ករណីដីធ្លីពលរដ្ឋនៅឃុំស្រយ៉ង់ អាជ្ញាធរដោះស្រាយ ៣៨គ្រួសារសិន នៅសេសសល់នឹងដោះស្រាយបន្ត
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១២–
យោងតាមលិខិតមួយច្បាប់របស់មន្ទីរព័ត៌មានប្រចាំខេត្តព្រះវិហារ ផ្ញើជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួង ព័ត៌មាន កាលពីថ្ងៃទី ០៦ខែ សីហា បាន ឲ្យដឹងថា ករណីដែលប្រជាពលរដ្ឋនៅឃុំស្រយ៉ង់ ស្រុក គូលែន ទាមទារតវ៉ាដល់សម្តេចនាយករដ្ឋមន្រ្តីនៅមុខវត្តបុទុមវត្តី ក្នុងរាជធានីភ្នំ ពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១២ ដើម្បីយកដីមកវិញនោះ គឺបញ្ហាទាំងអស់នេះ ផ្តើមចេញកាលពីឆ្នាំ ២០១០កន្លងមក មានបងប្អូនប្រជាពលរដ្ឋចំណាកស្រុកមួយចំនួន មកកាប់ឆ្ការដាំដុះរស់នៅទីនោះ ហើយក៏ត្រូវអាជ្ញាធរ ខេត្តដេញឲ្យគាត់ចេញវិញ ព្រោះដី ទាំងអស់នោះ ជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានគោល ការណ៍ទុកសម្រាប់ចែកជូនយោធិនចូលនិវត្ត។
លិខិតនោះបានឲ្យដឹងថា ក្រោយពីមានគោលការណ៍អនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មី ស្តីពីបញ្ហាដីធ្លី ស្រាប់តែលេចចេញបញ្ហា ទាមទារយកដីនេះវិញ ដែលការទាមទារនេះមានប្រជាពលរដ្ឋ ប្រមាណជិត ៣០០គ្រួសារ តែតាមការពិត គឺកន្លងមកមានតែប្រជាពលរដ្ឋចំ ណាកស្រុក ៣៨គ្រួសារ ប៉ុណ្ណោះ ដែលមកកាន់កាប់ឆ្ការរស់នៅទីនោះ។ ចំពោះការដោះស្រាយបញ្ហានេះ អាជ្ញាធរខេត្ត ក្នុងជំហានដំបូង អាចនឹងធ្វើការវាស់វែងជូនប្រជាពលរដ្ឋតែ ៣៨គ្រួសារសិនប៉ុណ្ណោះ ក្រៅពីនោះនៅរង់ចាំសុំគោល ការណ៍ពីរាជរដ្ឋាភិបាលសិន ព្រោះដី ទាំងអស់នោះ សុទ្ធតែមានដីកាដកហូតតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។
លោកប្រធានមន្ទីរបានបញ្ជាក់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មានតាមរយៈលិខិតនោះថា លើរាល់ការទាមទាររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នេះ គឺមានការជំរុញពីក្រោយខ្នងរបស់គណបក្សប្រឆាំង និងសង្គម ស៊ីវិលមួយចំនួនផងដែរ៕ ដោយលោកស្រី សាយ សុន
| Tweet |
|
|
|
|
|
|
|
|||||











