ប្រទេសទីម័រខាងកើតមានបំណងនាំអង្ករចេញពីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ៣០ ០៣ ២០១១–
ដោយផ្អែកតាមសក្តានុពលពិសេសលើវិស័យកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជាផងនោះឯកឧត្តម JOSE RAMOS HORTA ប្រធានាធិបតី នៃ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសម្តែងនូវបំណងជំរុញ
កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជាមួយកម្ពុជាពិសេសលើការនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេស ទីម័រផងដែរ។
លោកស្រី ផេន គន្ធាបុរី នាយិកាពិធីការសម្តេចប្រធានព្រឹទ្ធសភាបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មានក្រោយ
ជំនួបសវនាការរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាមួយប្រធានាធិបតីទីម័រខាង កើតនាព្រឹកថ្ងៃទី ៣០ មីនា ២០១១នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងខណៈដែលឯកឧត្តមដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម JOSE RAMOS HORTA ថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជាគឺដើម្បីពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើតឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមក៏បានបញ្ជាក់អំពីសភាពការណ៍នយោបាយទាំងក្នុងនិងក្រៅប្រទេសរបស់ទីម័រខាងកើត និងថ្លែង
អំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់របស់ថ្នាក់ដឹកនាំកម្ពុជាក្នុងទស្សនកិច្ចនេះផងដែរ។
ឯកឧត្តមប្រធានាធិបតីក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកម្ពុជាគ្រប់ស្ថាប័នដែលបានគាំទ្រឲ្យប្រទេស ទីម័រខាងកើតចូលជាសមាជិកទី១១ របស់អាស៊ានហើយទីម័រខាងកើតនឹងគាំទ្របេក្ខភាពកម្ពុជា ជាសមាជិក
មិនអចិន្រ្តៃរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នាពេលខាងមុខផងដែរ។
សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់
ខ្ពស់ទីម័រខាងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកថាមានអត្ថប្រយោជន៍ក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពិសេសលើការផ្លាស់ប្តូរពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត។
សម្តេចក៏បានបញ្ជាក់ផងដែរថា កម្ពុជានិងគាំទ្រដល់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកទី ១១
របស់សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (ASEAN) ៕ ដោយ លោក ជីម ណារី
| Tweet |
|
|
|
|
|
|
|
|||||











