ខេត្តបន្ទាយមានជ័យ ៖ ដាំកូនឈើចំនួន ១០.០០០ដើម

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១២–

កូនឈើប្រភេទដើមប្រេងខ្យល់ចំនួន ១០.០០០ដើម ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យ យកទៅដាំនៅឃុំស្រុកព្រះនេត្រព្រះ ក្នុងបុណ្យរុក្ខទិវា ដែលខេត្តបន្ទាយមានជ័យ ទើបបានប្រារព្ធធ្វើនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ។

លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបាន ឲ្យដឹងថា នៅក្នុង ឆ្នាំ២០១២នេះ ខេត្តបន្ទាយមានជ័យបានប្រារព្ធបុណ្យ រុក្ខទិវានៅក្នុងបរិវេណ ទីបញ្ជាការដ្ឋាន កងរថក្រោះនៅភូមិ ប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះដែលមានផ្ទៃដីចំនួន ៥ហិក តា ហើយកូនឈើត្រូវដាំនៅពេលនេះមានចំនួន១០.០០០ដើម ជាប្រភេទប្រេងខ្យល់ បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនផេភើរទ្រី។ ទន្ទឹម នឹងនេះបានត្រៀមកូនឈើរយៈពេល ខ្លី វែង និងកូនឈើហូបផ្លែចំនួន ៥.០០០ដើម សម្រាប់ចែកជូនក្នុងពិធីនេះដែរ។

លោក ជាផល្លី បន្តទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បង្កើតស្ថានីយ៍ ផ្សព្វផ្សាយ និងស្តារព្រៃឈើបានចំនួន ០៤កន្លែង សហ គមន៍ព្រៃឈើចំនួន ១២ តំបន់អភិរក្ស សត្វក្រៀលអាងត្រពាំងថ្ម ០១កន្លែង មានផ្ទៃដីព្រៃឈើព្រៃឈើសរុប ចំនួន១៧ ៤២៨ហិកតា។ ទន្ទឹម នឹងនេះខេត្តក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនផេភើរទ្រីបង្កើតស្ថានីយ៍បណ្តុះកូនឈើ នៅភូមិកន្ទួតសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណលើផ្ទៃដី ទំហំ ១៩២ ៨៥៨ ម៉ែត្រក្រឡា ដែលអាច ផលិតកូនឈើបានចំនួន ៨លានដើមក្នុងមួយឆ្នាំសម្រាប់លក់ជូនប្រជាពលរដ្ឋ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម អ៊ុងអឿន អភិបាលខេត្តបន្ទាយមានជ័យបាន បញ្ជាក់ថា បុណ្យរុក្ខទិវាដែលយើងកំពុងប្រារព្ធ នៅ ទីនេះ គឺឆ្លុះបញ្ជាំងឲ្យឃើញនូវការភ្ញាក់ រឭករបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហើយនេះជាការងាររួម ដែលឲ្យយើងអាចដោះ ស្រាយ ការប្រឈមគ្រោះមហន្តរាយនៃការបាត់បង់ព្រៃឈើ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ អ៊ុង អឿន បានអំពាវ នាវដល់គ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រ ដាប់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង ប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មេត្តាសកម្មចូលរួមដាំដើមឈើនៅគ្រប់ទីកន្លែង ដែលអាច ដាំបាន ដូចជា តាមទីសាធារណៈវត្តអារាម មន្ទីរ ពេទ្យសាលារៀន ផ្លូវសាធារណៈ ជុំវិញដីស្រែ ចំការជាដើម ដើម្បីរួមចំណែកកាត់បន្ថយ បញ្ហាប្រឈមជាមួយការប្រែប្រួលអាកាសធាតុ នាពេលអនាគត និងមេត្តាចូលរួមថែរក្សានិងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃរបស់ យើង ឲ្យបានជាអតិបរិមា និងធ្វើការថែទាំកូនឈើដែលបានដាំរួចនេះឲ្យមានការលូតលាស់ ល្អប្រសើរ៕ដោយលោក ឈុន សារ៉ាត

    Download PDF

Comments are closed.