ទូរទស្សន៍ជាតិខេត្តកំពង់ចាមសម្ពោធបើកការផ្សាយជាផ្លូវការ

AKP កំពង់ចាម ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១២–

ស្ថានីយ៍ទូរទស្សន៍ជាតិខេត្តកំពង់ចាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូន ខេត្តកំពង់ចាម ហើយមានកម្លាំង៥គីឡូវ៉ាត់ ដែលស្ថានីយ៍ទូរទស្សន៍មួយធំជាង គេក្នុងបណ្តាខេត្ត នានានៅកម្ពុជា បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជានៅរាជធានីភ្នំពេញ ត្រូវបាន សម្ពោធ បើកការផ្សាយ ជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង លោក លន់ លឹមថៃ អភិបាលរងខេត្តកំពង់ចាម។

 លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានរាយការណ៍ថា ស្ថានីយ៍ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម បានរៀបចំដំឡើង និង សាងសង់ក្នុងកំឡុងចុងខែមីនា ឆ្នាំ២០១២ ដែលមាន កម្លាំងផ្សាយ ៥គីឡូវ៉ាត់ បង្គោលអង់តែនកម្ពស់ ១០០ម៉ែត្រ និងបំពាក់ស្លាបពីលើ មានកម្ពស់ ៧ម៉ែត្រ បានធ្វើការផ្សាយសាកល្បងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ វិសាល ភាពផ្សាយលំហរអាចទស្សនាបានទូទាំងខេត្ត កំ ពង់ចាម ព្រមទាំងខេត្តមួយចំនួនជុំវិញ ដូចជា ខេត្តកំពង់ធំ ក្រចះ ព្រៃវែង និង កណ្តាល ហើយបានធ្វើការផ្សាយនូវព័ត៌មាននៅជុំវិញ និង ការផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា នាទីអប់រំ នាទីកម្សាន្តផ្សេងៗ ជូនដល់ប្រជាពលរដ្ឋស្របតាមទិសស្លោក លឿន ប្លែក ទុកចិត្តបាន ពេលណា ទីណាក៏បាន។

លោកប្រធានមន្ទីរបានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ចាមមានស្ថានីយ៍វិទ្យុ ចំនួន៩ ក្នុងនោះ មានមានវិទ្យុជាតិខេត្ត ១ស្ថានីយ៍ និង ទូរទស្សន៍ផ្សាយបន្ត មានចំនួន៥ គឺ ទូរទស្សន៍ CTN ទូរទស្សន៍ CNC ទូរទស្សន៍ My TV ទូរទស្សន៍បាយ័ន និងទូរទស្សន៍ប៉ុសិ៍្ត លេខ៣ រាជ ធានីភ្នំពេញ។ ចំណែកទូរទស្សន៍ខ្សែកាបមានចំនួន៨ នៅតាមស្រុកនានា ទូទាំងខេត្តមានចំនួន៨ តែបច្ចុប្បន្នបានបញ្ចប់ នូវការ ចាក់ផ្សាយ របស់ខ្លួន ហើយមកតភ្ជាប់សេវាពីស្ថានីយ៍ទូរទស្សន៍ខ្សែកាបកំពង់ចាម តែមួយ ដើម្បីធ្វើការចែកចាយទៅតាមទីប្រជុំជន និងតាមស្រុក នា នា នៅទូទាំងខេត្តកំពង់ចាម។

 មានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការផ្សាយជាផ្លូវការនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ស្ថានីយ៍ទូរទស្សន៍ ជាតិថ្មី នៅក្នុងខេត្តកំពង់ចាម ដែលចាប់ ផ្តើមការ ផ្សាយជាផ្លូវការនាពេលនេះ គឺជាស្ថានីយ៍ទូរទស្សន៍មួយមានកម្លាំងខ្លាំជាងគេក្នុងចំ ណោមបណ្តា ខេត្តដែលមានស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបថា កន្លងមកយើង មាន ស្ថានីយ៍ទូរទស្សន៍ជាតិនៅខេត្តពោធិ៍សាត់ ខេត្ត បាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាមដែលកំពុងសម្ពោធ ដំណើរការផ្សា យនា ពេលនេះ បន្ទាប់ពីខេត្តកំពង់ចាមនេះ ហើយនៅពេលខាងមុខនេះ នឹងមានសម្ពោធស្ថានីយ៍ទូរទស្សន៍មួយទៀតនៅខេត្តប៉ៃលិន។

សមិទ្ធផលទាំងនេះបានបង្ហាញថា បណ្តាញផ្សព្វផ្សាយរបស់ជាតិកាន់តែមានភាពទូលំទូលាយ ពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋនៅទី ជនបទដាច់ស្រយាលបានមើលឃើញ និងទទួលបានដំណឹង គ្រប់បែបយ៉ាង ដែលកើតមានឡើងក្នុង និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ប្រជាពលរដ្ឋទូទៅនៅពេលគេបើកមើល ទូរទស្សន៍ គឺគេចង់ដឹងពីព័ត៌មាន បន្ទាប់មកទស្សនាកម្ម វិធីកម្សាន្ត និងចំណេះដឹងផ្សេងៗ ដូច្នេះអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ត្រូវស្វែងរកនូវព័ត៌មាន ឲ្យបានទាន់ហេតុការណ៍ពិតត្រឹមត្រូវ យកមកធ្វើការផ្សព្វផ្សាយ និងទទួលបានភាពទុកចិត្តពីអ្នក ទស្សនា អ្នកស្តាប់ហើយ គេនឹងគាំទ្រដល់ស្ថានីយ៍របស់យើង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ព័ត៌មាន គឺជាអាវុធមុខពីរ វាជាទំនិញផង និងជាអាវុធផង ដូច្នេះយើងត្រូវគិតពីគុណភាពជាប្រការ សំខាន់បំផុត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់មន្រ្តីព័ត៌មានទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ និង បង្កើនសមត្ថភាពក្នុងការរត់ឲ្យទាន់បច្ចេកវិ ទ្យាព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន ព្រោះថានៅ បច្ចេក វិទ្យាព័ត៌មានបច្ចុប្បន្ននេះ មានការវិវឌ្ឍន៍លឿនណាស់ ហើយនៅពេលខាងមុខ នេះ នៅបណ្តា ប្រទេសជាច្រើននឹងធ្វើការផ្លាស់ប្តូរការផ្សាយ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធ ឌីជីថល ដែលជាប្រការមួយដែលធ្វើឲ្យ យើងត្រូវតែខិតខំបង្កើនសមត្ថភាពនោះ៕ ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.