បទវិចារណកថា៖ មេរៀនសម្រាប់ក្រុមប្រឆាំងផ្កាប់មុខ៖ គួរយល់ឲ្យច្បាស់ពីកត្តាប្រវត្តិសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២—

រហូតមកដល់ពេលនេះហើយ នៅតែពួកជនមួយក្តាប់តូចមិនព្រមយល់ មានភ្នែកតែមិនព្រមមើល និង មានត្រចៀកតែមិនព្រមស្តាប់ ឬមិនខ្វល់ពីឫសគល់នៃបញ្ហា តថភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពគតិយុត្ត ស្ថានភាពសេដ្ឋកិច្ចសង្គម នយោបាយការទូត និង សមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាសេចក្តីសុខសុភមង្គលផ្ទាល់ខ្លួន ដើម្បីរំដោះ និង សង្គ្រោះជាតិ ស្ថាបនាជាតិឡើងវិញពីគំនរផេះផង់ និង បន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជាតិឲ្យមានការរីកចំរើនដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹងសមិទ្ធផលខាងលើ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំតស៊ូដោះស្រាយ និង បានធ្វើឲ្យប្រទេសដែលមានភូមិផងរបងជាមួយ គោរពអធិបតេយ្យភាព និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លក្ខខណ្ឌគតិយុត្ត គោលនយោបាយការទូត សេដ្ឋកិច្ចវប្បធម៌ និងភាពប៉ិនប្រសព្វ។ វាជាការពិតណាស់នៅពេលដែលនិយាយពីលក្ខខណ្ឌប្រវត្តិសាស្ត្រ និង កេរ្តិ៍ដំណែល យើងមិនអាចរំលងអំពីការបន្សល់ទុករបស់អាណានិគមនិយមបារាំង និងស្នាមព្រះហស្តរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបានខិតខំត្រួស
ត្រាយ ដើម្បីកូនខ្មែរជំនាន់ក្រោយ ក្នុងគោលដៅកសាងព្រំដែនមួយដែលប្រកដោយសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍ ជៀសវាងបានសង្គ្រាម អសន្តិសុខតាមបណ្តោយព្រំដែន និង ជាពិសេសការយកបញ្ហាព្រំដែន ធ្វើជាប្រធានបទនយោបាយ និងការដុតបញ្ឆេះមហាជនឲ្យមានការយល់ច្រឡំ។

ក៏ប៉ុន្តែអ្វីៗវាបានបង្ហាញយ៉ាងច្បាស់ណាស់ទៅហើយ ឬ និយាយម្យ៉ាងទៀតថា អាប៉ោងបានបើកគម្រប់ហើយ សាធារណៈជនជាពិសេសបងប្អូនរួមឈាមខ្មែរ បានជ្រួតជ្រាបដោយគ្មានមន្ទិលសង្ស័យទៅលើចំណាត់ការបញ្ហាព្រំដែនជាមួយប្រទេសជិតខាងរបស់រាជរដ្ឋាភិបាល លើកលែងតែក្រុមអ្នកប្រឆាំងគ្មានធម្មានុរូបភាព (គ្មានការគាំទ្រផ្នែកផ្លូវចិត្ត និង មនោសញ្ចេតនា) មួយតុំបរស្វាប៉ុណ្ណោះ ដែលនៅតែមិនព្រមទទួលយកការពិត។

ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើរហូតមកដល់ពេលនេះ គឺកំពុងដើរតួនាទីជាកម្លាំងចលករនៃចលនាសង្គមគ្រប់និន្នាការ គ្រប់ជ្រុងជ្រោយ និង ប្រណិប័ត្រតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅគៀងគរកម្លាំងមហាជនគ្រប់និន្នាការ ដើម្បីបន្តពូនជ្រុំសន្តិភាពសន្តិសុខ ការបង្រួបបង្រួមជាតិ ឲ្យក្លាយជាប្រទេសកោះសន្តិភាព នៅពេលដែលប្រទេសជាតិមួយចំនួននៅក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងជួបព្យុះវិបត្តសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចំរើន ប្រជាពលរដ្ឋខ្មែរទូទៅរស់នៅក្នុងជីវភាពថ្លៃថ្នូរថ្កុំថ្កើង។

ដូច្នេះ អ្វីដែលកម្ពុជា សម្រេចបានរហូតមកដល់ថ្ងៃនេះ គឺយើងឈរនៅលើការពិត ហានទទួលស្គាល់ការពិត និង អ្វីដែលយើងមានតាំងពីដើមរៀងមក។ អ្វីដែលមិនឈរលើការពិត និង សច្ចភាពប្រវត្តិសាស្រ្ត ការប្រើប្រាស់ក្នុងហេតុផលនយោបាយប្រជាភិថុត និង ជាតិនិយមជ្រុលនេះហើយ ដែលបានធ្វើឲ្យប្រជាជាតិកម្ពុជា  ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏មហន្តរាយជាងពីរទសវត្សកន្លងមក។ ជារួមអ្នកប្រឆាំង តែងតែប្រឆាំងជំទាស់ទាំងងងឹតងងល់ ព្រមទាំងមិនទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ និង សមិទ្ធផលគ្រប់វិស័យដែលមានរហូតដល់បច្ចុប្បន្ននេះ បើទោះបីតថភាពប្រវត្តិសាស្ត្រ គតិយុត្ត នយោបាយ សេដ្ឋកិច្ច បានបញ្ជាក់យ៉ាងច្បាស់យ៉ាងណាក៏ដោយ៕
ដោយ រាជ្យ សុវណ្ណនគរ

(អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធ វាមិនបានឆ្លុះបញ្ចាំងពីទស្សនរបស់រាជ រដ្ឋាភិបាលឡើយ)

    Download PDF

Comments are closed.