រាជរដ្ឋាភិបាលបន្តបញ្ជូនយុវជនស្ម័គ្រចិត្តបំពេញបេសកកម្មវាស់វែងដីធ្លី ទៅកាន់បណ្តាខេត្តនានា

AKP ភ្នំពេញថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១២—

យុវជនស្ម័គ្រចិត្ត ចំនួន៣០ក្រុម ដែលមានកម្លាំងជាង៣០០នាក់  បានចេញដំណើរជាលើក ទី៣ នាព្រឹកថ្ងៃទី ០៥ ខែកក្កដានេះ ដោយទឹក ចិត្តរីករាយ ដើម្បីទៅជួយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ជាមួយនឹងមន្រ្តីជំនាញសុរិយោដី នៃក្រសួងដែនដីនគរូបនីយ៍កម្ម និងសំណង់តាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

មុនពេលចេញដំណើរនៅឯទីលានកោះពេជ្រ កញ្ញា ឈឹង សុចិន្តា ជានិស្សិតនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការសិ្ថតិ ដែលបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបាន បញ្ជាក់ថា ការស្មគ្រ័ចិត្តនេះចង់បម្រើផលប្រយោជន៍ជូនសង្គមជាតិ។ កញ្ញាថ្លែងថា «ខ្ញុំមានអារម្ភ សប្បាយរីករាយ ព្រោះនេះជាការងារបម្រើប្រទេសជាតិ សម្រាប់ខ្ញុំជាស្រីក៏ដោយខ្ញុំមានសម្ថភាព អាចធ្វើបាន»។

ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី ០៥ ខែ កក្កដាឆ្នាំ ២០១២ ស្ថិតនៅក្នុងទីតាំងកោះពេជ្រនេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង បានរៀបចំបញ្ជូនយុវជនស្ម័គ្រចំនួន ៣៦០នាក់បន្ថែមទៀត ដើម្បីទៅធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឲ្យមានកម្មសិទ្ធិដីធ្លី ស្របច្បាប់ស្របតាមបញ្ជារបស់រាជ រដ្ឋាភិបាលកម្ពុជា។ យុវជនស្ម័គ្រចិត្តដែលចុះធ្វើសកម្មភាពនៅពេលនេះ ៣០ក្រុម ដែលក្នុងមួយ ក្រុមមាន១២នាក់ ដើម្បីដាក់ពង្រាយនៅខេត្តចំនួន៥ គឺខេត្តព្រះវិហារចំនួន៣ក្រុម  កំពង់ធំ១០ក្រុម  ស្ទឹងត្រែង៤ក្រុម កំពង់ស្ពឺ៦ក្រុម និងខេត្តកំពង់ឆ្នាំងមានចំនួន៧ក្រុម។

ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម បានបញ្ជាក់ថា សកម្មភាពយុវជនទាំងអស់នេះ ពិតជា មានអត្ថន័យជាប្រវត្តិសាសាស្រ្ត ក្នុងឋានៈ ជាកម្លាំងដ៏មុតស្រួចក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ខុសពីពិសោធន៍នៅប្រទេសខ្លះដែលគេធ្វើបដិរូបដីធ្លី។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា សកម្មភាពរបស់ យុវជនទាំងអស់នេះ បានរួមចំណែកបំពេញការងារដ៏មានអត្ថន័យឧត្តុង្គឧត្តមណាស់ក្នុងការបម្រើផលប្រយោជន៍ជាតិ ព្រោះការផ្តល់កម្មសិទ្ធិលើដីធ្លីជូនប្រជាពលរដ្ឋ គឺជាការ ផ្តល់សុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនាំមកនូវប្រសិទ្ធភាពនៃការប្រើប្រាស់ដីការធ្វើអាជីវ កម្ម ផលិតកម្ម ការកែលម្អជីវភាពរស់នៅ និងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ របស់ប្រជាពលរដ្ឋ។

ឆ្លងកាត់បទពិសោធន៍នៅជនបទទាំងអស់នេះ យុវជនយើងនឹងបានរៀនសូត្រ ដកបទពិសោធន៍លើទិដ្ឋភាពសង្គម សេដ្ឋកិច្ច ផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាម ជនបទក្នុងលក្ខណភូមិសាស្រ្តប្លែកៗគ្នា បន្ថែមលើចំណេះវិជ្ជាដែលបានរៀននៅក្នុងសាលា។ ឯកឧត្តមបន្ថែមថា ចំពោះសម្ភារនៃការចុះធ្វើសកម្មភាពវាសវែងដីធ្លីជូនប្រជាពលរដ្ឋ របស់ យុវជនស្មគ្រ័ចិត្តទាំងអស់នេះ ពុំមានអ្វីចោទជាបញ្ហានោះទេ។ លោកបានសង្កត់ធ្ងន់ថា ការងារ វាស់វែងដីធ្លីនេះ ពុំមានពាក់ពន្ធ័នឹងរឿងនយោបាយនោះទេ គឺដើម្បីបម្រើផលប្រ យោជន៍ជូនប្រជា ពលរដ្ឋតែបុណ្ណោះ។

ឯកឧត្តម អ៊ឹម ឈុនលឹម ក៏បានឲ្យដឹងថា ក្រសួងត្រៀមបណ្តុះបណ្តាលយុវជនស្មគ្រចិត្តបន្ថែមទៀត ឲ្យបានកម្លាំងរហូតដល់១៦៨ក្រុម ដើម្បីចុះធ្វើសកម្មភាពឲ្យបានគ្រប់ខេត្ត លើផ្ទៃដីដែលមានភាពមិនប្រក្រតីចំនួន ១លាន២សែនហិកតា ឲ្យបានជោគជ័យក្នុងរយៈពេល តែ៦ទៅ៧ខែប៉ុណ្ណោះ ហើយយុវជនដែលបានចុះធ្វើសកម្មភាពកន្លងទៅនេះ គឺមានស្ថានភាពរលូនតាមផែនការដែលបានគ្រោងទុក។

តាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹមបានឲ្យដឹងដែរថា សរុបទាំងបីលើកមកនេះ រាជរដ្ឋាភិបាលបានបញ្ជូនយុវ ជនស្ម័គ្រចិត្តរបស់យើងចុះធ្វើសកម្មភាពវាស់វែងដីធ្លីជូនប្រជាពលរដ្ឋជាមួយនឹងមន្រ្តីជំនាញសុរិយោដី នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចាប់តាំងពីលើកទី១នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ មានកម្លាំងយុវជន ៩១ក្រុមក្នុងមួយក្រុម១២នាក់ សរុបស្មើនឹង មនុស្ស ១១០០នាក់ ចុះទៅ១២ខេត្ត លើ៤៤ស្រុក៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.