ក្រុមមន្រ្តីពិភាក្សាសៀវភៅស្តីពីនីតិវិធីនិងបែបបទត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់ថវិកាចរន្តថ្នាក់ជាតិ

AKPភ្នំពេញ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២–

ក្រុមមន្រ្តីអន្តរក្រសួងបានជូបជុំគ្នា នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣ ខែសីហា ដើម្បី ពិភាក្សា សៀវភៅស្តីពីនីតិវិធី និងបែបបទត្រួត ពិនិត្យហិរញ្ញវត្ថុសម្រាប់ថវិកាចរន្តថ្នាក់ជាតិ ដែលបាន ចងក្រងឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលមុននេះ។

សៀវភៅគោលស្តីពីនីតិវិធី និងបែបបទត្រួតពិនិត្យហិរញ្ញវត្ថុសម្រាប់ថវិកាចរន្តថ្នាក់ជាតិនេះ ត្រូវបានចងក្រងឡើងក្នុងកាលៈទេសៈ ដែល ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងដំណើរការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលពី ២ ដែលផែនការសកម្ម ភាពត្រូវ បានរៀបចំឡើងសំដៅឆ្ពោះទៅសម្រេចគោលបំណង នៃការបន្តកិច្ចប្រឹងប្រែង ដើម្បីពង្រឹងភាពស័ក្តិសិទ្ធិ នៃដំណើរការប្រតិបត្តិ ថវិកា និងបង្កើនគណនេយ្យភាពរបស់អ្នកទទួលខុសត្រូវក្នុងការ គ្រប់គ្រងអនុវត្តចំណាយសាធារណៈ។

សៀវភៅនេះ មានគោលបំណងដើម្បីរំឭកឡើងវិញ និងបង្ហាញឲ្យឃើញនូវបទប្បញ្ញត្តិទាំង ឡាយស្តីពីនីតិវិធីចំណាយថវិកា និងបែបបទ នៃការត្រួតពិនិត្យហិរញ្ញវត្ថុ ដែលកំពុងស្ថិតនៅជា ធរមាន ពង្រឹង និងធានាកិច្ចប្រតិបត្តិការចំណាយថវិការដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របទៅ តាមគោលការណ៍ និងទិសដៅកំណែទម្រង់ការគ្រប់គ្រងសាធារណៈ ធានាកិច្ចប្រតិបត្តិការ ចំណាយថវិកាឲ្យប្រព្រឹត្តទៅដោយ ផ្សារភ្ជាប់ជាមួយបទប្បញ្ញត្តិ នៃច្បាប់ ក្នុងស្មារតីត្បិតត្បៀត និង សន្សំសំចៃកម្រិតខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល  ដើម្បីញ៉ាំងឲ្យគោល នយោបាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ២ ឲ្យប្រព្រឹត្តទៅដោយទទួលបានលទ្ធ ផលជាផ្លែផ្កាគួរជាទីមោទនៈ ព្រមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលជា អាណាប័កដើមខ្សែអាចនឹងកែលម្អ ប្រព័ន្ធគ្រប់គ្រង និងចំណាត់ការចំណាយថវិការដ្ឋឲ្យកាន់តែប្រសើរឡើងអាចចាត់ទុកជាគោលការណ៍ គន្លឹះ និងជាមូលដ្ឋានសម្រាប់ឲ្យក្រុមមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុមានវិធានការពង្រឹងវិន័យ និងសមត្ថភាពការងារឲ្យបានសមស្របតាមកាល វេលា និងតួនាទីភារកិច្ចរបស់ខ្លួន។ គោលការណ៍នេះ ជាកម្មវត្ថុនៃការកែលម្អជាបណ្តើរៗទៅតាមស្ថានភាពជាក់ស្តែង និងក្នុងករណី ដែល ក្របខ័ណ្ឌច្បាប់ តម្រូវឲ្យមានការកែលម្អជាថ្មីបន្ថែមទៀតអំពីការអនុវត្តន៍ ចំណាយសាធារណៈ នោះ។

លោក វង្សី វិស្សុត អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អភិបាលកិច្ចល្អមានការពាក់ព័ន្ធយ៉ាងសំខាន់ និងមុនគេ បង្អស់ទៅលើបែបផែន នៃសកម្មភាព គ្រប់គ្រងប្រតិបត្តិការ ចំណាយសាធារណៈ ក្នុងនេះសង្កត់ធ្ងន់ និងនិយាយដោយឡែកតែចំណាយ ប្រចាំ(ចរន្ត)តែប៉ុណ្ណោះ។ លោកអគ្គលេខាធិការមានប្រសាសន៍ថា ដោយសារមូលហេតុ និងគោលបំណងដ៏ទូលំទូលាយ និងម៉ឺងម៉ាត់នេះ ហើយទើបក្លាយជាទិសដៅសំខាន់ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនោះ គឺការរៀបចំ និង កំណត់ឲ្យបាននូវគម្រោង ផែនការចំណាយ ថវិកាច្បាស់លាស់ កែលម្អ  និងប្រព័ន្ធការងារ គ្រប់គ្រងផ្នែកចំណូលចំណាយថវិកាឲ្យស្ថិតក្នុង ស្ថានភាពទទួលខុសត្រូវ និងរលូនក្នុងក្របខ័ណ្ឌ នៃច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ទទួល ខុសត្រូវ និងប្រកដោយគណនេយ្យភាព និងតម្លាភាព ក្នុងសកម្មភាព ប្រតិបត្តិការចំណាយថវិការដ្ឋ។

លោកអគ្គលេខាធិការថ្លែងថា រាជរដ្ឋាភិបាលត្រូវធ្វើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធា- រណៈ និងត្រៀមដាក់ឲ្យអនុវត្ត ប្រព័ន្ធគ្រប់ គ្រង និងការត្រួតពិនិត្យចំណាយថវិកា (FMIS)ថ្មី ដូច្នេះកិច្ច ប្រជុំពិភាក្សានេះ ជាចំណុចសំគាល់នូវការចាប់ផ្តើមនៃដំណើរការនេះ ដើម្បី បង្កើនការយល់ដឹង និងកសាងសមត្ថភាពមន្រ្តីរាជការនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងមូល និងនាយកដ្ឋាន នានារបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដើម្បីពង្រឹងការត្រួតពិនិត្យ ហិរញ្ញវត្ថុទៅតាមគោលការណ៍ណែនាំ ស្តីពីនីតងិវិធី និងបែប បទត្រួតពិនិត្យហិរញ្ញវត្ថុសម្រាប់ថវិកា ចរន្តថ្នាក់ជាតិ៕ ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.