ទស្សនៈ៖ពិភពលោក បានផ្តល់កិត្តិយសដល់កម្ពុជា ជាថ្មីម្តងទៀត

AKP ភ្នំពេញថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១២—

នាសម័យប្រជុំអន្តរជាតិលើកទី៣៦ នៅទីក្រុងសាំងពីទើស្បើរ-សហព័ន្ធរុស្សី គណៈកម្មា- ធិការបិតិកភណ្ឌពិភពលោក បានធ្វើសេចក្តីសំរេចជាឯកច្ឆ័ន្ទជ្រើសទីក្រុងភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំលើកទី៣៧របស់ខ្លួន ដែល នឹងប្រព្រឹត្តិទៅពីថ្ងៃ ទី១៧ ដល់ ទី២៧ ខែ មិថុនា ឆ្នាំ ២០១៣ ។   ការផ្តល់កិត្តិយសដល់កម្ពុជា មិនគ្រាន់តែជាព្រឹត្តិការថ្មីមួយ ទៀតនោះទេ ក៏ប៉ុន្តែវាក៏ជា កញ្ចក់ឆ្លុះបញ្ចាំងឃើញកម្ពុជាបានទទួលជោគជ័យខាងការទូតលើឆាកអន្តរជាតិជាបន្តបន្ទាប់ ។

កាលពីសម័យមហាសន្និបាតប្រទេសហត្ថលេខីនៃអង្គការយូណេស្កូនាឆ្នាំ១៩៧២ អនុសញ្ញា មួយបានត្រូវបង្កើតឡើង ក្នុងគោល បំណងលើកស្ទួយ និងថែរក្សាការពារសម្បត្តិវប្បធម៌-ធម្មជាតិ ទាំងឡាយ លើពិភពលោកទាំងមូលដែលគេឲ្យឈ្មោះថា «អនុសញ្ញាបិតិកភ័ណ្ឌពិភពលោក» ។ ក្នុងពេលជាមួយគ្នានេះដែរ អនុសញ្ញាក៏បានបង្កើតគណៈកម្មាធិការអន្តរប្រទេសមួយ ដែលមាន សមាជិកពី១៥ទៅ២១ប្រទេសហត្ថលេខី ដែលមានឈ្មោះថា«គណៈកម្មាធិការបិតិកភណ្ឌពិភព លោក» ជាស្ថាប័ន អន្តរជាតិមិនធ្វើនយោបាយ ជាដៃស្តាំតំណាងឲ្យអង្គការសហប្រជាជាតិក្នុងការ ការពារបិតិកភណ្ឌក្នុងពិភពលោកទាំងមូល ។

កាលដំបូងឡើយ ថ្វីត្បិតតែកម្ពុជាជារដ្ឋសមាជិករបស់អង្គការយូណេស្កូតាំងពីឆ្នាំ១៩៥៥ ក៏ដោយ ក៏កម្ពុជាពុំបានចូលជា រដ្ឋហត្ថលេខីរបស់អនុសញ្ញានេះរហូតដល់ចុងឆ្នាំ១៩៩១ នោះ ដោយសារតែសង្រ្គាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសពីឆ្នាំ១៩៧០ដល់១៩៩១។ ក្រោយពីបានចូលជា សមាជិករដ្ឋហត្ថលេខីហើយ កម្ពុជាបានខិតខំប្រឹងប្រែងរៀបចំប្រមែប្រមូលឯកសារពាក់ព័ន្ធនានា ដើម្បីដាក់ពាក្យសុំទៅគណៈកម្មាធិការពិភពលោកនេះឲ្យចុះប្រាសាទអង្គរ និងប្រសាទជុំវិញ ឯទៀតចូលក្នុង បញ្ជី បិតិកភណ្ឌពិភពលោក ។ កាលនោះ មានប្រទេសមួយចំនួនបានសុំឲ្យគណៈ កម្មាធិការពន្យាពេលការចុះបញ្ជី ដោយ គេសំអាងថាកម្ពុជាពុំទាន់មានគំរោងកម្មវិធីអភិរក្សពេញ លេញគ្រប់គ្រាន់។ តែទោះជាយ៉ាងនោះក៏ដោយ សមាជិក មួយ ចំនួនធំសំអាងថា កម្ពុជាជាប្រទេស ដែលមានករណីពិសេស បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃដ៏យូរអង្វែង ចាំបាច់ ត្រូវការស្ថាបនា ជាតិឡើង វិញឲ្យបានឆាប់បំផុត ។ ក្នុងន័យនេះ សម័យប្រជុំនាខែធ្នូឆ្នាំ១៩៩២នៅស.រ.អា គណៈកម្មាធិការ បានសំរេចចុះប្រាសាទអង្គរចូលក្នុងបញ្ជីបិតិកភណ្ឌពិភពលោក នាពេលនោះតែម្តង ។   ចាប់ពីឆ្នាំ១៩៩៣ ពិសេសក្រោយពេលបោះឆ្នោតសកលរួច កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្ត តាមក្រឹត្យក្រមកម្មវិធីអភិរក្សប្រាសាទទាំងអម្បា លមាណទាំងក្នុងប្រាសាទ ក៏ដូចជាជុំវិញប្រាសាទ អង្គរដែរ ។

