បទអត្ថាធិប្បាយ ៖ ពិភពលោកផ្តល់ជូនកម្ពុជានូវឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកឆ្នាំ២០១៣

AKP ភ្នំពេញថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១២—

សំរាប់ថ្ងៃនេះ ប្រជាជនកម្ពុជាមានសេចក្តីរីករាយដោយក្តីរំភើបបំផុតដែលគណៈកម្មាធិការបេតិភណ្ឌពិភពលោក ក្នុងសម័យ ប្រជុំ លើកទី៣៦ នៅសហព័ន្ធរុស្ស៊ីបានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី០៤ ខែកក្កដា ផ្តល់ជូនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំ កិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងជាប្រធាន នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រាប់ឆ្នាំ២០១៣ ដែលត្រូវបានកំណត់ថា នឹងធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ និងសៀមរាប។

សេចក្តីសំរេចជាឯកច្ឆន្ទរបស់គណៈកម្មាធិការបេតិភណ្ឌពិភពលោកដែលមានសមាជិកចំនួន២០ និងបណ្តារដ្ឋជាសមាជិក នៃ អង្គការយូណេស្កូចំនួន១៨៩ប្រទេសបានផ្តល់នូវកិត្តិយសដ៏ធំធេងបំផុតដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងឋានៈ ជាប្រទេសមួយ ដែលសំបូរណ៍ទៅដោយបេតិកភណ្ឌទាំងរូបបិយ និងអរូបបិយ ហើយការសំរេច របស់ស្ថាប័នពិភពលោក មួយនេះ ពិតជាបានផ្តល់នូវជំនឿទុកចិត្ត ថ្មីមួយទៀតរបស់សហគមន៍អន្តរជាតិមកលើកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការ សម្រេចបាននូវសមិទ្ឋផលដ៏ធំធេងលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសការងារវប្បធម៌ដើម្បីសន្តិភាព។

ជោគជ័យជាប្រវត្តិសាស្រ្តនេះ គឺជាមោទនភាពជាតិថ្មីមួយទៀតដែលប្រទេសកម្ពុជា   និងប្រជាជនកម្ពុជាទទួលបាន អាស្រ័យ ដោយលទ្ធផលបានកើតចេញពីមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការណែនាំការងារដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា គណៈប្រតិភូកម្ពុជា។ ជោគជ័យនេះពិតជានិមិត្តរូបមួយ ដែលបាន និងកំពុងធើ្វអោយកិត្យានុភាព និងមុខមាត់របស់ប្រទេសកម្ពុជាកាន់តែល្បីរន្ទឺ លើកឆាកអន្តរជាតិ អាស្រ័យដោយកម្ពុជាមានបទពិសោធ និងសមត្ថភាពគ្រប់គ្រាប់ក្នុងការងារអភិរក្ស និងអភិវឌ្ឍប្រកបដោយ ចីរភាពនូវប្រាសាទអង្គវត្ត ក្នុងក្របខណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-អង្គ កន្លងមក។ ហើយថ្មីមួយទៀតនេះ ប្រទេសកម្ពុជាបាន និងកំពុងបំពេញការងារអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនូវប្រាសាទ ព្រះវិហារ ដែលទទួល ការទ្រុឌ ទ្រោមដោយធម្មជាតិ និងទទួលរងពីការបាញ់ បំផ្លា្ញញពីកងទ័ពថៃកន្លងមក។ ប្រទេសកម្ពុជា នឹងរៀបចំ កិច្ចប្រជុំ ពេញ អង្គលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ ដែលនឹងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រហែល ៨០០នាក់ រួមមាន អ្នកការទូត និងអ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលមកពីទ្វីបទាំង ៥ នៃពិភពលោកទាំងមូល តំណាង ឲ្យវប្បធម៌ នៃបណ្តាប្រទេស ១៨៩  ដែលជារដ្ឋសមាជិកអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកក្នុង ចំណោមសមាជិកទាំង១៩៥ នៃអង្គការយូណេស្កូ។ ដូច្នេះ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខទូទាំងប្រទេស ព្រមទាំងបទ ពិសោធន៍ និងសមត្ថភាពរបស់កម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទនានា ពិសេស ប្រាសាទអង្គវត្ត និងប្រាសាទព្រះវិហារ បានធើ្វអោយពិភពលោកផ្តល់នូវកិតិ្តយសដ៏ធំធេងជូនប្រទេសកម្ពុជានូវឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាឆ្នាំ២០១៣ខាងមុខនេះ។

អត្ថបទដោយៈ ឡុង សុគុណ

 

 

    Download PDF

Comments are closed.