ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសក្រុមហ៊ុនBSI Securities Phnom Penhក្នុងការធានាទិញមូលបត្ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

AKP ភ្នំពេញ–
ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងក្រុមហ៊ុន BSI Securities Phnom Penh Co.,Ltd. បានប្រារព្ធ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាប្រឹក្សាហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងគម្រោងផ្សាយលក់ មូលបត្រជាសាធារណ: របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី ២១កុម្ភ: ២០១១នៅក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក EIICHIRO SO ប្រធាន ប្រតិបត្តិក្រុមហ៊ុន SBI Securities Phnom Penh. និងមានការចូលរួម ពីសំណាក់ឯកឧត្តម​ MASAFUMI KUROKI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក KENJI HIRAI នាយកប្រតិបត្តិក្រុមហ៊ុនSBI Holdings Group ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា គោលបំណងនៃពិធីចុះហត្ថ លេខានាថ្ងៃនេះ គឺដើម្បីជ្រើសរើស និងតែងតាំងក្រុមហ៊ុន BSI Securities Phnom Penh Co.,Ltd ធ្វើជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងដំណើរការនៃការបោះ ផ្សាយលក់មូលបត្រជាសាធារណ:​ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុន BSI Securities Phnom Penh ធ្វើជាអ្នកធានាទិញមូលបត្ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុផង ​ ដែរ ។
ដំណើរការបង្កើតទីផ្សារមូលបត្រនៅកម្ពុជា ត្រូវរៀបចំឡើងយ៉ាងប្រយ័ត្នប្រយែង ស្របតាមយុទ្ធ សាស្រ្តចតុកោណ ដំណាក់កាលទី២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥ដែល មកដល់ពេលនេះ ការដ្ឋានការងារធំៗសម្រេចបានជាផ្លែផ្ការួមមាន ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានបញ្ញត្តិ ចាំបាច់នានាការបង្កើត និងដាក់ឲ្យ ដំណើរការ គណ:កម្មការមូលបត្រកម្ពុជា ការបង្កើតក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា និងការផ្តល់អាជ្ញាប័ណ្ណដល់ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ។
ដោយមើលឃើញពីអត្ថប្រយោជន៍ រយ:ពេលវែងរបស់ទីផ្សារមូលបត្រ ក្នុងក្របខ័ណ្ឌម៉ាក្រូក៏ ដូចជាក្របខ័ណ្ឌមីក្រូរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាក្នុងការបង្កើត និងដាក់ឲ្យដំណើរការ ទីផ្សារមូល បត្រនៅកម្ពុជានាពាក់កណ្តាលឆ្នាំ ២០១១នេះ ។

ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលបាន សម្រេចឲ្យសហគ្រាសរដ្ឋចំនួន៣ គឺ:រដ្ឋា ករទឹកស្វយ័តក្រុងភ្នំពេញ ទូរគមនាគមន៍កម្ពុជា និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើការបោះផ្សាយ
និងចុះបញ្ជីលក់មូលបត្រជាសាធារណ: មុនគេនៅក្នុងទីផ្សារមូលបត្រកម្ពុជា ។
រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាចង់ឲ្យមាន ក្រុមហ៊ុនច្រើនការបោះផ្សាយលក់មូលបត្រជាសាធារណ: នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា ជាពិសេស ក្រុមហ៊ុនឯកជន ។ ទោះជាយ៉ាងណាក៏ដោយការផ្តួចផ្តើម នាំយកក្រុមហ៊ុនរដ្ឋឲ្យរៀបចំធ្វើការបោះ ផ្សាយលក់មូលបត្រជាសាធារណ:នៅក្នុងទីផ្សារមូលបត្រកម្ពុជា ជាការសម្រេចចិត្តដែលមានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំង មានបច្ច័យល្អៗដូចជា ការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មល្អ ស្របតាមទិសដៅ នៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី២ ការផ្តល់កាលានុវត្តភាព ឲ្យក្រុមហ៊ុនរដ្ឋ មានជម្រើសក្នុងការកៀរគរ មូលធនសម្រាប់បង្កើនការវិនិយោគ និងការដើរតួជាកាតាលិករសម្រាប់ ជួយរុញច្រានការហក់ ឡើងនៃទីផ្សារមូលបត្រកម្ពុជា ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានរំលឹកផងដែរថា កាលពីឆ្នាំ២០១០កន្លងទៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន តុង យ៉ាងស៊ីឃ្យូរីធី ដោយផ្តោតលើសហគ្រាសរដ្ឋចំនួនបីគឺ រដ្ឋាករទីកស្វយ័តក្រុងភ្នំពេញ ទូរគមនា គមន៍កម្ពុជា និងសហគ្រាសរដ្ឋមួយចំនួនផ្សេងទៀតដែលនឹងសម្រេចនៅពេលក្រោយ ។
ការជ្រើសរើសក្រុមហ៊ុនមូលបត្រទាំងពីរនេះ ឲ្យធ្វើជាទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រសួង ក៏ដូចជា ធ្វើជាអ្នកធានាទិញមូលបត្រ របស់សហគ្រាសរដ្ឋទាំងនោះ គឺដើម្បីជម្រុញឲ្យគម្រោងបោះផ្សាយលក់ មូលបត្ររបស់សហគ្រាសរដ្ឋ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពព្រោះថា ក្រុមហ៊ុន ទាំងពីរនេះសុទ្ធតែមានកម្រិតវិជ្ជាជីវ:ខ្ពស់ក្នុងវិស័យនេះ ៕

    Download PDF

Comment on this article