ក្រុងសេអ៊ូលស្នើដល់ក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ

ប្រែដោយលោក ខាន់ សុឃន AKP ភ្នំពេញ—

តាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក លីម្យុង បាក់ បានស្នើកាលពីថ្ងៃទី២៤ កុម្ភៈដល់កូរ៉េខាងជើងឲ្យបញ្ឈប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដោយគូស បញ្ជាក់ថា វាជាការចាំបាច់ត្រូវធានា ដល់សន្តិភាពនិងស្ថេរភាព នៅអាស៊ីភាគឥសាន​។

ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកកម្មវិធិនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ព្រមទាំងដល់នយោបាយអន្តរជាតិអំពីការមិនរីកសាយនុយក្លេអ៊ែរ ។

លោកបានអំពាវនាវដល់កូរ៉េខាងជើងឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរខ្លួនហើយបើកទ្វារទៅរកពិភពខាងក្រៅ ។

ក្នុងឱកាសនៃសន្នីសីទអន្តរជាតិមួយនៅក្រុងសេអ៊ូលលោក លី ថ្លែងថា កូរ៉េខាងជើងត្រូវបំផ្លាញ ចោលអាវុធនុយក្លេអ៊ែរ ហើយដើរលើផ្លូវនៃការ បើកចំហនិងការអភិវឌ្ឍន៍ដូចដែលចិននិងវៀតណាម បានធ្វើ ។ នេះគឺជាផ្លូវតែមួយគត់ដែលក្រុងព្យុងយ៉ាង ត្រូវដើរដើម្បីផលប្រយោជន៍ ផ្ទាល់របស់ខ្លួន ។

លោកបន្តថា ដើម្បីឲ្យសំរេចបានការបង្រួបបង្រួមកូរ៉េទាំង២ ភាគីទាំង២ ត្រូវបញ្ឈប់ការប្រឈមមុខដាក់ គ្នាខាងយោធាហើយបង្កើតកិច្ចសហប្រតិបត្តិការមួយ ដែលនឹងអាចកសាងរបបសន្តិភាពមួយនិង សហគមន៍សេដ្ឋ កិច្ចមួយ ៕

    Download PDF

Comment on this article