ទូតថ្មីម៉ុងហ្គោលីអះអាងពីការបន្តសហប្រតិបត្តិការ ជាមួយកម្ពុជាឲ្យកាន់ប្រសើរថែមទៀត

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២–

លោក ទូវដេនដច ចាណាបាហ្សា (Tuvdendorj Janabazar) ឯកអគ្គរដ្ឋទូតថ្មីប្រទេស ម៉ុងហ្គោលី បានសម្តែងនូវកិត្តិយសណាស់ ដោយ បានរដ្ឋាភិបាលម៉ុងហ្គោលីតែងតាំងលោកជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ហើយការងារដែលលោកត្រូវបំពេញនោះ គឺធ្វើយ៉ាងណាដើម្បីឲ្យ កិច្ចសហប្រតិបត្តិការ ក៏ដូចទំនាក់ទំនងមិត្តភាពរវាងម៉ុងហ្គោលី និងកម្ពុជាបានកាន់តែប្រសើរឡើងថែមទៀត ព្រោះរយៈកាលកន្លងមក ម៉ុងហ្គោលីពុំទាន់មានទំនាក់ទំនងអ្វីធំដុំដូចកាលពីទសវត្សរ៍ឆ្នាំ៨០នោះទេ ។

នៅក្នុងជំនួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២នេះនៅវិមានរដ្ឋសភា ឯកឧត្តមឯកអគ្គរាជទូតថ្មីរូបនេះ បានបន្តថា សម្តេចបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅម៉ុងហ្គោលីកាលសម្តេចនៅជាក្រុមប្រឹក្សារដ្ឋនាឆ្នាំ ១៩៨១ ហើយជាង២ឆ្នាំមកនេះ សម្តេចបានដឹកនាំគណៈប្រតិភូទៅចូលរួម APPF នៅម៉ុងហ្គោលីទៀត ដែលបង្ហាញពីទំនាក់ទំនងល្អរវាង ប្រទេសទាំងពីរនាពេលកន្លងមក ។ បញ្ហាដែលលោកត្រូវធ្វើបន្តនោះ ទីមួយគឺលោកសំណូមពរ សម្តេចប្រធានរដ្ឋសភាផ្តល់ការគាំទ្រ ដើម្បីឲ្យស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរមានទំនាក់ទំនងល្អ ថែមទៀត មាន ដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក  ដោយលោកបាន បញ្ជាក់ជូនសម្តេចថា ម៉ុងហ្គោលីទើបតែបោះឆ្នោតហើយនៅខែ មករា ឆ្នាំ២០១២ ហើយបច្ចុប្បន្នម៉ុងហ្គោលីមានទាំងក្បាលមាស៊ីនដឹកនាំរបស់ស្ថាប័ន នីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង មានក្រុមមិត្តភាពសភាម៉ុងហ្គោលី-កម្ពុជាផងដែរ ដូច្នេះលោកមានបំណងធ្វើយ៉ាងណាចង់ឲ្យមានការរៀបចំជាពិធីសារដើម្បីឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងម៉ុងហ្គោលី និងកម្ពុជា ឲ្យមានដំណើរការបានល្អថែមទៀត។ ទីពីរលោកទូតក៏បានបញ្ជាក់ជូនសម្តេចប្រធានផងដែរថា កន្លង មកម៉ុងហ្គោលី ធ្លាប់បានផ្តល់ជាអាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយលោកទូតបាន សន្យាថា នឹងធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលម៉ុងហ្គោលីបន្តផ្តល់អាហារូបករណ៍ពីរកន្លែង ដល់និស្សិតកម្ពុជាក្នុងមួយឆ្នាំ បើនិស្សិតកម្ពុជាណាមានចំណាប់អារម្មណ៍ចង់ទៅរៀននៅម៉ុងហ្គោលី ដោយ លោកបានអះអាងថា គុណភាពអប់រំនៅម៉ុងហ្គោលីសព្វថ្ងៃនេះក៏មិនជាអន់ប៉ុន្មានដែរ អាចស្មើនឹងបណ្តាប្រទេសជឿនលឿនលើសកលលោក។

ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុង នាមសម្តេចផ្ទាល់សូមសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តម ទូវដេនដច ចាណាបាហ្សា ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រ ទេសម៉ុងហ្គោលីប្រចាំកម្ពុជា ដែលឆ្លៀតឱកាសដ៏មមាញឹកចូលជួបសម្តែងការគួរសមចំពោះរូបសម្តេច ផ្ទាល់នាពេលនេះ បន្ទាប់ពីលោក បានថ្វាយសារតាំងចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជាកាល ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២មកនេះ។ សម្តេចមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកម្មការទូត របស់លោកនៅកម្ពុជានេះ ទំនាក់ទំនងការទូតក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស ទាំងពីរ នឹងត្រូវ បានពង្រឹងពង្រីកឲ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះសម្តេចក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតក្នុងនាមប្រជាជនកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាល ម៉ុងហ្គោលី ដែលបានជួយឧបត្ថម្ថដល់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាង សុខសន្តិភាព ការ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិកម្ពុជាឡើងវិញ។

ឆ្លើយតបនឹងសំណូមពររបស់ឯកអគ្គរដ្ឋទូតថ្មីម៉ុងហ្គោលី សម្តេចក៏បានឯកភាពនូវសំណូពរនេះ ហើយសម្តេចបានទុកឲ្យកិច្ចការនេះទៅ អគ្គលេខាធិការដ្ខានរដ្ឋសភាកម្ពុជាធ្វើទំនាក់ទំនង នឹង លេខាធិការដ្ឋានរដ្ឋសភាប្រទេសម៉ុងហ្គោលី ដើម្បីជំរុញការងារនេះឲ្យបានឆាប់ ដើ ម្បីឈានទៅដល់ការចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.