បទអត្ថាធិប្បាយ៖ តើមន្ត្រីអង្គការសង្គមស៊ីវិលមានអភ័យឯកសិទ្ធិ ឬក៏ត្រូវនៅក្រៅច្បាប់?

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២—
 រាជរដ្ឋាភិបាលកម្ពុជា បានទទួលរងគ្រោះម្តងហើយម្តងទៀត មិនចេះចប់ មិនចេះហើយ ដោយការ ចោទប្រកាន់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនថា ជាអ្នកបានគំរាមកំហែងទៅលើក្រុមអ្នករិះគន់ នៅពីក្រោយការអនុវត្តវិធានការ របស់ស្ថាប័នតុលាការទៅលើជនដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏ជនសង្ស័យមួយចំនួនក្នុងអំពើបំពានច្បាប់ឬអ្វី ? ព្រឹត្តិការណ៍ថ្មីៗ និងចុងក្រោយនេះ ហាក់បីដូចជាមិន ខុសប្លែកពីអ្វីដែលធ្លាប់ត្រូវបានចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដូចការចុះផ្សាយរបស់វិទ្យុសំឡេង សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២នោះទេ គឺក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ បាននិយាយភាសាដដែលៗ ថា « ចំណាត់វិធានការលើសង្គមស៊ីវិល ធ្វើឱ្យមានការភ័យខ្លាច និងប៉ះពាល់ ដល់កិច្ចការរបស់ពួកគេ…» ឬក្នុងពាក្យចោទជាថ្មីទៀតមកលើរាជរដ្ឋាភិបាលថា ជាអ្នកបានគំរាមកំហែង ធ្ងន់ធ្ងរដល់ការងាររបស់ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល»។
 ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះ ដែលរួមមាន ថ្នាក់ដឹកនាំ ឬជាមន្ត្រីធ្វើការផ្នែកសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទំនោរគាំទ្របក្សប្រឆាំង គឺពួកគេហាក់ដូចជា ជ្រួលច្របល់ អន្ទះអន្ទែងក្នុងចិត្តជាខ្លាំង ខណៈពេលដែលមានសកម្មជនធ្លាប់សហការការងារជាមួយ ពួកគេត្រូវបានចាប់ឃុំខ្លួន និងមួយចំនួនខ្លះទៀតមានដីកាបង្គាប់ពីតុលាការឱ្យចូលខ្លួន ពាក់ព័ន្ធក្នុង រឿងព្រហ្មទណ្ឌ។
 ជាមួយនឹងឥរិយាបទ « យកច្បាប់ទ្រាប់អង្គុយ » ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានធ្វើសេចក្តី សន្និដ្ឋានមុនការសម្រេចក្តីរបស់តុលាការទៅទៀត ដោយពួកគេបានទទូចស្នើសុំឱ្យតុលាការ កាត់សេចក្តី លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ដោយឯករាជ្យ មុនពេលដែលជន សង្ស័យនៅមិនទាន់ទាំងបានចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការនៅឡើយ។
 តើទង្វើបង្ខិតបង្ខំទៅលើតុលាការបែបនេះ គួរត្រូវបានចាត់ទុកថា ជាការគាបសង្កត់ទៅលើស្ថាប័ន តុលាការបានដែរទេ? តើមន្ត្រីអង្គការសង្គមស៊ីវិលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការជួយសម្រួលបញ្ហា គ្រប់បែបយ៉ាងដល់ជនល្មើស ដើម្បីការរត់គេចខ្លួនឬយ៉ាងណា? ប្រសិនបើសកម្មភាពរបស់លោក ចាន់ សុវ៉េត ត្រូវបានតុលាការបង្ហាញភស្តុតាងរឹងមាំមែននោះ។
 ដូចគ្នានេះដែរ ករណីចំណាត់ការទៅលើប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ដែលត្រូវ បានចាប់ឃុំខ្លួន គឺសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីធំៗ គឺក្នុងរឿងបង្កើតតំបន់ អបគមន៍ ប៉ុនប៉ង បំបែករដ្ឋក្នុងរដ្ឋ ធ្វើឱ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបាន អង្គការសង្គមស៊ីវិល មួយ ចំនួន កន្លងមកលើកឡើងដោយខុសឆ្គងផងដែរ ដោយហៅការចោទប្រកាន់ នោះថា ជាហេតុផល នយោបាយ និងបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងជនជាប់ចោទដោយគ្មាន លក្ខខ័ណ្ឌ។
 ការពិតជាក់ស្តែង ករណីលោក ចាន់ សុវ៉េត និងលោក ម៉ម សូណង់ដូ វាមិនមែនជាការគាប សង្កត់ទៅ លើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជាជនសង្ស័យ ក្នុងបទ ល្មើស ព្រហ្មទណ្ឌ ហើយវាក៏មិនមែនជារឿងនយោបាយ ការបំបិទសិទ្ធិសេរីភាព គាបសង្កត់ ឬ ក៏គំរាមកំហែង ទៅលើក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលនោះទេ។

 គេនៅចាំបានថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាល កម្ពុជា បានមានប្រសាសន៍ថា មានមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់បានផ្តល់មធ្យោបាយឱ្យជន សង្ស័យក្នុងការ ចូលកាន់កាប់ដីរដ្ឋខុសច្បាប់ និងបានរត់គេចខ្លួន គឺ លោក ប៊ុន រដ្ឋា ។

 បើគេក្រលេកមើលពីរដ្ឋធម្មនុញ្ញ ការថ្លែងរបស់សម្តេចតេជោ គឺពុំគួរត្រូវបានចាត់ទុកថាជាការ គំរាមកំហែង នោះទេ ពីព្រោះថា រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ចពេញលេញដើម្បីរក្សាការពារ សន្តិសុខ និងសណ្តាប់ ធ្នាប់សង្គមដូច្នេះ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរនឹងចង់ពង្រីកអំណាច របស់ខ្លួន ឬក៏ទាមទារចង់បាន « អភ័យឯកសិទ្ធិរបៀបផ្តាច់ការ » ដោយចង់ចោទ ឬក៏ចង់ដកហូតដំណែង នាយករដ្ឋមន្ត្រីមិនឱ្យបំពេញ ភារកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញស្រេចតែនឹងអំពើចិត្តនោះទេ។

 យ៉ាងណាមិញ ក្នុងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ សួរថា តើនៅលើពិភពលោកនេះ មានប្រទេស ណាខ្លះដែលត្រូវបានគេអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយនៅពីលើច្បាប់ដែរឬទេ ? ។
 ការលើកឡើងបែបនេះ ដោយពិនិត្យឃើញថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺដៃម្ខាងស្រែក ទាមទារ ចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមស្លាក(NGOs ) និងដៃម្ខាងទៀតប្រើអំណាចកៀបសង្កត់ មកលើ ស្ថាប័នតុលាការ ឬរាជរដ្ឋាភិបាល ។ នេះឬជាសារជាតិពិតរបស់អង្គការសង្គមស៊ីវិល ដែលជា ស្ថាប័នឯករាជ្យ ដែលគួរតែមានតួនាទីក្នុងការចូលរួមពង្រឹងសន្តិសុខសង្គម និងការអភិវឌ្ឍ ប៉ុន្តែផ្ទុយទៅ វិញ សកម្មភាព របស់អង្គការសង្គមស៊ីវិលមួយចំនួន ពួកគេរាល់ថ្ងៃបែរជាខិតខំនាំគ្នាស្រែកប្រឆាំង ដើម្បីតែ ប្រាក់ជំនួយ និងការបំផ្លាញជាតិទៅវិញ?។
 បញ្ហាពាក់ព័ន្ធនឹងមន្ត្រីស៊ើបអង្កេតមួយរូបរបស់សមាគមអាដហុក គឺត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការពីបទ ផ្តល់ជំនួយដល់ចារីយ៍ជាអាទិ៍ ប្រព្រឹត្តិនៅ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ ២០១២ តាមបញ្ញត្តិមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌជា មួយនឹងការ បញ្ជាក់ថា ករណីមិនចូលខ្លួនតាមកាលកំណត់ទេនោះ តុលាការនឹងចេញដីកាបង្គាប់ឱ្យនាំ ខ្លួន។