ដោយបានទទួលការឧបត្ថម្ភនិងសហការយ៉ាងជិតស្និទពីសំណាក់ក្រុមអ្នកឯកទេស បារាំង ជប៉ុន… និងយូណេស្កូ តាមរយៈ គណៈកម្មាធិការសំរបសំរួលអន្តរជាតិមួយហៅថា ICC ។ កម្ពុជាបានបង្កើតអាជ្ញាធរជាតិមួយនៅឆ្នាំ១៩៩៥ ហៅថា «អាជ្ញាធរអប្សរា» ដើម្បីទទួលបន្ទុកតួនាទី នៃអភិរក្សនេះ ។ ជាការពិតណាស់ទន្ទឹមនឹងការខិតខំប្រឹងប្រែងនេះ កម្ពុជាក៏ កំពុង ប្រឈមមុខនឹង ដំណើរការស្តារប្រទេសឆ្ពោះទៅរកអភិវឌ្ឍផងដែរ ។   លើសពីនេះទៅទៀតនរណាក៏ដឹងដែរថា នៅកម្ពុជា មានប្រាសាទដែលជាមរតកបិតិកភណ្ឌ ជាតិ នៅពាសពេញទូទាំងប្រទេស ក៏ប៉ុន្តែការស្នើសុំចុះបញ្ជីប្រាសាទនីមួយៗ ចូលទៅ ក្នុងបញ្ជី បិតិកភណ្ឌពិភពលោក ទោះជាប្រាសាទមួយក៏ដោយ ក៏មិនមែនជាការងាយស្រួលនោះទេ ។

នៅឆ្នាំ២០០៧ កម្ពុជាបានរៀបចំបែបបទដាក់ពាក្យសុំចុះប្រាសាទមួយទៀត គឺប្រាសាទព្រះ វិហារដើម្បីបានចូលក្នុងបញ្ជី បិតិកភណ្ឌពិភពលោក ជូនដល់គណៈកម្មាធិការនៅមហាសន្និបាត លើកទី៣១ ដែលប្រព្រឹត្តិទៅនៅទីក្រុងក្រៃឈឺត ប្រទេស ណូវែលសេឡង់ ។   គណៈកម្មាធិការបានពិនិត្យឃើញថា ប្រាសាទព្រះវិហារជាបិតិកភណ្ឌមានតំលៃមិនអាចវាស់ និងកាត់ថ្លៃ បាន ជាស្ថាបត្យកម្មរបស់ខ្មែរគ្មានពីរលើពិភពលោក ហើយសំខាន់បំផុតនោះគឺការ ខិតខំប្រឹងប្រែងឈ្មុះឈ្មុលរបស់រាជ រដ្ឋា ភិបាលកម្ពុជា និងយោងទាំងស្នាដៃអភិរក្សកន្លងមក ។ មហាសន្និបាតលើកទី៣២ នាខែកក្កដា ឆ្នាំ២០០៨ ដែលបានប្រព្រឹត្តិ ទៅនៅទីក្រុងគេបិច ប្រទេស កាណាដា បានសំរេចជាឯកឆ័ន្ទចុះប្រាសាទទី២ របស់កម្ពុជា គឺ«ប្រាសាទព្រះវិហារ» ចូលក្នុងបញ្ជី បិតិភណ្ឌពិភពលោក ។

