អគ្គិសនីកម្ពុជានឹងធ្វើការតម្លើងថ្លៃសម្រាប់ការប្រើលើសពី២០០KWHឡើងក្នុងមួយខែ

AKPភ្នំពេញថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២—

អាជ្ញាធរអគ្គិសនីកម្ពុជាបានស្នើសុំតម្លើងថ្លៃអគ្គិសនីចំពោះអតិថិជនណា ដែលប្រើលើសពី ២០០ KWH ក្នុងមួយខែឡើងទៅ គឺលក់តាមអត្រាថ្លៃមួយដូចថ្លៃលក់ឲ្យស្ថាប័នរដ្ឋ ស្ថានទូត និងគេហដ្ឋានជនបរទេស ៨២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយតម្លៃភ្លើងថ្មីនេះនឹង ផ្តើមអនុវត្តចាប់ពី ដើមខែកញ្ញាខាងមុខនេះតទៅ។

នៅក្នុងសន្និសីទសារព័ត៌មានមួយរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២នេះ នៅអគ្គិសនីកម្ពុជា លោក ចាន់ សុដាវ៉ាត អគ្គនាយករងទ ទួលបន្ទុកការងារផែនការ និងបច្ចេកទេស នៃក្រុមហ៊ុន អគ្គិសនីកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ជ្រាបថា អគ្គិសនី កម្ពុជាស្នើសុំកែប្រែតម្លៃអគ្គិសនីនេះ ចំពោះតែអតិថិជនណា ដែលប្រើលើសពី២០០KWHក្នុងមួយខែឡើងទៅ    មិន ដូចការចុះផ្សាយលើទំព័រសារព័ត៌មានដែលថាក្រុមហ៊ុនអគ្គិសនី នឹងតម្លើងថ្លៃអគ្គិសនីទាំងអស់ នោះទេ។ ចំពោះលំនៅដ្ឋានធុនតូច និងធុនមធ្យមដែល ប្រើអគ្គិសនីមិនលើសពី២០០KWHក្នុងមួយខែ អគ្គិសនីកម្ពុជានឹងផ្តល់ការអនុគ្រោះថ្លៃដោយរក្សាតម្លៃដែលពីមុនមកធ្លាប់ប្រើអគ្គិសនី ក្នុងអត្រាតម្លៃប៉ុន្មាន គឺនៅអនុគ្រោះរក្សាអត្រាតម្លៃដូចមុនដដែល។ ចំណែកអតិថិជន ពាណិជ្ជករ អាជីវកម្ម និងឧស្សាហកម្ម ថ្លៃលក់អគ្គិសនីត្រូវបានរក្សាតាមអត្រា និងរូបមន្តដូចការកំណត់ពីមុនដដែលដែរ ដោយពុំមានការកែប្រែឡើយ។

