គ្មានការដោះលែងជនជាតិថៃទាំង៧រូបនោះទេ

លោក ជីម ណារី AKPភ្នំពេញ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា ជនជាតិថៃទាំង ៧រូបដែលក្នុងនោះមានអ្នកតំណាងរាស្រ្តថៃពីររូប ដែលត្រូវបានកងទ័ពកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ នោះ គឺពុំមានការដោះលែងនោះទេ ទុកឲ្យតុលាការដំណើរការតាមនីតិវិធីធម្មតា ហើយដរាបណាស្ថិតក្នុងនីតិវិធីរបស់តុលាការ រាជរដ្ឋាភិបាល ពុំអាចធ្វើអ្វីបាននោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងដូច្នេះ ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយ ជំនួប ជា មួយឯកឧត្តម កាស៊ីតភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នារសៀលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១០ នៅ ទីស្តីការ ក្រសួងការបរទេស បន្ទាប់ពីឯកឧត្តមអញ្ជើញមកកាន់កម្ពុជា ក្រោយការចាប់ខ្លួនជនជាតិថៃ ទាំង៧រូបនោះ។

ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ជម្រាបឯកឧត្តម កាស៊ីតភីរម្យ ថា ការដែលជនជាតិថៃឆ្លង ចូល មក ទឹកដីកម្ពុជា មិនមែនជាលើកទីមួយនោះទេ គឺជាលើកទី ៣ ដែលលើកទី១ នៅខែ កក្កដា លើកទី ២ នៅខែ កញ្ញា ប៉ុន្តែពេលនោះគេចូលមិនជ្រៅទេ យើងហាមឃាត់គេ ហើយបញ្ជូនគេទៅវិញ។ ប៉ុនែ្តពេល នេះគេ ចូល ដល់ភូមិជោគជ័យ នៅប្រហែល ៤០០ ឫ ៥០០ ម៉ែត្រពីព្រំដែន ហើយអ្នកទាំង ៧នាក់នេះ ចូលមកតាម ច្រក បង្គោលព្រំដែនលេខ ៤៦ ហើយមកដល់ភូមិនេះ មានប្រហែល ១២០០ម៉ែត្រ ។ ដូច្នេះមិន មែនជាការ ដើរ វង្វេងផ្លូវ មិនស្គាល់ព្រំដែននោះទេ គឺមានចេតនាមកដល់ភូមិកម្ពុជា។ ឯកឧត្តមកាស៊ីតភិរម្យ ក៏បានទទួល ស្គាល់ថា មិនដឹងថាគេចូលដល់ភូមិកម្ពុជា ដូច្នេះទេ ហើយខ្ញុំបានជម្រាបថា បញ្ហានេះបានធ្លាក់ ដល់កណ្តាប់ ដៃតុលាការ ទុកឲ្យនីតិវិធីតាមផ្លូវច្បាប់គេដំណើរការទៅ។

ភាគីទាំងពីរក៏បានឯកភាពគ្នាថា ធ្វើម៉េចកុំឲ្យបញ្ហានេះប៉ះពាល់ដល់បញ្ហាផ្សេងទៀតនៃទំនាក់ ទំនង ប្រទេស យើងទាំងពីរ។ ទំនាក់ទំនងយើងបានល្អកន្លងមកនេះ នឹងខិតខំធ្វើឲ្យល្អទៅមុខទៀត ហើយបញ្ហានេះ យើង នឹងដោះស្រាយជាបណ្តើរៗ។

ឯកឧត្តមកាស៊ីតភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ថ្លែងថា ការដែលខ្ញុំមកកាន់កម្ពុជានេះ គឺដើម្បី ជម្រាប ពីការពិតរបស់ភាគីថៃ ហើយពេលនេះ ខ្ញុំក៏គោរពនូវចលនាយុត្តិធម៌ ហើយខ្ញុំក៏មានសំណូម ពរដល់ រដ្ឋា ភិ បាលកម្ពុជា ធ្វើយ៉ាងណាឲ្យចលនានេះខិតខំយ៉ាងរហ័ស ដើម្បីបញ្ចប់បញ្ហានេះ។

ពាក់ព័ន្ធនឹងជំនួបដែលជុំវិញការបាញ់ប្រហារជនជាតិខ្មែរ ដែលឆ្លងដែនចូលទឹកដីថៃនោះឯកឧត្តម កាស៊ីតភិរម្យ ថ្លែងថា ចំពោះយើងខ្ញុំយល់ឃើញថា កងទ័ពនៃប្រទេសយើងទាំងពីរ គេខិតខំបញ្ជៀសនូវ បញ្ហានេះ ហើយបញ្ហាដែលកើតឡើង យើងខ្ញុំយល់ថា ប្រហែលជាពួកចោរនៅតាមព្រំដែន។ ចំពោះប្រជា ជនដែលបានឈានទៅរំលោភទឹកដីគ្នាទៅវិញទៅមក គឺយើងបានឯកភាពគ្នាថា យើងមិនរករឿងទេ ចំពោះ ប្រជាជន ហើយបញ្ហាសំខាន់កងទ័ពនៃប្រទេសយើងទាំងពីរ ក៏មានទំនាក់ទំនងគ្នាជារៀងរហូតមក។ ហើយ ខ្ញុំយល់ឃើញថា ការទំនាស់ទាស់ទែងគ្នារវាងកងកម្លាំងនៃប្រទេសទាំងពីរ គឺថា មិនកើតឡើងទេ ព្រោះថា យើង មានគោលនយោបាយច្បាស់លាស់ជាមួយគ្នា ព្រោះថាការណែនាំដល់កងទ័ពប្រទេសទាំង ពីរ គឺ ច្បាស់លាស់។

គួរបញ្ជាក់ថា ជនជាតិថៃទាំង៧នាក់ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ហើយដែលកាល ពីរ សៀលថ្ងៃទី ៣០ ខែ ធ្នូ ២០១០ ត្រូវបានតុលាការរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះ អាសន្ន នៅពន្ធនា គារ ព្រៃស ក្រោមការចោទប្រកាន់ពីបទចូលតំបន់យោធាក្នុងបំណងទុច្ចរិត និងចូលទឹកដី ខែ្មរដោយ គ្មាន ការ អនុញ្ញាត៕

    Download PDF

Comment on this article