ជំនួបពិភាក្សារវាងមន្រ្តីជាន់ខ្ពស់កម្ពុជា និងប្រតិភូព្រឹទ្ធសភាថៃផ្តោតលើ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល
AKP ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២—
នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូព្រឹទ្ធសភាថៃចំនួន២៥រូប ដែលដឹកនាំដោយ ឯកឧត្តម ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen) សមាជិកព្រឹទ្ធសភាថៃ និង ជាប្រធានដឹកនាំគណៈប្រតិភូថៃ។
ដោយមានវត្តមានចូលរួមពីឯកឧត្តម ឈិត គឹមយៀត តំណាងព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ និន សាផុន តំណាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កិច្ចពិភាក្សាដែលបានធ្វើឡើងរវាង ឯកឧត្តម បណ្ឌិត សុខ អាន និងឯកឧត្តម ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen)និងវត្តមានចូលរួមពី ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងនោះ ភាគីទាំងពីរបាន ពិភាក្សាទៅលើបញ្ហាកិច្ចសហប្រតិបត្តិការទូទៅលើវិស័យថាមពលរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
បើតាមការឲ្យដឹងពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយនឹងការសារទរចំពោះសុខភាពល្អ
របស់ឯកឧត្តម បណ្ឌិត សុខ អាន បន្ទាប់ពីបានទទួលការព្យាបាលដោយជោគជ័យ ឯកឧត្តម ស៊ុរ៉ាដេត ជីរ៉ាទិទិចារើន (Suradet jiratiticharoen) ប្រធានគណៈប្រតិភូព្រឹទ្ធសភាថៃបានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិត សុខ អានដែលបានចំណាយពេលទទួលជួបពិភាក្សាជាមួយប្រតិភូព្រឹទ្ធសភាថៃដែលចង់ស្វែងយល់ពីកិច្ចសហប្រតិបត្តិការ
លើវិស័យថាមពលរវាងប្រទេសទាំងពីរ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ អានបានចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលជា កិច្ចសហប្រតិបត្តិការដ៏សំខាន់ក្នុង
វិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។ ឯកឧត្តម បណ្ឌិត សុខ អានក៏បានផ្តល់សេចក្តីសង្ឃឹមថាប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អ លើវិស័យឧស្ម័ន និងប្រេងកាតផងដែរ៕ ដោយលោក អ៊ុក សាផាន
| Tweet |
|
|
|
|
|
|
|
|||||











