ប្រជាពលរដ្ឋភៀសសឹកចំនួន៣.០០០គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

លោក ទិត ស៊្រ AKP ព្រះវិហារ–

ថ្ងៃទី ២៣ ខែកុម្ភៈ ​ឆ្នាំ២០១១ នៅមជ្ឍមណ្ឌលជនភៀសសឹកខេត្តព្រះវិហារ លោកជំទាវ ប៊ុន​ រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀស​សឹក ដែលកំពុងរស់ នៅក្នុងមជ្ឈមណ្ឌល ស្ថិតនៅក្នុងឃុំសង្គមថ្មី ស្រុកគូលែន​ខេត្តព្រះវិហារ ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខ លោកជំទាវបណ្ឌិតប្រធាន និងគណៈប្រតិភូអមដំណើរ​ឯក ឧត្តម​ អ៊ុំ ម៉ារ៉ា គណៈអភិបាលខេត្តបានមានមតិស្វាគមន៍ ដោយមានប្រសាសន៍ក្នុងនាមឲ្យប្រជាពលរដ្ឋ​ភៀសសឹក​​ និង អាជ្ញាធរ​ខេត្តគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ដល់លោក​ជំទាវ ​បណ្ឌិតប្រធាន និង គណៈប្រតិភូអមដំណើរដែលបាននាំយកអំណោយ មកចែកជូនដល់ជនភៀសសឹក ដែលរត់គេចពីសង្គ្រាម ដែលបង្កឡើងដោយកងទ័ពសៀម កាលពីថ្ងៃទី ៤ និងដល់ថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០១១កន្លងទៅនេះ បានបង្ខំ ឲ្យប្រជាពលរដ្ឋគ្រួសារកងទ័ព ទទួលរងនូវការភិតភ័យ ព្រួយបារម្ភ សំរេច​ចិត្តចាកចេញពីផ្ទះសំបែង ភូមិឋាន របស់បងប្អូនមកពីតំបន់ស្វាយជ្រុំ ភូមិធម្មជាតិ សមេ្តចតេជោ តំបន់​ស្រអែម​ ឈើទាលគង បុស្សស្បូវ សែន ជ័យ គ្រួសារកងទ័ព គ្រួសារកងពលតូចអន្តរាគមន៍លេខ៧ លេខ៨​ ធ្វើដំណើរមកកាន់ទីតាំងមាន សុវត្ថិភាព ដោយបានយកចិត្តទុកដាក់ ថែទាំថ្ងៃដំបូង ពីអា​ជ្ញាធរ ខេត្ត និងសាខាកាកបាទក្រហមខេត្ត ។

នៅពីថ្ងៃទី ៥ដល់ថ្ងៃទី ១១អាជ្ញាធរខេត្តបានរៀបចំទីតាំងសំរាប់ទទួលជនភៀសខ្លួនរហូតបាន៧ កន្លែង តែដោយទទួលអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តសំរេច​ជ្រើសរើស ទីតាំងមួយកន្លែង ដើម្បីងាយស្រួលគ្រប់គ្រង និងថែទាំបានល្អ ។​ មជ្ឍមណ្ឌលភៀសសឹកថ្មី នេះ អាជ្ញាធរខេត្ត ទទួលសហការ និងការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងឯកឧត្តម លី ធុច និងបានការជួយ​ជ្រោម​ជ្រែងពីឯកឧត្តម ប៉ា សុជាតិ វង្ស​ តំណាងឲ្យលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរ ទស្សន៍បាយ័ន ព្រមទាំងបានការជួយផ្តល់ សេវាសុខភាពពីក្រសួងសុខាភិបាល បានផ្តល់សេវាអនាម័យ ទឹកស្អាតរបស់អង្គការការីតាល ដោយមានការ សំរប​សំរួលបច្ចេកទេសពីក្រសួងអភិវឌ្ឍន៍ជនបទ​ និង សម្ភារៈប្រើប្រាស់បង្គន់អនាម័យដោយអង្គការទស្សនៈ​ពិភពលោកផងដែរ ។ ប្រជាពលរដ្ឋភៀសសឹក ភាគច្រើនបានស្នាក់នៅក្នុងផ្ទះសុវត្ថិភាពចំនួន ៨០​ក្នុង នោះ មាន២០ផ្ទះបានមកពីមូលនិធិបាយ័ន និង ទទួលបានការព្យាបាលពីគ្រូពេទ្យ និងចាក់ថ្នាំបង្ការសំ​រាប់មាតា និងទារកកុមារ និងសុវត្ថិភាព អនាម័យ សន្តិសុខ និងទទួលបានសេវាអប់រំកំសាន្ត សំរាប់កុមារ យ៉ាងល្អ ប្រសើរថែមទៀត ។

លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រ កបដោយ អត្ថន័យ ដ៏ខ្ពង់ខ្ពស់ជាប្រវត្តិសាស្រ្តទៅកាន់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងមជ្ឍមណ្ឌល ភៀសសឹក ខេត្តព្រះវិហារនេះ ថាលោកជំទាវមកថ្ងៃនេះក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចតេជោ ក្នុងសកម្មភាពមនុស្សធម៌ ក្នុងគ្រាមានអាសន្នមា​នទឹកចិត្តអាណិតអាសូ និងខ្វល់ខ្វាយ​ ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងមានទុក្ខលំបាកដោយសារ ចោរ​សៀមឈ្លានពានវាត ទីចង់បានប្រាសាទព្រះវិហារខ្មែរយើង ។ មិនតែប៉ុណ្ណោះ លោកជំទាវ និង សម្តេចតេជោនាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូម កុំឆ្លងដែនចូលទឹកដីសៀមដោយខុស ច្បាប់ទៅរកការងារធ្វើ ព្រោះចោរសៀមនេះ វាចាប់ធ្វើបាបដាក់ គុកច្រវ៉ាក់ ឬ បាត់បង់ជីវិតក៏មាន លោកជំទាវ ក៏បានលើកឡើងពីការងារនៅក្នុងស្រុកខ្មែរយើង មាន ច្រើនណាស់ សូមកុំផ្សងគ្រោះថ្នាក់ឆ្លងដែនចូលទឹកដី គេទៀត ។ មិនតែប៉ុណ្ណោះលោកជំទាវបណ្ឌិត ក៏បានកោតសរ​សើរដល់វរៈភាពកងយោធពលខេមរភូមិន្ទ ដ៏ខ្ពង់ខ្ពស់ ហ៊ានលះបង់សាច់ស្រស់ ឈាម ស្រស់ ដើម្បីការ ពារបូរណភាពទឹកដី មិនឲ្យចោរឈ្លានពាន យក បានទោះបីមួយមីល្លីម៉ែត្រ ក៏មិនបាន ។ តមក​លោកជំទាវក៏បាននាំយកអំណោយមកចែកជូនដល់ជន ភៀស សឹកចំនួន៣.០០០គ្រួសារ ក្នុងមួយ គ្រួសារទទួល បានក្រណាត់សមួយដុំ និងប្រាក់២ម៉ឺនរៀល​​ ដែលជា អំណោយរបស់លោកជំទាវបណ្ឌិត និងសម្តេចតេជោ និង​ថវិកា១ម៉ឺនរៀលទៀតរបស់កាកបាទក្រហមកម្ពុជា ដូច្នេះមួយគ្រួសារទទួល បានថវិកា ៣ម៉ឺនរៀល ក្រណាត់ស១ដុំ ត្រី១០កំប៉ុង អំបិល៥គ.ក្រ ប៊ីចេង ០,៥គ.ក្រ អង្ករ៥០គ.ក្រ ឆៃប៉ូវ៥គ.ក្រ ទឹកសុទ្ធ១កេស​ផងដែ ៕

    Download PDF

Comment on this article