ឯកឧត្តម ខៀវ កាញារីទ្ធ បំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីព័ត៌មានខេត្តបាត់ដំបង និងពោធិ៍សាត់

AKPខេត្តបាត់ដំបង ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២—

 
 នៅក្នុងឱកាសបំពេញបេសកកម្មការងារនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបងនាចុងសប្តាហ៍នេះ ឯក ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែសីហា ២០១២ នៅ ក្នុងទីតាំងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សា ខេត្ត បាត់ដំបង និងលោក ស៊ុន ហេង អភិបាលរងនៃគណៈអភិបាល ខេត្តបាត់ដំបង ផងដែរ។
 លោក គ្រី ចំរើន ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានថ្លែងថាបច្ចុប្បន្នខេត្តបាត់ដំបងមានស្ថានីយ៍ វិទ្យុ FM ឯកជនចំនួន១៨ស្ថានីយ៍ និងវិទ្យុ FMជាតិចំការចេកខេត្តបាត់ដំបង ស្ថានីយ៍ទូរទស្សន៍ជាតិខេត្ត បាត់ដំបង និងទូរទស្សន៍ខ្សែកាបឯកជនមានចំនួ២ក្រុមហ៊ុន។ លោកប្រធានមន្ទីរព័ត៌មាន បានជម្រាបផង ដែរថា បច្ចុប្បន្ននេះមន្ទីរព័ត៌មានខេត្ត ជួបការលំបាកលើបញ្ហាធនធានមនុស្ស ដោយសារមន្ត្រីចាស់ៗ ចូល និវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ឯក្របខ័ណ្ឌថ្មីក៏ក្រសួង ពុំទាន់មានវិធានការរើសមន្ត្រីថ្មីបំ ពេញបន្ថែមឲ្យបានសមស្របនៅឡើយ។ ដូច្នេះសម្រាប់ឆ្នាំបន្ត មន្ទីរព័ត៌មានបានរៀបចំយុទ្ធសាស្រ្តអាទិ ភាព ដូចជាការរៀបចំបណ្តាញចរន្តអគ្គិសនីរបស់ស្ថានីយ៍ទូរទស្សន៍ ឲ្យបានល្អប្រសើរឡើងវិញ និងរៀប ចំបង្កើតប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា ខេត្តបាត់ដំបងតាមរយៈខ្សែកាបរស្មីក្រុងបាត់ដំបង ដើម្បីបម្រើជូនប្រ ជាពលរដ្ឋឲ្យបានទាន់ពេលវេលា តាមទិសស្លោករបស់ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាន នៅ ទី ណា កន្លែងណាក៏បាន។

 លោកអភិបាលរង ស៊ុន ហេង បានលើកឡើងថា វិស័យព័ត៌មានមានភាពរីកចម្រើនឆាប់រហ័ស នាពេល បច្ចុប្បន្ននេះ ដែលធ្វើឲ្យមានសារប្រយោជន៍សម្រាប់បំពេញការងារតាមស្ថាប័ននីមួយៗ និងការ ងារផ្ទាល់ខ្លួន ព្រោះការទទួលបានព័ត៌មានដែលមានភាពជាក់លាក់ និងធ្វើឲ្យយើងសម្រេចចិត្តអនុវត្តការ ងារបានត្រឹមត្រូវ។
 ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការកោតសរសើរ ចំពោះមន្រ្តីរាជការនៃមន្ទីរព័ត៌ មានទាំងអស់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ដើម្បីបម្រើប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន ចំណេះដឹងស្វែងយល់ អំពីការអប់រំសុខភាព និងការកម្សាន្តផ្សេងៗ។ ឯកឧត្តមរដ្ឋមន្រ្តីបានទទួលស្គាល់ថា មន្ទីរព័ត៌មាននៅខ្វះខាត ធនធានមនុស្សសម្រាប់បំពេញកិច្ចការងារ ប៉ុន្តែក្រសួងព័ត៌មានជាជំហានៗនឹង ជ្រើសរើសមន្ត្រីដែលមាន សមត្ថភាព ហើយសម្រាប់មន្ត្រីចាស់ បន្តបណ្តុះបណ្តាលឲ្យបង្កើនសមត្ថភាព បន្ថែម ដើម្បីបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ លើការងារព័ត៌មានណាស់ ដោយបានបង្កើតឲ្យមានមន្ត្រីព័ត៌មាននៅគ្រប់រាជ ធានី ខេត្ត ក្រុង ដើម្បីផ្តល់ព័ត៌មាន និងឆ្លើយតបរាល់សំណួរ ដែលប្រជាពលរដ្ឋចង់ដឹងគ្រប់ពេលទាំងអស់ ព្រោះថាសិទ្ធិបញ្ចេញមតិ និងសិទ្ធិ សេរីភាពសារព័ត៌មាន គឺជាសិទ្ធិរបស់មនុស្សទូទៅ មិនមែនសម្រាប់តែ អ្នកកាសែតនោះទេ។

 ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការនៃមន្ទីរព័ត៌ មានខេត្តបាត់ ដំបង និងខេត្តពោធិ៍សាត់ចំនួន១៥រូបផងដែរ។ គ្រឿងឥស្សរិយយសដែលបំពាក់នាពេល នោះរួមមាន មេដាយ មុនីសារាភ័ណ្ឌថ្នាក់មហាសេនា១រូប ថ្នាក់សេនា១រូប ថ្នាក់អស្សរិទ្ធ២រូប មេដាយការ ងារ២រូប មេដាយប្រាក់៥រូប និងមេដាយសំរិទ្ធ ៤រូប៕

ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.