សម្តេច ហេង សំរិន ទស្សនកិច្ចវៀតណាម និងឡាវ ដើម្បីពង្រឹងចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១២–
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ទៅធ្វើទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី ១៨ខែ កក្កដាឆ្នាំ ២០១២ បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនិងជាមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៥កក្កដា។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូនឹង បន្តដំណើរទៅធ្វើទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ២៥ដល់ថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០១២។ ដំណើរ ទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានជាយូរលង់ណាស់មកហើយ រវាង កម្ពុជា វៀតណាម និងឡាវ។
នៅក្នុងដំណើទស្សនកិច្ចនេះ គណៈប្រតិភូនឹងចូលជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្ស រដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំងពីរនិងមានកម្មវិធីទស្សនាកន្លែងប្រវត្តិសាស្រ្តមួយចំនួនទៀត នៃប្រទេសនីមួយផងដែរ។
អញ្ជើញជូនដំណើរសម្តេចដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២០ ខែកក្កដានេះ មាន លោកស្រី ឃួន សុដារី អនុប្រ ធាន ទី២ រដ្ឋសភាព្រមទាំងសមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ទៀត។ ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











