កំណែទម្រង់គឺជាការស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា

AKPភ្នំពេញ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២—

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានថ្លែងនៅក្នុងអង្គវិបស្សនាប្រចាំឆ្នាំ លើកទី៦ នៃកម្មវិធី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញថា កំណែទម្រង់គឺជាការស្លាប់រស់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវចាត់ទុកថា កំណទម្រង់គឺជាការងារប្រចាំថ្ងៃរបស់យើង ដើម្បីបន្តកែលម្អពង្រឹងបង្កើន និងពង្រីក សមត្ថភាពលទ្ធភាព និងសក្តានុពលភាពរបស់យើង ក្នុងគោលដៅរក្សាឲ្យបានជាមួយនឹងការវិវត្តន៍ នៃ សង្គមសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា នៅក្នុងដំណាក់កាលនីមួយៗ នៃការអនុវត្តកម្មវិធីកែទម្រង់ ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល៤ឆ្នាំ ( ឆ្នាំ២០០៥-២០០៨ ) ដែលបានកែប្រែស្ថានភាព នៃការ អនុវត្តថវិកាពីភាពរ៉ាំរ៉ៃ នៃឱនភាពសាច់ប្រាក់មកជាមានអតិរេកសាច់ប្រាក់ និង ពីភាពដែលមិនអាចទូទាត់ និងបើកផ្តល់បានទាន់ពេលវេលា មកអាចព្យាករណ៍បាន និងធានាបានការទូទាត់ និងបើកផ្តល់បានទាន់ ពេលវេលា។ ជាក់ស្តែងការព្យាករណ៍ចំណូល និងការគ្រោង ចំណាយកាន់តែបានសុក្រឹតដែលធ្វើឲ្យការ អនុវត្តចំណូល និងចំណាយកាន់តែសម្រេចបានយ៉ាងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺចំណូលប្រ ចាំឆ្នាំភាគច្រើនសម្រេចបានតាមគោលដៅនៃកំណើន០,៥ភាគរយនៃផលិតផលសរុបក្នុងស្រុក និងភាគ ច្រើនតែងតែអនុវត្តបានតាមច្បាប់កំណត់ ហើយក៏មិនដែលលើស ឬខ្វះច្រើនជាង៥%នៃច្បាប់កំណត់នោះ ទេ។ រីឯការអនុវត្តចំណាយវិញក៏តែងតែត្រូវបានរក្សាឲ្យនៅត្រឹមច្បាប់កំណត់ ទោះជាឱនភាពថវិកាសរុប ត្រូវបានកើនឡើងដល់ជាង៨ភាគរយ នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ ហើយឆ្នាំ ២០១១ ធ្លាក់មកនៅត្រឹមប្រមាណ៧ភាគរយ នៃផលិតផលសរុបក្នុងស្រុក និងឆ្នាំ២០១២ និងឆ្នាំ២០១៣ នឹងនៅត្រឹមប្រមាណ៦ភាគរយ នៃផលិតផលសរុបក្នុងស្រុកក៏ដោយ ក៏ចំណាយចរន្តនៅតែត្រូវបានរក្សា ក្នុងកម្រិតត្បិតត្បៀត និងសន្សំសំចៃ ដើម្បីរក្សាអតិរេកចរន្តជានិច្ច។
 ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បទពិសោធន៍ជាអន្តរជាតិព្រមទាំងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីសារសំខាន់នៃការពង្រីក ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែលកាន់តែមានទំនាក់ទំនងទៅវិញទៅមកយ៉ាងជិតសិ្នទ្ធទៅ នឹងហិរញ្ញវត្ថុឯកជនជាតិ ហិរញ្ញវត្ថុឯកជនអន្តរជាតិ និងហិរញ្ញវត្ថុសាធារណៈអន្តរជាតិ ។ ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរខាង លើនេះ គឺពិតជាបានមកដោយសារតែកម្ពុជាមានចក្ខុវិស័យ មានគោលនយោបាយត្រឹមត្រូវ មានយន្តការ អប្បមាទជាប្រចាំ និងបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំង បានធ្វើកំណែទម្រង់សមស្របលើគ្រប់វិស័យទៀតផង។

 ទោះជាយ៉ាងណាយើងក៏ទទួលស្គាល់ជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈ របស់ យើងនៅមានលក្ខណវិមជ្ឈការខ្ពស់ និងតម្រូវឲ្យមានការបង្កើនតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព បន្ថែមទៀត ដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើការងារនេះយ៉ាងសកម្ម ពិសេសតាមរយៈកំណែទម្រង់ ៣ដែលត្រូវដើរទន្ទឹមគ្នា និងប្រកបដោយសង្គតិភាព និងគ្នានោះគឺកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ពិតណាស់ ថា យើងមានយន្តការដឹកនាំគ្រប់គ្រង និងសម្របសម្រួលរវាងកំណែទម្រង់ទាំង៣រួចហើយ តាមរយៈក្រុម ប្រឹក្សាកំណែទម្រង់រដ្ឋ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានសមាជិកមកពីគ្រប់ស្ថាប័ន។

 
 ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្ត ឲ្យមានការពិនិត្យពិភាក្សាបន្ថែមទៀត លើការ ធានា សង្គមភាព និងការដើរទន្ទឹមគ្នានៃកំណែទម្រង់ទាំង៣នេះ ដើម្បីឲ្យការអនុវត្តប្រកបដោយភាពស័ក្តិ សិទ្ធិ ប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមគោលដៅរៀងៗខ្លួន ក្នុងគោលបំណងឆ្ពោះទៅបង្កើត តម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈ៕

 ដោយលោក  ជឹម ណារី

    Download PDF

Comments are closed.