៦ខែដើមឆ្នាំ២០១២ អគ្គនាយកដ្ឋានពន្ធដារប្រមូលថវិកាកើន៣៤,៦៩%
AKPភ្នំពេញ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១២—
តាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារសារពើពន្ធប្រចាំឆមាស ទី១ ឆ្នាំ២០១២ បានឲ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០១២នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូល ពន្ធ និងបង់ប្រាក់ចូលថវិកាជាតិចំនួន ១.៥៥១.៥១៥លានរៀល។ បើប្រៀប ធៀបទៅនឹងការអនុវត្ត រយៈពេល៦ខែដូចគ្នាក្នុងឆ្នាំ២០១១ ឃើញថា ឆ្នាំ២០១២នេះ មានការកើនឡើងចំនួន ៣៣៩.៥៤៩ លានរៀល ស្មើនឹងអត្រាកំណើន ៣៤,៦៩% ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារសារពើពន្ធប្រចាំឆមាសទី១ ឆ្នាំ២០១២នេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ នៅអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការ ចូលរួមពីថ្នាក់ ដឹកនាំ និងមន្រ្តីពន្ធដារទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ។
តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ដើម្បីសម្រេចឲ្យបាននូវគោលដៅចំណូល ដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ក្នុងឆមាស ទី២នេះ អគ្គនាយកដ្ឋានព្ធដារ ត្រូវខិតខំប្រមូលចំណូលពន្ធដារតាមកម្មវិធីយុទ្ធសាស្រ្តអាទិ ភាពទាំង៤ រួមមាន ១-ពិនត្យលើសកម្មភាពសំខាន់ៗមួយចំនួន ដែលមានការថយចុះប្រាក់ពន្ធ ក្នុងនោះមាន សកម្មភាព ផលិតបារី ផលិតគ្រឿងប្រើប្រាស់ លក់ផលិតផលឱសថ អាកាសយានដ្ឋាន និងកំពង់ផែដែល សកម្មភាពទាំងនេះ ជាប់ទាក់ទងប្រភេទពន្ធមួយ ចំនួន ដែលមានសមាមាត្រធំក្នុងចំណូលថវិកាជាតិ គឺពន្ធលើប្រាក់ចំណេញ(៤០%) អាករលើតម្លៃ បន្ថែម (៣០%) និងអាករពិសេសលើ ទំនិញ និង សេវាកម្មមួយចំនួន (១៥%)។ ម្យ៉ាងវិញទៀត ដើម្បីប៉ះប៉ូវលើការខាតបង់អំពីការលើកទឹកចិត្តពន្ធ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តធ្វើជំរឿនសហគ្រាសដែលមិនទាន់ជាប់ពន្ធ តាមសាខាពន្ធដារខណ្ឌ ខេត្តនានា ដោយប្រើប្រាស់ព័ត៌មានពីប្រភពនានា មានជា អាទិ៍ ទំព័រលឿង (Yellow Pages) សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាដើម ដែលអាចឲ្យអគ្គនាយកដ្ឋានពន្ធដារមានមូលដ្ឋាន ក្នុងការកំ ណត់ និងប្រមូលប្រាក់ពន្ធបានកាន់តែច្រើនឡើងថែមទៀត ក្នុងទិសដៅបន្ថយអ្នកជាប់ពន្ធ តាមរបបម៉ៅការ ពង្រីកអ្នកជាប់ពន្ធតាម របបស្វ័យប្រកាស ។
ដោយឡែកការងារមួយចំនួនទៀត ដែលត្រូវអនុវត្តបន្តពីឆ្នាំ២០១១ គឺការពិនិត្យ និងធ្វើជំរឿន អចលនទ្រព្យនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ដើម្បីប្រមូលពន្ធអចលនទ្រព្យនេះឲ្យបានមុន ដំណាច់ឆ្នាំ។ ការងារជំរឿនក៏ត្រូវធ្វើដែរ ចំពោះយានយន្ត និងដីធ្លីមិន បានប្រើប្រាស់សំដៅពង្រីក មូលដ្ឋានប្រមូលពន្ធឲ្យអស់លទ្ធភាពបានត្រឹមត្រូវតាមច្បាប់កំណត់ ។ ២-បន្តអប់រំពន្យល់ណែនាំដោយ ផ្ទាល់ និងតាមរយៈការផ្សព្វផ្សាយសេចក្តីជូនដំណឹង និងសៀវភៅសេចក្តីណែនាំនានា ដើម្បី ឲ្យអ្នកជាប់ពន្ធបានយល់ច្បាស់ពីកាតព្វ កិច្ចរបស់ខ្លួន គោរពប្រតិបត្តិច្បាប់ពន្ធបានល្អប្រសើរដោយ ស្ម័គ្រចិត្ត និងបង់ប្រាក់ពន្ធបានត្រឹមត្រូវ ។ ៣-បន្តអនុវត្តវិធានការចាប់បង្ខំ ក្នុងនោះមានការធ្វើ សវនកម្ម និងការទារបំណុលពន្ធដែលក្នុងនេះត្រូវបន្តវិធានការតឹងរឹងក្នុងការទារបំណុលពន្ធឲ្យបាន ខ្លាំងខ្លាចំពោះ អ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធច្រើន តែមិនអើពើរអំពីការទូទាត់ឲ្យ បានជ្រះ ស្រឡះ និង៤-បន្តការរៀបចំគោលនយោបាយសារ ពើពន្ធ ដើម្បីវិវឌ្ឍឲ្យទាន់សភាពការណ៍សេដ្ឋកិច្ច ក្នុងនោះមានគំរូសន្និសញ្ញាស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីពន្ធលើ ប្រតិបត្តិការ ប្រេងកាត ច្បាប់ស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ លិខិតបទដ្ឋានសម្រាប់អនុវត្តពន្ធលើប្រាក់ ចំណេញមូលធនពន្ធលើ ភតិសន្យា និងគោលនយោបាយទប់ទល់នឹងការផ្ទេរតម្លៃ។ល។
មានមតិនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានកោតសរសើរ ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធ ដារទាំងអស់ ដែលបានយកចិត្តទុកដាក់តស៊ូជំនះ រាល់បញ្ហាលំបាកផ្សេងៗ ដើម្បីប្រមូលពន្ធគ្រប់ប្រភេទឲ្យបាន សម្រេចតាមគោដៅ ក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និង មន្រ្តីពន្ធដារទាំង អស់ ឲ្យបន្តខិតខំអនុវត្តភារកិច្ចប្រមូលចំណូលពន្ធគ្រប់ ប្រភេទឲ្យបានកាន់តែ ល្អប្រសើរថែមទៀត ចៀងវាងនូវការប្រព្រឹត្តខុសឆ្គង នានា ហើយត្រូវគោរពប្រតិបត្តិតាមច្បាប់ និង លិខិតបទដ្ឋាននានា ដែលមានជាធរមានឲ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែកប្រយុទ្ធ ប្រឆាំង នឹងអំពើពុករលួយ និងវិធានការនានា សំដៅធ្វើឲ្យបានសម្រេចគោលដៅចំណូលឆ្នាំ២០១២៕ ដោយលោក ហ៊ុន យុទ្ធគុណ
| Tweet |
|
|
|
|
|
|
|
|||||











