រដ្ឋមន្រ្តីព័ត៌មានអំពាវនាវឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
AKP ភ្នំពេញថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២–
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទោះបីជាគណបក្សនយោបាយណាក៏ ដោយ ត្រូវទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះ បោះឆ្នោតក្នុងបញ្ជីឲ្យបានគ្រប់គ្នា ដែលត្រូវបិទផ្សាយដោយគណៈកម្មាធិការជាតិរៀបចំ ការបោះ ឆ្នោត ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ ក្នុងខណៈដែលការ បោះឆ្នោតសកលជិតឈានមកដល់ នោះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងដូច្នេះក្នុងខណៈដែលឯកឧត្តម និងលោកជំទាវ អញ្ជើញចូលរួមបុណ្យឆ្លងសាលាឆទានមួយខ្នង និងសម្ពោធផ្លូវបេតុងមួយខ្សែប្រវែង ៤៧៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំ ពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១២។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ប្រធានភូមិ និងប្រធានឃុំ ត្រូវរម្លឹកបងប្អូនយើង មើលឈ្មោះឲ្យបានត្រឹមត្រូវ ហើយបើគាត់រវល់ មិនបានទៅបោះឆ្នោតវាជារឿងមួយ ប៉ុន្តែបើគ្មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតវារឿងមួយទៀត។ នេះជាកាតព្វកិច្ចរបស់ប្រធានភូមិ ប្រធានឃុំ ដែល ត្រូវជំរុញឲ្យប្រជាពលរដ្ឋ ពិនិត្យមើលឡើងវិញអំពីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ពីព្រោះ យើងដឹងហើយថា ការបោះឆ្នោត ៥ឆ្នាំ ធ្វើម្តង ឥឡូវយើងបោះឆ្នោតឃុំ សង្កាត់ រួចហើយ ដោយឃុំជាអ្នកធ្វើការផ្ទាល់ជាមួយប្រជាជន។
ប៉ុន្តែការបោះឆ្នោតតំណាងរាស្រ្តកាន់តែសំខាន់ ទៅទៀត ពីព្រោះនេះយើងត្រូវការរើសរាជរដ្ឋាភិបាល យើងត្រូវការគណបក្សដែលមាន កម្លាំង អ្នកចេះដឹងច្រើន ដើម្បីបម្រើការងារកសាងប្រទេសជាតិ។ ដូច្នេះ ការបោះឆ្នោតរើសតំណាង រាស្រ្តនេះ គឺការរើសគណបក្ស ដែល មានមនុស្សគ្រប់គ្រាន់ ខួរក្បាលគ្រប់គ្រាន់ ដើម្បីដឹកនំា ប្រទេសបញ្ចៀសសង្រ្គាមផង រក្សាសន្តិភាពផង កសាងប្រទេសជាតិឲ្យមានការ អភិវឌ្ឍផងនេះ ជាការចាំបាច់ ដូចនេះ សូមអ៊ុំប្រុស អ៊ុំស្រី បងប្អូន ក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាង ណាឲ្យបានទៅបោះឆ្នោត គ្រប់ៗគ្នា។
ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ថ្វីត្បិតតែការបោះឆ្នោតឃុំ ឆ្នាំនេះ មានចំនួនតិច ប៉ុន្តែមិនមែនមានន័យថា ប្រជាធិបតេយ្យស្រុកខ្មែរធ្លាក់ចុះ នោះទេ ប៉ុន្តែដោយបងប្អូនប្រជាជនខ្លះគាត់មានការងារធ្វើ គាត់នៅក្រៅខេត្ត ឬក៏អ្នកមកធ្វើការនៅភ្នំពេញ មិនបានមកបោះឆ្នោតនៅខេត្ត ។ល។ នេះគឺជាសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋមិនមែនជាការ បង្ខំនោះទេ។
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មានក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ស្រុកកោះសូទិននេះ ព្រោះជាស្រុក ដែល សម្តេចមានអនុស្សាវរីយ៍ច្រើន ហេតុនេះហើយ បានជាស្រុកកោះសូទិនមានការអភិវឌ្ឍនូវ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដូចជា ផ្លូវ ស្ពាន សាលារៀន។ល។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសាលាឆទាន និងសម្ពោធផ្លូវបេតុងនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវក៏បាន ប្រគេនទេយ្យទាន និងរាប់បាត្រ ប្រគេនព្រះសង្ឃ ព្រមទាំងបានប្រគេនទូរទស្សន៍សម្រាប់ដាក់សាលាឆទាន និងផ្តល់សម្ភារថវិកាមួយចំ នួនទៀត សម្រាប់អភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុកកោះសូទិននេះផងដែរ៕ ដោយលោក ជឹម ណារី
| Tweet |
|
|
|
|
|
|
|
|||||











