បទវិចារណកថា៖ មេរៀនសម្រាប់ក្រុមប្រឆាំងផ្កាប់មុខ៖
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២—
រហូតមកដល់ពេលនេះហើយ នៅតែពួកជនមួយក្តាប់តូចមិនព្រមយល់ មានភ្នែកតែមិនព្រមមើល
និងមានត្រចៀកតែមិនព្រមស្តាប់ ឬមិនខ្វល់ពីឫសគល់នៃបញ្ហាតថភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពគតិយុត្ត ស្ថានភាពសេដ្ឋកិច្ចសង្គម នយោបាយការទូត និងសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាសេចក្តីសុខសុភមង្គល ផ្ទាល់ខ្លួន ដើម្បីរំដោះ និងសង្គ្រោះជាតិស្ថាបនាជាតិឡើងវិញពីគំនរផេះផង់ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃនេះ។ទន្ទឹមនឹងសមិទ្ធផលខាងលើ រាជរដ្ឋាភិបាលក្រោមការដឹក នាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំតស៊ូដោះ ស្រាយ និងបានធ្វើឲ្យប្រទេសដែលមានភូមិផងរបងជាមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លក្ខខណ្ឌគតិយុត្ត គោលនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ និងភាពប៉ិនប្រសព្វ។ វាជាការពិតណាស់នៅពេលដែលនិយាយពីលក្ខខណ្ឌ ប្រវត្តិសាស្ត្រ និងកេរ្តិ៍ដំណែល យើងមិនអាចរំលងអំពីការបន្សល់ទុករបស់អាណានិគមនិយមបារាំង និង ស្នាមព្រះហស្តរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបានខិតខំ ត្រួស ត្រាយ ដើម្បីកូនខ្មែរជំនាន់ក្រោយ ក្នុងគោលដៅកសាងព្រំដែនមួយដែលប្រកដោយសន្តិភាព សន្តិ សុខ និងការអភិវឌ្ឍ ជៀសវាងបានសង្គ្រាម អសន្តិសុខតាមបណ្តោយព្រំដែន និងជាពិសេសការយក បញ្ហាព្រំដែន ធ្វើជាប្រធានបទនយោបាយ និងការដុតបញ្ឆេះមហាជនឲ្យមានការយល់ច្រឡំ។
ក៏ប៉ុន្តែអ្វីៗវាបានបង្ហាញយ៉ាងច្បាស់ណាស់ទៅហើយ ឬនិយាយម្យ៉ាងទៀតថា អាប៉ោងបានបើក គម្របហើយ សាធារណៈជនជាពិសេសបងប្អូនរួមឈាមខ្មែរ បានជ្រួតជ្រាបដោយគ្មានមន្ទិលសង្ស័យទៅ លើចំណាត់ការបញ្ហាព្រំដែនជាមួយប្រទេសជិតខាងរបស់រាជរដ្ឋាភិបាល លើកលែងតែក្រុមអ្នកប្រឆាំង គ្មានធម្មានុរូបភាព (គ្មានការគាំទ្រផ្នែកផ្លូវចិត្ត និងមនោសញ្ចេតនា) មួយតុំបរស្វាប៉ុណ្ណោះ ដែលនៅតែមិន ព្រមទទួលយកការពិត។
ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើរហូតមកដល់ពេលនេះ គឺកំពុងដើរតួនាទីជា កម្លាំងចលករនៃចលនាសង្គមគ្រប់និន្នាការគ្រប់ជ្រុងជ្រោយ និងប្រណិប័ត្រតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅគៀងគរកម្លាំងមហាជនគ្រប់និន្នាការ ដើម្បីបន្តពូនជ្រុំសន្តិភាពសន្តិសុខ ការបង្រួបបង្រួម ជាតិ ឲ្យក្លាយជាប្រទេសកោះសន្តិភាព នៅពេលដែលប្រទេសជាតិមួយចំនួននៅក្នុងតំបន់ ក៏ដូចជាពិភព លោកកំពុងជួបព្យុះវិបត្តសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចំរើន ប្រជាពលរដ្ឋខ្មែរទូទៅរស់ នៅក្នុងជីវភាពថ្លៃថ្នូរថ្កុំថ្កើង។
ដូច្នេះអ្វីដែលកម្ពុជា សម្រេចបានរហូតមកដល់ថ្ងៃនេះ គឺយើងឈរនៅលើការពិតហានទទួល ស្គាល់ការពិត និងអ្វីដែលយើងមានតាំងពីដើមរៀងមក។ អ្វីដែលមិនឈរលើការពិត និងសច្ចភាពប្រវត្តិ សាស្រ្ត ការប្រើ ប្រាស់ក្នុងហេតុផលនយោបាយប្រជាភិថុត និងជាតិនិយមជ្រុលនេះហើយ ដែលបាន ធ្វើឲ្យប្រជាជាតិកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏មហន្តរាយជាងពីរទសវត្សកន្លងមក។
ជារួមអ្នកប្រ ឆាំងតែងតែប្រឆាំងជំទាស់ទាំងងងឹតងងល់ ព្រមទាំងមិនទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ និង សមិទ្ធ ផលគ្រប់វិស័យដែលមានរហូតដល់បច្ចុប្បន្ននេះ បើទោះបីតថភាពប្រវត្តិសាស្ត្រ គតិយុត្ត នយោបាយ សេដ្ឋកិច្ច បានបញ្ជាក់យ៉ាងច្បាស់យ៉ាងណាក៏ដោយ៕
ដោយ រាជ្យ សុវណ្ណនគរ ( អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធ វាមិនបានឆ្លុះបញ្ចាំងពីទស្សនរបស់ រាជរដ្ឋាភិបាលឡើយ )
| Tweet |
|
|
|
|
|
|
|
|||||











