ឯកឧត្តម ទៀ បាញ់ ទទួលជួបជំនួយការរបស់ឯកឧត្តម ឡេ ខាភាវ

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២ —

ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោក ង្វៀន ជីទ្រុង ជំនួយការរបស់ ឯកឧត្តម ឡេ ខាភាវ អតីតអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសមនៅ ទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២។ នៅក្នុងជំនួបសន្ទនានេះ លោក ង្វៀន ជីទ្រុង បានសម្តែងនូវការអបអរសាទរចំពោះ ជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់កន្លងទៅនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន សំលេងគាំទ្រកាន់តែច្រើនលើសលុប។ លោកក៏បានសម្តែងនូវក្តី សោមនស្សរីករាយ ដោយបានឃើញ ការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា។ លោក ង្វៀន ជីទ្រុង បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងឡាយដែលរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាសម្រេចបានកន្លងមក គឺមិនអាចកាត់ផ្តាច់បានពីថ្ងៃជ័យជំនះ៧មករា បានឡើយ។ ឯកឧត្តម ទៀ បាញ់ បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ២ ដែលធ្លាប់មានតាំងពីយូរយាណាស់មកហើយ។

ឯកឧត្តម ទៀ បាញ់ បានលើកឡើងពីគុណបំណាច់របស់កងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា ឲ្យបានរួចផុតពីរបបប្រល័យពូជសាសន៍ ហើយបច្ចុប្បន្ននេះក៏នៅតែបន្តជួយឧបត្តម្ភគាំទ្រដល់កងទ័ព និងប្រជាជន កម្ពុជាជាបន្តបន្ទាប់។

ឯកឧត្តម ទៀ បាញ់ ក៏បានជម្រាបជូនដល់ លោក ង្វៀន ជីទ្រុង អំពីការវិវឌ្ឍន៍រីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបានមកដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយលោកស្រី សាយ សុន

 

 

    Download PDF

Comments are closed.