ការធានារ៉ាប់រងជីវិត គឺជាតួអង្គថ្មីសម្រាប់កម្ពុជា កំពុងបង្ហាញខ្លួនក្នុងឆ្នាំ២០១២នេះ

 AKPភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២—
 សិក្ខាសាលាផ្សព្វផ្សាយសាធារណៈស្តីពីការធានារ៉ាប់រងអាយុជីវិតនេះ បានបង្ហាញពីតួអង្គថ្មីមួយ ទៀត ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា គឺការធានារ៉ាប់រងអាយុជីវិត ដែលកម្ពុជាពុំធ្លាប់មានពីមុន មកនោះ។
 ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើជាអធិបតីក្នុងពិធីនោះបានថ្លែងថា កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អនុញ្ញាត ឲ្យមាន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត២ ឲ្យដំណើរការនាពេលថ្មីៗនេះ និងក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចមួយ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានថ្លែងបន្តថា ការបើកសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈ លើកទី១ ស្តីពីការធានា រ៉ាប់រងជីវិតនាពេលនេះ មិនអាចឆ្លើយតបទៅនឹងតម្រូវការទាំងអស់របស់សាធាណជន បានទេ ប៉ុន្តែលោក សង្ឃឹមថា អង្គសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការកសាងជំនឿទុកចិត្តទីផ្សារដ៏ថ្មី ស្រឡាងនេះ។ 

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូមានជំនឿថា ក្រុមហ៊ុនធានារ៉ាប់រងជីវិតលំដាប់ពិភពលោក ដូចជា ក្រុមហ៊ុនកម្ពុជាឡៃហ្វ និងមេនូឡៃហ្វ នឹងផ្តល់ជូននូវផលិតផលធានារ៉ាប់រងជីវិតល្អៗ ដើម្បីបំពេញតម្រូវ ការរបស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានបញ្ជាក់ថា អង្គសិក្ខាសាលានាថ្ងៃនេះ គ្រាន់តែ ជាការចាប់ផ្តើមលើកទី១ប៉ុណ្ណោះ ហើយបញ្ញត្តិករ និងប្រតិបត្តិករធានារ៉ាប់រងជីវិត នឹងត្រូវចូលរួមសិក្ខា សាលាជាច្រើនទៀត ដើម្បីបម្រើគុណ ប្រយោជន៍នេះ ក្នុងគោលដៅកសាងនូវសំណាញ់សុវត្ថិភាពសង្គម ដ៏រឹងមាំនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានស្នើ ឲ្យមានកិច្ចសហការយ៉ាងជិត ស្និទ្ធរវាងសមាគម និងក្រុមហ៊ុនធានារ៉ាប់រង បញ្ញត្តិករធានារ៉ាប់រង បន្តឲ្យមានសិក្ខាសាលាប្រភេទក្នុង លក្ខណជាភ្លៀងរលឹមតទៅ។

 
 ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានចូលរួមជាយោបល់ដល់អង្គសិក្ខាសាលា នូវមតិមួយចំនួន រួមមាន ១-ចំពោះបញ្ញត្តិករធានារ៉ាប់រង ៖ ត្រូវបំពេញតួនាទីគ្រប់គ្រង និងត្រួតពិនិត្យ ឲ្យមានប្រសិទ្ធភាព តម្លាភាព ស្ថិរភាព និងចីរភាព នៃវិស័យធានារ៉ាប់រងនៅកម្ពុជា ហើយត្រូវយកចិត្តទុក ដាក់ឃ្លាំមើលតាំងពីដើមទី នៃការ អនុវត្តទីផ្សារនេះ ដើម្បីដាក់វិធានការ និងបទបញ្ញត្តិប្រុងប្រយ័ត្នឲ្យបាន ទាន់ពេលវេលាជៀសវាង ការព្យាបាល ដោយគ្មានការពារ ។
 ២-ចំពោះប្រតិបត្តិករធានារ៉ាប់រង ៖ ការដាក់បង្ហាញផលិតផលធានារ៉ាបរងអាយុជីវិត ត្រូវធ្វើឡើង ក្នុងកម្រិតបឋម និងសាមញ្ញ និងសន្សឹមៗ ដើម្បីបញ្រ្ជាបនូវមូលដ្ឋានគ្រឹះនៃវិស័យនេះឲ្យដល់ដៃអ្នក ប្រើប្រាស់ ហើយចំណេះដឹង ទាំងនេះត្រូវតែមានភាពប្រចក្ស ការវិភាគត្រឹមត្រូវ និងភាពប្រយ័ត្នប្រយែង នៃការពង្រឹងវិសាលភាពទីផ្សារ។ ត្រូវបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាកម្ម ឲ្យមានសមត្ថភាពជំនាញ ក្រុមវិជ្ជាជីវៈ ជៀសវាងទាក់ទាញ អ្នក ប្រើប្រាស់ ឬអ្នកវិនិយោគ សម្រាប់តែផលប្រយោជន៍រយៈពេលខ្លី ។

ត្រូវបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុរឹងមាំរបស់ក្រុមហ៊ុនខ្លួន ជូនអ្នកប្រើប្រាស់ដើម្បីកសាងទំនុកចិត្តរបស់ សាធារណជន ។ ត្រូវបង្ហាញពីសមត្ថភាព នៃការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។
 ៣-ចំពោះអ្នកប្រើប្រាស់សេវាកម្ម ៖ ត្រូវស្វែងយ់ឲ្យបានច្បាស់លាស់នូវលក្ខខណ្ឌ និងការតម្រូវ របស់ផលិតផលនីមួយៗ មុននឹងធ្វើការសម្រេចចិត្តវិនិយោគលើសេវាកម្មរបស់វិស័យនេះ៕

 ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.