកាន់តែទទួលរងផលប៉ះ ពាល់នឹង មានទុក្ខ​លំបាកជាងនេះតទៅទៀត។

លោក អៀង អូននី ​ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា  ​ បញ្ហា​នេះ​មន្រ្តី​ជំ​នាញ​កំ​ពុងពន្លឿន​ការចុះផ្ទៀងផ្ទាត់ ពីទំហំក្បាលដីប៉ះពាល់គ្រួសារនីមួយៗ ដើម្បីឈានទៅវាយតម្លៃកំណត់​គោល​នយោបាយ ដោះស្រាយពីផលប៉ះពាល់ទាំងនោះហើយ។ លោកបន្ដថា  ការ​​អនុវត្តមធ្យោបាយនេះ ដើម្បីឱ្យការ​ដោះ​ស្រាយបានបញ្ចប់ ទៅដោយគ្មានអ្នក​ណាម្នាក់​ឈឺ​ចាប់ ហើយអាជ្ញា​ធ​រត្រូវតែ​កែលម្អតំបន់មាតទន្លេនិង​តំបន់ប្រឡាយ ព្រែក បឹង ដែលជាសម្បត្ដិសាធារណៈខ្លះ ដើម្បីកែ​សោភ័ណ ភាពរាជធានីភ្នំពេញក្នុងពេល​បច្ចុប្បន្ននិងអនាគត។ លោកក៏បាន​ស្នើឱ្យប្រជាពល​រដ្ឋសហការបង្ហាញ​ ឯកសារការ ពិត​​ឱ្យបាន​ច្បាស់​លាស់ នៅពេលអ្នក​ជំនាញចុះ​ទៅ​ផ្ទៀងផ្ទាត់​បញ្ជីកម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីចុះអនុវត្ត​កិច្ចការ​នេះឱ្យបាន​លឿន ខណៈដែល​រដូវបាំ្រង​ចូលមកដល់ហើយ។

លោក ម៉ម់ សារិន   បានបញ្ជាក់ដែរថា  អាជ្ញាធររាជធានីភ្នំពេញ កំពុងគិតគូររឿង ដែលបងប្អូន បាន​លើកជាបញ្ហា​ដែលប្រឈមទំាងឡាយ នៅក្នុងវេទិកាសាធារណៈ​ដើម្បីដាក់ទៅ​ថ្នាក់លើពិនិត្យ និង​ពិចារណា​ថាតើត្រូវជួយដោះស្រាយជួនបងប្អូនបញ្ហាណាបានមុនគេ និងបញ្ហាណាដែល ដោះ​ស្រាយ​បានតាមក្រោយ។ លោកថា បញ្ហាទំាងអស់ដែលបងប្អូនបានលើក​អាជ្ញាធរត្រូវតែ​ដោះស្រាយ​ជូនបងប្អូនឱ្យបានតែត្រង់ថា បានក្នុងកម្រិតណានោះតាមលទ្ធភាព៕ ​

ដោយ សួស  សំរិត ​

Share
    Download PDF

Comments are closed.