 ដូច្នេះប្រសាសន៍របស់សម្តេចតេជោ មិនគួរត្រូវបានអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើការបក ស្រាយបំភ្លើស ឬក៏បំពុលសាធារណមតិនោះទេ។ ការអំអាងបែបនេះ ក្នុងន័យថា មិនមែនប្រធានសមា គម ឬក៏មន្ត្រីអង្គការ សង្គមស៊ីវិលគ្រប់រូបសុទ្ធតែជាបុគ្គលល្អ គោរពច្បាប់នោះទេ ជាឧហរណ៍ការចុះ ផ្សាយរបស់កាសែត Los Angeless Times កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២នេះ គឺមេដឹកនាំសហជីព មួយរូបដ៏ល្បីល្បាញ នៅរដ្ឋកា លីហ្វ័ញ៉ា ត្រូវបានប្រឈមនឹងការចោទប្រកាន់ពីបទលួចប្រាក់ និងគេចពន្ធ ជាពិសេស កិបកេងលុយ កាក់ ពីក្រុមកម្មករ និងសមាជិកសហជីព ដើម្បីធ្វើមានបានខ្លួនឯង ឥឡូវគេយក ទៅកាត់ទោស។

ក្នុងបញ្ហានេះសួរថា ៖ តើការចាប់មេដឹកនាំសហជីពនោះ នៅសហរដ្ឋអាមេរិក គេមាន ដើរប្រមូលស្នាម មេដៃដើម្បីកៀបសង្កត់ទៅលើតុលាការឱ្យដោះលែងដូចនៅកម្ពុជាដែរទេ? តើការចាប់ខ្លួន នោះត្រូវ បានគេចាត់ទុកថា ជារឿងនយោបាយដែរឬទេ?
 ម៉្យាងវិញទៀត បើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំផុតនេះ បានបង្ហាញថា ពួក ឧក្រិដ្ឋជន ក្រុមភេរវករ ពួកលាងលុយ តែងតែប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួនធ្វើជាឡប់ឡែ ដើម្បីផ្តល់ ហិរញ្ញប្បទានជួយទ្រទ្រង់សកម្មភាពរបស់ពួកភេរវករជាពិសេស ពួកភេរវករអន្តរជាតិ។
 បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម សូណង់ដូ ក៏ដូចជាករណីលោក ចាន់ សុវ៉េត គឺមិនស្ថិត នៅក្នុង ដៃរបស់រដ្ឋាភិបាលនោះទេ គឺស្ថិតនៅក្នុងការអនុវត្តនីតិវិធីរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ នៃអំណាចទាំងបី។

 ដូច្នេះបញ្ហារបស់ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងមន្ត្រីស៊ើបអង្កេតរូបនេះ វិធីល្អបំផុតនោះ គឺត្រូវខិតខំរកមេធាវីដែលពូកែៗ ដើម្បីជួយការពារដោះបន្ទុក ជាជាងបើកវេទិកាប្រឆាំងជាមួយច្បាប់ ឬក៏ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍បក្ខពួក និងបុគ្គល។
 ម៉្យាងវិញទៀត ទាំងរាជរដ្ឋាភិបាល និងទាំងអង្គការសង្គមស៊ីវិល គឺសុទ្ធតែទាមទារចង់បាននូវការ ពង្រឹងនីតិរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះសួរថា ហេតុអ្វីក៏ពួកគេចាត់ទុកវិធានការ តាមផ្លូវ ច្បាប់ថា ជារឿងគាបសង្កត់បុគ្គលទៅវិញ ? ឬមួយក៏អង្គការទាំងនោះចង់នៅក្រៅច្បាប់៕
អត្ថបទៈ ទិត សុធា (អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស)

    Download PDF

Comments are closed.