សម្តេចចៅហ្វាវាំងបង្ហែទៀនវស្សាទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ក្នុងស្រុកបរិបូរណ៌

AKP កំពង់ឆ្នាំង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២—

កាលពីថ្ងៃទី ២៧ កក្កដា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ដែលអមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង បានដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ប្រចាំព្រះវស្សា នៅក្នុង វត្តចំនួន ៥ ស្ថិតក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានបង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យចូលទៅកាន់វត្តចំនួន ១២ ក្នុងរាជ ធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២នោះ។

យោងតាមឯកសារឲ្យដឹងថា ពិធីបុណ្យចូលព្រះវស្សាគឹមានប្រវត្តិកំណើតតាំងពីសម័យព្រះ សម្មាសម្ពុទ្ធ ព្រះបរមគ្រូ នៃយើងទ្រង់គង់នៅ ម៉្លេះ។ នៅក្នុងសម័យបុព្វកាលនោះ អាស្រ័យដោយវិទ្យាសាស្ត្រពុំមានការរីកចម្រើននោះបានធ្វើឱ្យពុទ្ធ បរិស័ទយើងបានមូលមតិរួមសាម គ្គីគ្នាជាឯកច្ឆន្ធ ក្នុងការ កសាងឡើងនូវទៀនវស្សា និងទេយ្យទានមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងព្រះរតនត្រ័យ និង ដើម្បីព្រះសង្ឃ បានជាពន្លឺក្នុងការសិក្សាអំពីព្រះធម៌វិន័យផងដែរ ។ ឯកសារនោះបានបញ្ជាក់ថា ចំណែកឯការជួយទំនុកបម្រុងនូវស្បៀង និងគ្រឿងសម្ភារ ផ្សេងៗទៀតក៏មានប្រវត្តិតាំងពីសម័យបុព្វ កាលនោះផងដែរ ដោយឧបាសក ឧបាសិកាត្រៀមបម្រុងជីវភាព ព្រះសង្ឃនៅក្នុងរដូវបុណ្យ ចូលព្រះ វស្សាដែលមានភ្លៀងធ្លាក់ខ្លាំង ដែលព្រះសង្ឃមិនអាចនិមន្តទៅបិណ្ឌបាត្រនៅទីឆ្ងាយបាន និងដោយ គោរពទៅតាមពុទ្ធបញ្ញត្តិ របស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង។

វត្តចំនួន ៥ ដែលសម្តេចចៅហ្វាវាំងបានដង្ហែទៀនព្រះវស្សាចូលនោះរួមមាន វត្តច័ន្ទមុនី (ហៅ វត្តត្រពាំងចាន់) វត្តចំបក់រង្សី (ហៅវត្តក្បាល ដំរី) វត្តអទ្វារលើ (ហៅវត្តស្តុកអាត់) ស្ថិតនៅក្នុងឃុំ ត្រពាំង ចាន់ វត្តយុគន្ធរ និងវត្តទួលពិសីសូរវង្សកំពង់ព្រះ ស្ថិតនៅឃុំឆ្នុកទ្រូ។

នៅក្នុងពិធីបង្ហែទៀនព្រះវស្សានោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានប្រគេនដសម្ភារ បរិក្ខារ និងបច្ច័យសម្រាប់វត្តនីមួយៗទទួលបាន ទេយ្យទានចំនួន ១ កញ្ចប់ ទៀនព្រះវស្សាចំនួន ២ ដើម ធូបចំនួន ១ ដុំ ផ្កាទៀនចំនួន ៨ ដើម ទៀនសុទ្ធចំនួន ៥ដើម ប្រេងកាតចំនួន ៤ លីត្រ ប្រេងដូងចំនួន ២ លីត្រ ប្រេងម៉ាស៊ូតចំនួន ៣០ លីត្រ ទឹកក្រូចចំនួន ៤ កេស ទឹកបរិសុទ្ធចំនួន ៤ កេស មីចំនួន ៤ កេស ត្រីខចំនួន ២០ កំប៉ុង អង្ករ ៥០ គីឡូក្រាម ចំនួន ៤ បាវ បច្ច័យចំនួន ៥ ម៉ឺន រៀលសម្រាប់ប្រគេនព្រះចៅអធិការ និងថវិកាចំនួន ១ លានរៀលសម្រាប់ ចូលរួមកសាងវត្ត។ ដោយ ឡែកព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តច័ន្ទមុនីចំនួន ៧ អង្គ វត្តចំបក់រង្សីចំនួន ១១ អង្គ វត្តអទ្វារ លើចំនួន ៤ អង្គ វត្តយុគន្ធរចំនួន ៧ អង្គ និងវត្តទួលពិសីជ័យសូរវង្សកំពង់ព្រះចំនួន ៧ អង្គ បានទទួលបច្ច័យក្នុង ១ អង្គៗចំនួន ៣ ម៉ឺនរៀល៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.