ដើម្បីធានាដល់ការអភិវឌ្ឍជនបទប្រកបដោយប្រសិទ្ធភាព
លោក ជ័យ ភូមិពល AKPភ្នំពេញ
អនុសាសន៍ចំនួន៨ ត្រូវបានដាក់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីបិទសន្និបាតប្រចាំ ឆ្នាំរបស់ក្រសួងអភិវឌ្ឍជនបទកាលពីថ្ងៃទី ២៩ ធ្នូ ដើម្បីធានាដល់ការអភិវឌ្ឍជនបទ ដែលមានការចូលរួម ដ៏ទូលំទូលលាយពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រនិងគម្លាត រវាងទីក្រុងនោះ។
អនុសាសន៍ទាំងនោះរួមមាន ៖
ទី១ ក្រសួងអភិវឌ្ឍជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវខិតខំ ជម្រុញកសាងផ្លូវជនបទ និងស្វែងរកជំនួយហិរញ្ញប្បទាននានា ដើម្បីកែលម្អផ្លូវ ជនបទ ដោយប្តូរមក ក្រាលកៅស៊ូប្រភេទពីរជាន់វិញ ពីព្រោះថា កន្លងមក យើងមានកញ្ចប់ថវិកាសម្រាប់ ថែទាំផ្លូវជនបទ ជាលក្ខណៈខួប និងលក្ខណៈប្រចាំ ក៏ប៉ុន្តែគុណភាពនៃផ្លូវជនបទរបស់យើងនៅតែងាយឆាប់ខូចទៅវិញ ដែលជាហេតុតម្រូវឱ្យយើងចំណាយ ថវិកាយ៉ាងច្រើនលើការជួសជុលឡើងវិញដដែលៗ។
ទី២ ក្រសួងអភិវឌ្ឍជនបទត្រូវបន្តជម្រុញលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាម ផែនការដែលបានកំណត់ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមគោលនយោបាយជាតិ ស្ថិតិ ការផ្គត់ផ្គង់ទឹកជនបទ ដែលបានលើកឡើងថា“មនុស្សគ្រប់រូបត្រូវមានសេវាទឹកស្អាត និងអនាម័យ និងរស់នៅក្នុងបរិស្ថានប្រកបដោយអនាម័យនៅ ឆ្នាំ ២០២៥” និងគោលដៅអភិវឌ្ឍសហសវត្សរ៍កម្ពុជា ដែលបានកំណត់ថា នៅឆ្នាំ ២០១៥ “ប្រជាពលរដ្ឋ៥០%ដែលរស់ នៅតំបន់ជនបទមានសេវាទឹកស្អាត ប្រើប្រាស់ និងប្រជាពលរដ្ឋ ៣០%ដែលរស់នៅតំបន់ជនបទមានសេវាអនាម័យ“ ។
ទី៣ ក្រសួងអភិវឌ្ឍជនបទត្រូវផ្តោតការយកចិត្តទុកដាក់ថែមទៀត លើការងារកំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព ក្នុងនោះមានការពង្រឹងបន្ថែមនូវការដឹកនាំ គ្រប់គ្រងការអភិវឌ្ឍសមត្ថភាព ស្ថាប័នក្រោម ឱវាទ ការបណ្តុះបណ្តាលទាំងមន្ត្រីរាជការ និង ប្រជាជននៅតាមជនបទ តាមរយៈការបង្កើត ឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ឬវិទ្យាស្ថាននៅតាមជនបទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ជាដើម។
ទី៤ ក្រសួងអភិវឌ្ឍជនបទត្រូវបន្តពង្រឹងសមត្ថភាពគណៈកម្មការអភិវឌ្ឍភូមិ តាមរយៈការបណ្តុះ បណ្តាលគ្រូបង្គោលថ្នាក់រាជធានី-ខេត្ត និងក្រុងស្រុកខណ្ឌ។ ទន្ទឹងនេះ ត្រូវយកចិត្តទុកដាក់លើការស្តារ ប្រឡាយ ជួសជុលផ្លូវក្នុងភូមិ ជីកស្រះ ផ្តល់ពូជសត្វ ពូជឈើហូបផ្លែ ពូជគ្រាប់ធញ្ញជាតិនានា និង បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍ និងអង្គការសមាគមនានា ដើម្បីភ្តល់ឥណទានជនបទដល់ ខេត្តដទៃទៀត ក្រៅពីខេត្តគោលដៅដែលបាន និងកំពុងប្រតិបត្តិការ។
ទី៥ ក្រសួងអភិវឌ្ឍជនបទ និង គណៈកម្មការអន្តរក្រសួងត្រូវខិតខំប្រឹងប្រែងបន្តជម្រុញការអភិវឌ្ឍ តំបន់ព្រំដែន ទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯក ជន សង្គមស៊ីវិល និង សប្បុសជននានា ក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនា ស័ម្ពន្ធរូបវន្ត បណ្តាញផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ អគ្គីសនី ការអភិវឌ្ឍកសិកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និងការបង្កើតមុខរបបជូនប្រជាពលរដ្ឋ។
ទី៦ ក្រសួងអភិវឌ្ឍជនបទត្រូវរៀបចំឱ្យមាន និង អនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជនបទ ឯកសារគោលនយោបាយស្តីពីផ្លូវជនបទ គោលការណ៍ណែនាំស្តីពីការលើកកម្ពស់ការ ប្រតិបត្តិអនាម័យតាមសហគមន៍ជនបទ យុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ វិធាននៃការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍភូមិ ព្រមទាំងគោលការណ៍នៃការ ប្រើប្រាស់ទឹកពីទន្លេមេគង្គ និងទន្លេសាប សម្រាប់គោលដៅនៃការអភិវឌ្ឍជនបទ ។ ទី៧ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវ សហការគ្នាក្នុងការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍជនបទ និងកសិកម្ម ការស្រាវជ្រាវនិងសេវាផ្សព្វ ផ្សាយ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនការដាំដុះ តាមរយៈការបង្កើនជំនាញនិង សមត្ថភាពរបស់សហគ្រាសកសិកម្ម និងសហគ្រាសមានមូលដ្ឋានកសិកម្ម ការលើកកម្ពស់ប្រសិទ្ធភាព ប្រព័ន្ធស្រោចស្រពដែលគ្រប់គ្រង និងកាន់កាប់ដោយកសិករ និងការជំរុញសេវាមីក្រូហិរញ្ញវត្ថុជាដើម។
