រដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី បានឯកភាពដាក់ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌ នៃអាស៊ីបូព៌ា

AKP ភ្នំពេញថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២—

ឯកឧត្តម កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងជា អ្នក នាំពាក្យ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៥ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ១០ ខែ កក្កដា នៅវិមានសន្តិភាព បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ានបូកបី ដែលមាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េថា កិច្ចប្រជុំរដ្ឋមន្រ្តី ការ បរទេស អាស៊ានបូក៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃរសៀលនេះ ដោយមានលទ្ធផលល្អជាច្រើន ជាពិសេស នៅក្នុងការជំរុញការ តភ្ជាប់នៅក្នុងក្របខ័ណ្ឌអាស៊ានបូកបីនេះ ដែលជាលទ្ធផលរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី បានអនុម័តគាំ ទ្រនូវ គំនិតផ្តួចផ្តើមនេះ។

ឯកឧត្តម កៅ គឹមហួន ថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី ១៥ នៃ អាស៊ានបូកបី ដូច្នេះរដ្ឋមន្រ្តីការបរទេស អាស៊ាន បូកបីនេះ បានឯកភាព និងអនុវត្តគម្រោងមួយចំនួនក្នុងនោះគឺយើងនឹងមានកម្មវិធីវប្បធម៌ រួមរបស់អាស៊ាន បូកបី ដែលនឹងប្រព្រឹត្ត ទៅនៅក្នុងឆ្នាំនេះ ហើយនឹងកិច្ចប្រជុំសម្រាប់យុវជនអាស៊ានបូកបី។

ឯកឧត្តម កៅ គឹមហួន  បានបន្តថា រដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី បានឯកភាពដាក់ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌នៃអាស៊ីបូព៌ា។ ចំណុចមួយទៀត រដ្ឋមន្រ្តីការបរទេស អាស៊ានបូកបីបានជំរុញធ្វើយ៉ាងម៉េចឲ្យ សមាជិក នៃអាស៊ានបូកបីនេះ អនុម័តទៅលើកិច្ច ព្រមព្រៀងស្បៀងបម្រុងសម្រាប់អាស៊ានបូកបី។

ឯកឧត្តម កៅ គឹមហួន បានបញ្ជាក់ថា  មកដល់ពេល នេះមានប្រទេសចំនួន៦បានអនុម័តរួចហើយ រួមទាំងកម្ពុជាផងដែរ ប៉ុន្តែនៅ មាន ប្រទេសមួយចំនួនទៀត ដែលមិនទាន់បានអនុម័តដូច្នេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី បានជំរុញយ៉ាងណាឲ្យប្រទេស ទាំងអស់ អនុម័ត ឲ្យបានឆាប់។

ឯកឧត្តម កៅ គឹមហួន បានឲ្យដឹងដែរថា ក្រៅពីនេះ គឺរដ្ឋមន្ត្រីអាស៊ានបូកបីក៏បានពិភាក្សាពីសភាពការណ៍ នៅឧបទ្ទីបកូរ៉េដោយធ្វើយ៉ាង ណាឲ្យឧបទ្ទីប កូរ៉េនេះមានការអត់ធ្មត់ ឲ្យមានសភាពការណ៍ធូរស្រាល ដោយគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប ។ លើសពីនេះទៀត  រដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីបានចាត់ទុក កិច្ចប្រជុំកំពូល អាស៊ានបូកបីនេះ នៅខែវិច្ឆិកាខាងមុខនេះ ជាខួបអនុស្សាវរីយ៍នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី៕

ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.