ស្ថានីយ៍ទូរទស្សន៍ជាតិ និងវិទ្យុអូតងប៉ៃលិនត្រូវបានសម្ពោធក្រោមវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ

AKP ប៉ៃលិនថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២–

ស្ថានីយ៍ទូរទស្សន៍ជាតិប៉ុស្តិ៍លេខ៧ ខេត្តប៉ៃលិន និងវិទ្យុអូតងប៉ៃលិនFM97.5 MHz របស់ ឯកជន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ជា ផ្លូវការ ក្រោមអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧងត្តម អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិននា ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២នេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីសម្ពោធនោះថា ខេត្តប៉ៃលិនជា ខេត្តមួយ មានការប្រទាញប្រទង់រវាងរដ្ឋាភិបាល និងក្រុម ខ្មែរ ក្រហម រហូតមកដល់ឆ្នាំ ១៩៩៦ ទើបខេត្តនេះ បានចាប់ផ្តើមអភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការ ខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលបានអនុវត្តការងារបានល្អកន្លងមកនេះ ហើយបច្ចុប្បន្នមន្ទីរព័ត៌មាន មាន ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បម្រើការផ្សព្វផ្សាយព័ត៌មាន របស់ថ្នាក់ដឹកនាំក៏ដូចប្រជាពលរដ្ឋនៅទូទាំងខេត្ត បានយល់ដឹងនិងស្វែងយល់ អំពីព័ត៌ មានផ្សេងៗ ការអប់រំ សុខភាព វប្បធម៌ និងការកម្សាន្តជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា វិទ្យុ និងទូរទស្សន៍ជាបណ្តាញផ្សព្វផ្សាយមួយ មានសារសំខាន់ណាស់ ព្រោះវាជាអាវុធ មុខពីរ បើយើងមិនចេះប្រើវានឹងខាត យើងហៅថារូបភាពវាបំផ្លាញរូបភាព ដូច្នេះយើងត្រូវចេះប្រើប្រាស់វាឲ្យបានល្អមិនត្រូវប្រើអ្វីដ ដែលៗ ឬក៏លើកតម្កើង ហួសហេតុពេកនោះទេ សំខាន់គឺយើងត្រូវចេះធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវ ហើយត្រូវស្វែងរក ព័ត៌មានណា ដែលគេ ចង់ ដឹង ត្រឹមត្រូវពិតប្រាកដ មិនភូតកុហក ដើម្បីបម្រើផលប្រយោជន៍ដល់ ប្រជាពលរដ្ឋយើង ឲ្យស្របទៅនឹងពាក្យ ស្លោក របស់ក្រសួងព័ត៌មាន លឿន ប្លែក ទុកចិត្តបាន នៅពេលណា កន្លែងណាក៏បាន ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឲ្យមន្ត្រី មន្ទីរព័តមានត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ន ជុំវិញខេត្ត ក៏ដូចជាគណៈអភិបាលខេត្ត ដើម្បី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋបានដឹងពីព្រឹត្តការណ៍អ្វីដែលកើតក្នុងខេត្ត ហើយរាយ ការណ៍ជាបន្ទាន់ ជូនដល់គណៈអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្ត អ៊ី ឈាន មានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ពីសំ ណាក់ រាជរដ្ឋាភិបាល ដែលមានសម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានគិតគូរដល់ខេត្តប៉ៃលិន លើវិស័យផ្សព្វផ្សាយព័ត៌ មាន ដើម្បីបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ ឲ្យបានដឹង បានស្គាល់ និងទទួលបានការអប់រំ ការកម្សាន្តតាមរយៈវិទ្យុ និងទូរទស្សន៍។

ឯកឧត្តមអភិបាលខេត្ត អ៊ី ឈាន បានលើកឡើងថា ខេត្តប៉ៃលិន កាលពីមុនឆ្នាំ ១៩៩៦ ជាខេត្តសមរភូមិមួយដ៏ក្តៅគគក់ ប៉ុន្តែក្រោយពី មានសមាហរណកម្មមក ខេត្តប៉ៃលិនបាន ចាប់ផ្តើមកសាងពីបាតដៃទទួល រហូតមានការរីកចម្រើនជាលំដាប់ ដែលបច្ចុប្បន្នខេត្តមាន ទាំង ស្ថានីយ៍វិទ្យុ និងស្ថានីយ៍ទូរទស្សន៍ដែលបានសម្ពោធដាក់ឲ្យដំណើរការផ្សាយជាផ្លូវការនាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏ បានរំឭកពីប្រវត្តិអតីតកាល ដែលទាក់ទងទៅនឹងខេត្តប៉ៃលិននេះ តាំងពីមុនសមាហរណកម្ម រហូតដល់មាន ការរួបរួមគ្នា និងអភិវឌ្ឍន៍ ខេត្តប៉ៃលិនទៅជាខេត្តមួយ មានការរីកចម្រើននាពេលបច្ចុប្បន្ន។

តាមរបាយការណ៍របស់លោក គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឲ្យដឹងថា កន្លងមកខេត្តប៉ៃលិនមានស្ថានីយ៍វិទ្យុជាតិ FM90.5MHz ផ្សាយបម្រើអារម្ភប្រជាពលរដ្ឋ ទូទាំងខេត្ត ប៉ៃលិនជារៀងរាល់ថ្ងៃ។ នៅក្នុងខែឧសភា ឆ្នាំ២០១២នេះ យោងតាមសេចក្តី អនុញ្ញាតរបស់ក្រសួង ព័ត៌មាន និងមានការអនុញ្ញាតពីឯកឧត្តមអភិបាលខេត្តប៉ៃលិន លោក ស្រី គង់ ចាន់ដេត បានបង្កើត ស្ថានីយ៍វិទ្យុ FM97.5MHz ដែលជាស្ថានីយ៍វិទ្យុឯកជនមួយ ដើម្បីបម្រើការផ្សព្វផ្សាយជូនដល់ប្រជា ពលរដ្ឋនៅខេត្តប៉ៃលិន ។

លោកប្រធានមន្ទីរបានដឹង ដែរថា ម៉ាស៊ីនផ្សាយទូរទស្សន៍ជាតិប៉ុស្តិ៍ លេខ៧ ខេត្ត ប៉ៃលិន ដែលត្រូវសម្ពោធនាពេលនេះ មានកម្លាំង១គីឡូវ៉ាត់ ដែលបានផ្ទេរពីស្ថានីយ៍ ទូរទស្សន៍ខេត្តបាត់ដំបង់មកខេត្តប៉ៃលិន ដោយធ្វើការជួសជុល និងប្តូរគ្រឿងបន្លាស់មួយចំនួន ដើម្បី តម្រូវទៅតាមអង់តែន។ ស្ថានីយ៍ទូរទស្សន៍ជាតិប៉ុស្តិ៍លេខ ៧ខេត្តប៉ៃលិននេះ បានធ្វើការផ្សាយ សាកល្បងអស់រយៈ ពេល១១៧ថ្ងៃមក ហើយ ដែលអាចផ្សព្វផ្សាយឲ្យប្រជាជនទស្សនាបានទូទាំង ខេត្តប៉ៃលិន។

    Download PDF

Comments are closed.