ចំណែកអនុសាសន៍ទី ៨ ដែលជាអនុសាសន៍ចុងក្រោយនោះគឺ ក្រសួងអភិវឌ្ឍជនបទត្រូវរៀបចំ និងកសាងភូមិគំរូសម្រាប់ជនជាតិភាគតិច និងភូមិគំរូដទៃទៀត ដែលមានភាពលេចធ្លោ ឬមានការអនុវត្ត ល្អក្នុងការអភិវឌ្ឍជនបទ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍជនបទ និងការកាត់បន្ថយ ភាពក្រីក្រ ដូចជា តាមរយៈការបង្កើត “ចលនាប្រឡងប្រណាំងភូមិគំរូ”ជាដើម ។
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍជនបទឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលអភិវឌ្ឍជនបទគួរជាទីមោទនៈជាច្រើន ដែលក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ចគ្រប់ប្រភេទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការរៀបចំគោលនយោបាយអភិវឌ្ឍ ការបង្កើតច្បាប់ លិខិតបទដ្ឋាននានាចាំបាច់នានា រួមជាមួយនឹងការរៀបចំយន្តការសម្រាប់សម្របសម្រួល និងដឹកនាំការងារអនុវត្តរាល់ផែនការសកម្មភាពអភិវឌ្ឍទាំងអស់ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍជនបទទូទាំង ប្រទេស។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសូមស្នើដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់ អង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ និងចូលរួមឱ្យបាន ស្រស្រាក់សស្រាំ ដើម្បីធ្វើឱ្យតំបន់ជបទនៅទូទាំងប្រទេសមានកាលានុវត្តភាព និងមានសមត្ថភាពអាច ស្រូបទាញយកអត្ថប្រយោជន៍ពីបរិការណ៍អនុគ្រោះ នៃការអភិវឌ្ឍក្នុងក្របខណ្ឌជាតិ តំបន់ និង ពិភព លោកព្រមទាំងជម្រុញល្បឿន នៃការអភិវឌ្ឍជនបទឱ្យកាន់តែខ្លាំងថែមទៀត សំដៅលើកម្ពស់កម្រិត ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាង ទីក្រុង និងតំបន់ ជនបទនោះ។ សម្តេចតេជោថ្លែងថា ខ្ញុំយល់ថា អង្គសន្និបាតរបស់យើងនាថ្ងៃនេះ មិនត្រឹមតែនាំមកនូវ មេរៀន បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់បន្តអនុវត្តគោលនយោបាយយុទ្ធសាស្ត្រផែនការ សកម្មភាព និងវិធានការនានាឱ្យសម្រេចបានជោគជ័យនាឆ្នាំ ២០១១ ខាងមុខនេះប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាប្រយោជន៍ធ្វើឱ្យតំបន់ជនបទនៅទូទាំងប្រទេស មានការរីកចម្រើនផងដែរ ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំជឿថា កន្លងមកក្រសួងអភិវឌ្ឍជនបទ និងក្រសួង ស្ថាប័ន និង អាជ្ញធរគ្រប់លំដាប់ថ្នាក់បានធ្វើសកម្មភាពជាច្រើន និងសហការគ្នា ដើម្បីប្រើប្រាស់នូវកត្តាផលិតកម្មទាំង ៤ នេះគឺ“ធនធានធម្មជាតិ កម្លាំងពលកម្មមូលធន និងសហគ្រិនភាព”ដើម្បីអភិវឌ្ឍជនបទរបស់យើង និង ទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់មួយកម្រិតរួចទៅហើយ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំយល់ថា ក្នុងចំណោមកត្តាផលិកម្មទាំង ៤ ខាងលើនេះ យើងគួរយកចិត្តទុកដាក់ និង តម្រង់ទិសឱ្យកាន់តែខ្លាំង ក្លាថែមទៀត ជាពិសេស ការកសាងមូលធនបញ្ញា និងការអភិវឌ្ឍ កម្រិត និង ប្រភេទជំនាញវិជ្ជាជីវៈ នៅក្នុងវិស័យអភិវឌ្ឍជនបទ ដូចជា ការបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ឬ វិទ្យាស្ថានអភិវឌ្ឍ ជនបទជាដើម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពីព្រោះថា“ធនធានមនុស្ស គឺជាផ្លូវ គឺជាក្តីសង្ឃឹម និង ជាកោសិកានៃការលូតលាស់”។ សម្តេច ហ៊ុន សែន ថ្លែងថា ការអភិវឌ្ឍជនបទនឹងជួយដល់ការ អភិវឌ្ឍធន ធានមនុស្សវិញ ពោលគឺ“យើងអភិវឌ្ឍមនុស្សដើម្បីជនបទ និងអភិវឌ្ឍជនបទដើម្បីមនុស្សវិញ” ៕
| Tweet |
|
|
|
|
|
|
|
|||||











