មួយខែដំបូងការចុះបញ្ជីដីធ្លីនៅស្រុកថ្មពួកទទួលបានការគាំទ្រពីប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់
AKP បន្ទាយមានជ័យ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២—
មន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យនិយាយថា ការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋតាមគោល នយោបាយចាស់ សកម្មភាពថ្មី នៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលមួយខែដំបូងធ្វើនៅស្រុកថ្មពួក ដោយទទួលបានលទ្ធផលល្អ និងបានការចូលរួមគាំទ្រពីប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់។
លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថា ដោយគិតចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២នេះ លទ្ធផលដែលសម្រេចបាន គឺកំណត់វិនិច្ឆ័យបីឃុំ មានឃុំបន្ទាយឆ្មារ ,គោករមៀត និងឃុំគំរូ កំណត់តំបន់បាន៧៣៩បង្គោល វាស់វែងបាន៦០២ចំណុច គូរផែនទីបាន៥ផ្ទាំង ទំហំដី បាន ១៣២,១០ហិកតា បំពេញប័ណ្ណសម្គាល់បាន ១១.៤៩៥ក្បាលដី បញ្ចូលក្នុងសម្រង់បញ្ជីឈ្មោះ៩.០០៥ ក្បាលដី ផ្ទៀងផ្ទាត់ ក្បាលដីជូនប្រជាពលរដ្ឋរួចរាល់បានចំនួន៤.៦៨៦ក្បាលដី វាស់វែងក្បាលដីបាន២.៥៤៧ក្បាលដី គូរ ក្បាលដីបាន ៤.៥៤៥ក្បាលដី ទំហំវាស់ដី ២.៩៦៣,៨៥ហិកតា។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង អឿន បានថ្លែងសាទរដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការធ្វើសកម្មភាពដោយការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ចុះបញ្ជីវាស់វែងដីធ្លីទាំងអស់ដែល ក្នុងនោះសម្រាប់ក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារសុរិយោដីខេត្ត បន្ទាយមានជ័យ ដែលបានបំពេញបេសកកម្មទៅតាមអនុសាសន៍ដ៏ថ្លៃថ្លាសម្តេចនាយករដ្ឋមន្ត្រី និងបទ បញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលក្នុងគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីនេះ ដើម្បី សម្រេចបានជោគជ័យទៅតាមផែនការកំណត់៕
ដោយលោក ឈុន សារ៉ាត
| Tweet |
|
|
|
|
|
|
|
|||||











