ក្រុមហ៊ុន CFTEC ប្រទេសចិនមានបំណងចង់មកវិនិយោគនៅកម្ពុជា
AKP ភ្នំពេញថ្ងៃទី ២៩ ០៤ ២០១១–
លោកស្រី YIN SHAOQUAN អនុប្រធានក្រុមហ៊ុនសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិខេត្ត Chongqing ប្រទេសចិន ( CFTEC ) ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន មកធ្វើការ សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា បានជម្រាបជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៩ មេសា ២០១១ នេះថា ក្រុមហ៊ុន CFTECមានបំណងចង់មក វិនិ យោគនៅ កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះគម្រោងចង់មកវិនិយោគនៅប្រទេសកម្ពុជា របស់ក្រុមហ៊ុនCFTEC ដែលជាក្រុមហ៊ុនធំមួយរបស់ខេត្ត CHONGQING នៃ ប្រទេសចិន។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការ អភិវឌ្ឍយ៉ាងច្រើនលើគ្រប់ផ្នែកគ្រប់វិស័យ ដោយក្នុងនោះវិស័យដែលមានភាពរីកចំរើន គឺវិស័យ ទេសចរណ៍ កសិកម្ម ថាមពល និងកម្មន្តសាល។ ទន្ទឹមនេះ រដ្ឋាភិបាល ក៏បានខិតខំក្នុងការជំរុញការនាំអង្ករចេញទៅលក់នៅក្រៅប្រទេសផងដែរ ហើយគម្រោងនៅឆ្នាំ ២០១៥ គឺត្រូវធ្វើយ៉ាង ណានាំចេញឲ្យបាន១លានតោន ព្រោះថាកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីករដូវដាំដុះ និងធ្វើឲ្យពូជស្រូវកាន់តែល្អហើយ ការវេចខ្ចប់អង្ករសម្រាប់នាំចេញឲ្យកាន់តែប្រសើរ និងប្រព្រឹត្តទៅដោយ រលូន។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ដំណើរការផលិតពីស្រូវ ឲ្យទៅជាអង្ករ គឺជាកិច្ច ការងារមួយដែលអាចធ្វើឲ្យអ្នកវិនិយោគ ជាច្រើន មកធ្វើវិនិយោគលើកិច្ចការទាំងនេះ។ ដោយឡែក ចំពោះការវិនិយោគលើវិស័យថាមពលអគ្គីសនីនៅកម្ពុជាភាគច្រើន ជាក្រុមហ៊ុនរបស់ប្រទេសចិនដែលរហូតមកដល់ពេលនេះកំពុងដំណើរការទៅយ៉ាងល្អ ហើយសង្ឃឹមថានៅឆ្នាំ២០១៥ខាងមុខនេះកម្ពុជា មានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ជាយោបល់ដល់ក្រុមហ៊ុន CFTECក្នុងការធ្វើទំនាក់ទំនងជាមួយផ្នែកដែលជាជំនួយ សម្រាប់ អ្នកវិនិយោគ គឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល ជាអ្នកផ្តល់យោបល់ និងពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងផ្នែក មួយទៀតគឺសភាពាណិជ្ជកម្មកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំអ្នកវិនិយោគទុន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា គម្រោង នៃការវិនិយោគទុនរបស់ក្រុមហ៊ុននានា នៅក្នុងស្រុក និងក្រៅប្រទេស គឺជាការនាំមកនូវ ការងារធ្វើសម្រាប់ប្រជាជនកម្ពុជា និងជា ការជួយជម្រុញដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ផងដែរ។
លោកស្រីអនុប្រធានក្រុមហ៊ុន CFTEC និងគណៈប្រតិភូទាំងអស់ បានសំដែងនូវការ អរគុណ ចំពោះការផ្តល់នូវយោបល់និងគំនិត ល្អៗ របស់លោករដ្ឋមន្ត្រី ចំពោះគម្រោងការងារ វិនិយោគដល់ក្រុមហ៊ុន CFTECនាឱកាសនោះ ហើយក៏ជាផ្លូវមួយដ៏ល្អសម្រាប់ឲ្យក្រុមហ៊ុនគួរ ពិចារណា និងរកទីកន្លែងដែលត្រូវទំនាក់ការងារបានឆាប់រហ័សហើយអាចឈនដល់ការធ្វើ វិនិយោគបានក្នុងពេលឆាប់ៗ នៅកម្ពុជា៕
ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











