មន្រ្តីសង្ឃជាន់ខ្ពស់រំលឹកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទពីការពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២—
 សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល ព្រះអនុគណៈខណ្ឌចំការមន និងជាព្រះចៅអធិការវត្ត លង្កា រាជធានីភ្នំពេញ មានសង្ឃដីការំឭកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងឲ្យនិមន្ត និងអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ទៅតាមការអំពាវ នាវរបស់ប្រមុខរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ដើម្បីត្រៀមលក្ខណបោះឆ្នោតសកលជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខទៅតាមឆន្ទៈរបស់ខ្លួនឲ្យបានល្អ។

 សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល បានអំពាវនាវនេះ នៅក្នុងពិធីប្រកាសតំណែងព្រះភិក្ខុ ទូច ម៉ៃ ( នាមឆាយាសុសំវុត្តោ ) ព្រះជន្ម២៧ឆ្នាំ មុខងារបច្ចុប្បន្នជាលេខាធិការវត្ត ឲ្យឡើងតំណែងជាព្រះគ្រូសូត្រស្តាំ វត្តមហាមន្ត្រី តាមប្រកាសនីប័ត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជាដែលបោះត្រា និងចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនាជំនួសភិក្ខុសង្ឃព្រះនាម ប្រុក ស៊ុយ ដែលលាចាកសិក្ខាបទទៅរស់នៅសហរដ្ឋអាមេរិក។

 

 សម្តេចព្រះមហារិយវង្ស សៅរ៍ ច័ន្ទថុល ក៏មានសង្ឃដីកា ឲ្យព្រះសង្ឃនៅក្នុងវត្តមហាមន្ត្រីទាំងអស់ គោរពវិន័យ ជាសង្ឃឲ្យបានត្រឹមត្រូវ តាមព្រះពុទ្ធសាសនា ចេះការពារសន្សំនូវសេចក្តីសុខ និងចេះសហការការងារ នៅក្នុងវត្តអារាម ហើយខិតខំព្យាយាមរៀនសូត្រធម៌វិន័យ បង្កើនចំណេះដឹង ដើម្បីលើក កម្ពស់វិស័យ ព្រះពុទ្ធសាសនារបស់យើង។ សម្តេចព្រះមហាអរិយវង្សមានសង្ឃដីកាបញ្ជាក់ថា សំខាន់ធ្វើ ជាមន្ត្រីសង្ឃ ជាអ្នកដឹកនាំគេត្រូវចេះសម្របសម្រួល ហើយហ៊ានទទួលខុសត្រូវ ចេះអប់រំគ្នា កុំប្រកាន់កំហុសអូសដំណើរ បើរិះគន់គ្នា ដើម្បីលើកស្ទួយ ដើម្បីស្ថាបនា ជៀសវាងការច្រណែននិន្ទាឈ្នានិះគ្នា ប្រ កាន់បក្សពួកនៅក្នុងវត្ត អារាម បង្កឲ្យមានជម្លោះផ្ទៃក្នុងវត្ត និងធ្វើឲ្យខូចឈ្មោះដល់ព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋ។
 ព្រះភិក្ខុសង្ឃ ទូច ម៉ៃ ក្នុងនាមមន្ត្រីសង្ឃមានសង្ឃដីកាប្តេជ្ញាថា បើទោះព្រះអង្គនៅវ័យក្មេង ហើយនៅក្នុងវត្ត មហាមន្ត្រីសព្វថ្ងៃ មានព្រះសង្ឃច្រើនរហូតដល់៤២៨អង្គ មានសិស្សនិស្សិតស្នាក់នៅដល់ទៅ ៣៦៧នាក់ សរុបជិត១.០០០អង្គនាក់ និងមានញាតិញោមដែលអញ្ជើញមកធ្វើបុណ្យក្នុងវត្តនេះជាច្រើន ទៀតប្រាកដ ធ្វើឲ្យមានការខ្វះចន្លោះ ដូច្នេះបើសិនជាមានការខ្វះចន្លោះត្រង់ប្រការណាសំណូមពរ ឲ្យគ្រប់ ព្រះអង្គដែលមាន បទពិសោធន៍ជួយណែនាំ បើមានបញ្ហាអ្វីមិនប្រក្រតី សូមព្រះអង្គជួបជាមួយថ្នាក់ដឹកនាំ វត្ត ដើម្បីជជែកគ្នា រកចំណុចរីក ចម្រើនទាំងអស់គ្នាសម្រាប់ជាប្រយោជន៍សាសនា និងសម្រាប់វត្តមហា មន្ត្រីជាវត្តរបស់យើងទាំងអស់គ្នា៕ 

ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.