លោក ចាន់ សុដាវ៉ាត អគ្គនាយករង សូមជម្រាបជូនសាធារណៈជនទាំងអស់ ដែលជាអ្នកប្រើអគ្គិសនីប្រភេទលំនៅដ្ឋាននៅតំបន់ចែកចាយអគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ នៅក្រុងតាខ្មៅខេត្តកណ្តាល នៅក្រុងច្បាមនខេត្តកំពង់ស្ពឺ និងនៅក្រុងព្រះសីហនុខេត្តព្រះសីហនុឲ្យបានជ្រាបថា អត្រា ថ្លៃលក់អគ្គិសនី៧២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលអជ្ញាធរបានកំណត់នៅឆ្នាំ២០១០ លក់ឲ្យអ្នកប្រើប្រាស់ប្រភេទលំនៅដ្ឋាននៅតំបន់ទាំងបួនខាងលើ គឺជាថ្លៃអនុគ្រោះទាបជាងអត្រាថ្លៃលក់តាមគោលការណ៍អាជីវកម្ម ដែលអគ្គិសនីកម្ពុជាលក់ឲ្យស្ថាប័នរដ្ឋស្ថានទូត និងគេហដ្ឋានជនបរទេសកន្លងមក។ ឆ្នាំ២០១២នេះ អាស្រ័យដោយប្រភពអគ្គិសនី ដែលអគ្គិសនី កម្ពុជានាំចូលពីប្រទេសវៀតណាម និងនាំចូលពីប្រទេសថៃ បានឡើងថ្លៃលើសពីពេលមុនប្រហែល ៣០ភាគរយ បានធ្វើឲ្យអគ្គិសនី កម្ពុជាមានការខាតបង់ បើទោះជាបច្ចប្បន្នអគ្គិសនីកម្ពុជាមានប្រភពអគ្គិសនីពីវារី អគ្គិសនីកំចាយ១៩៣ មេហ្គាវ៉ាត់ វារីអគ្គិសនីគីរីរម្យ ១៨ មេហ្គាវ៉ាត់ ដែលមានថ្លៃថោកខ្លះមកជួយ ក៏ដោយ ក៏ធ្វើឲ្យអាជីវកម្មអគ្គិសនីកម្ពុជាលែងមានលទ្ធភាពផ្តល់នូវការអនុគ្រោះថ្លៃ ៧២០រៀលក្នុង មួយគីឡូវ៉ាត់ឲ្យអតិថិជនលំនៅដ្ឋានទាំងអស់គ្នាដូចមុនបានទៀតហើយ។

តាមស្ថានភាពនេះ ដើម្បីទប់ទល់ឲ្យការផ្គត់ផ្គង់អគ្គិសនីនៅក្រុងទាំងបួនខាងលើនេះ បន្តនិរន្តរភាពតទៅទៀត អគ្គិសនី កម្ពុជាបានស្នើសុំថា ចាប់ពីដើមខែកញ្ញាតទៅអគ្គិសនីកម្ពុជា នឹងធ្វើការតម្លើងថ្លៃទៅលើអតិថិជន ណាដែលប្រើអគ្គិសនីលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែឡើងទៅ។ លោកបានបញ្ចាក់ថាសំ ណើរបស់អគ្គិសនីកម្ពុជានេះ ត្រូវបានពិនិត្យ និងពិភាក្សាលម្អិតដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គស ហ)របស់រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០១២ ព្រមទាំងទទួលបានការឯកភាពជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

តាមសេក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ស្តីពីការពិគ្រោះយោបល់ជាសាធារណៈលើការកែ សម្រួលបញ្ជីតម្លៃលក់អគ្គិសនីសម្រាប់រាជ ធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលបានឲ្យដឹងថា គេហដ្ឋានប្រើក្នុងមួយខែមិនលើសពី ៥០គីឡូវ៉ាត់ម៉ោង តម្លៃកំពុងអនុវត្ត ៦១០រៀលក្នុងមួយគីឡូវ៉ាត់ ម៉ោង គឺរក្សាតម្លៃដដែលគេហដ្ឋានប្រើក្នុងមួយខែពី ៥១ទៅ២០០គីឡូវ៉ាត់ម៉ោង ៧២០រៀលក្នុងមួយ គីឡូវ៉ាត់ម៉ោងរក្សាដដែល គេហដ្ឋានប្រើក្នុងមួយខែលើសពី២០០គីឡូវ៉ាត់ម៉ោងកែប្រែតម្លៃ ៨២០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រុងច្បាមនខេត្តកំពង់ស្ពឺ គេហដ្ឋានប្រើក្នុងមួយខែមិនលើសពី២០០គីឡូវ៉ាត់ម៉ោង ៧២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងរក្សាដដែល គេហដ្ឋានប្រើក្នុងមួយ ខែលើសពី២០០គីឡូវ៉ាត់ម៉ោង ៨២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រុងព្រះសីហនុខេត្តព្រះសីហនុ គេហដ្ឋានប្រើ ក្នុងមួយខែមិនលើស ពី២០០គីឡូវ៉ាត់ម៉ោង ៧២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងរក្សានៅដដែល គេហដ្ឋានប្រើក្នុងមួយខែលើសពី ២០០គីឡូវ៉ាត់ម៉ោងតម្លៃ ៨២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.