បើគេឆ្លុះបញ្ចាំងកាលប្បវត្តិតាំងពីឆ្នាំ១៩៩២ នាសម័យចុះប្រាសាទអង្គរក្នុងបញ្ជីបិតិភណ្ឌ ពិភពលោក ដែលប្រារព្ធ ធ្វើនៅ ទីក្រុងសាន់តាហ្វេ-សហរដ្ឋអាមេរិក និងជាឆ្នាំខួបទី២០នៃអនុសញ្ញា នោះ គេបានឃើញកម្ពុជាស្ទុះស្ទារតស៊ូជា ទីបំផុត រួមទាំងការតស៊ូដ៏ឥតរួញរាដើម្បីប្រទេសមួយរួប រួមគ្នាឡើងវិញ ខិតខំអភិវឌ្ឍគ្រប់វិស័យ ពិសេសសង្គម សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធក្នុងគោល បំណងឆ្ពោះទៅរកស្ថេរភាពផ្នែកខាងនយោបាយ សង្គម សេដ្ឋកិច្ច និងសំខាន់ទៀតនោះផ្នែក សន្តិសុខសង្គម ។   បច្ចុប្បន្ន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់ ។ ដូចនេះ សេចក្តីសំរេចរបស់គណៈកម្មាធិការពិភពលោក ផ្តល់កិត្តិយសជូនកម្ពុជា ដើម្បីធ្វើជាម្ចាស់ ផ្ទះនៃមហាសន្និបាតលើកទី៣៧ របស់គណៈកម្មាធិការបិតិពិភពលោក នៃអនុសញ្ញាដែលមាន រដ្ឋភាគីចំនួន១៩០ប្រទេស ពុំមែនជាករណីចៃដន្យនោះទេ ។

ទោះជាយ៉ាងណាក៏ដោយ គេក៏ត្រូវយល់ថា ការកោតសរសើរនិងភាពល្បីល្បាញរបស់កម្ពុជា លើឆាកអន្តរជាតិនោះ គឺជារឿង មួយ រីឯករណីចំពោះមុខដែលត្រូវធ្វើក្នុងថ្ងៃអនាគត នោះជារឿង មួយផ្សេងទៀត ។ ការរៀបចំត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ និងជា ប្រធាន គណៈកម្មាធិការបិតិកភណ្ឌ ពិភពលោក គឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ជាតួនាទីដែលត្រូវបំពេញនូវ ភារកិច្ច តាមគោល បំណងរបស់អនុសញ្ញា គឺថែរក្សានិងអភិរក្សនៅតំបន់បិតិកភណ្ឌទាំងអស់លើពិភពលោក ម្យ៉ាង ទៀត គឺទទួល ខុសត្រូវដឹកនាំ គណៈកម្មាធិការអនុម័តនូវសំណើថ្មីៗរបស់ប្រទេសរដ្ឋហត្ថលេខី ដើម្បីចុះបិតិកភណ្ឌរបស់គេទាំងនោះ ចូល ក្នុងបញ្ជីបិតិក ភណ្ឌពិភពលោក ។ រីឯកាតព្វកិច្ចសំខាន់ ដទៃទៀតនោះ គឺត្រូវលើកកំពស់ការយល់ដឹងពីតំរូវការបង្កើននូវ ការចូល រួមផ្នែកហិរញ្ញ វត្ថុឲ្យបាន កើនថែមទៀតពីសំណាក់ប្រទេសអ្នកមាន ដើម្បីប្រឈមនឹងបញ្ហាតំរូវការថែទាំអភិរក្សតំបន់បិតិ-កភណ្ឌទាំង ឡាយក្នុងពិភពលោក ។ បញ្ហាចំបងខ្លះៗដែលយើងបានលើកឡើងខាងលើ គឺជាភារ-កិច្ចរបស់ កម្ពុជានា ពេល អនាគត ។ ទោះជាយ៉ាងណាក៏ដោយយើងជឿជាក់ថា កម្ពុជានឹងបង្ហាញ ថ្វីដៃនាពេលនោះ។

យើងសូមថ្លែងអំណរគុណដ៏កក់ក្តៅជាទីបំផុតជូនគណៈកម្មាធិការបិតិភណ្ឌពិភពលោក ជូន អង្គការយូណេស្កូ និង ជូនពិភព លោកទាំងមូល ដែលផ្តល់កិត្តិយសជាថ្មីម្តងទៀតជូនកម្ពុជា ៕ (អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធតែប៉ុណ្ណោះ វាពុំបានឆ្លុះបញ្ចាំងអំពី ទស្សនរបស់រាជរដ្ឋាភិបាលឡើយ)

ដោយ សម សុត្ថា

    Download PDF

Comments are closed.