មានកុមារកំព្រាជាង ២៦៩នាក់ នៅមណ្ឌល ” ភូមិរបស់យើង “
AKP កំពង់ស្ពឺ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១២–
ក្នុងមួយឆ្នាំអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា ត្រូវការថវិកាប្រមាណពី ៥០ ទៅ ៦០ ម៉ឺនដុល្លារអាមេរិក ដើម្បីចិញ្ចឹមកុមារកំព្រា ប្រមាណ ២៦៩នាក់ ក្នុងមណ្ឌលកុមារកំព្រា “ភូមិរបស់យើង ” ដែលមានទីតាំងស្ថិត ក្នុងភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមការឲ្យដឹងពីលោក សុក ផល្លា នាយកប្រតិបត្តិអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា។
លោក សុក ផល្លា បានឲ្យដឹងទៀតថា សព្វថ្ងៃអង្គការក្តី សង្ឃឹមថ្មីនៃកុមារកម្ពុជា បាន និងកំពុង ជួយឧបត្ថម្ភដល់កុមារផ្ទុកមេរោគអេដស៍ ដែលទទួលបានសេវាព្យាបាលនៅតាមតំបន់ទាំង ៩ខេត្ត រាជធានី មានចំនួន ១.៧៥០នាក់ ក្នុងនោះកុមារីចំនួន ៨៧០នាក់។ ជាមួយគ្នា នោះដែរក្នុង ១ឆ្នាំ អង្គការគឺមាន តម្រូវការថវិកា ប្រមាណពី ១លាន២សែនទៅ ១លាន ៥សែន ដុល្លារអាមេរិក ដើម្បីបែងចែកជួយចិញ្ចឹម កុមារកំព្រា នៅតាមមណ្ឌលនានានៅតាមបណ្តាខេត្តចំនួន ៩ ខេត្ត រាជធានី ទូទាំងប្រទេស។ ចំពោះកុមារ ដែលស្ថិតក្នុងបន្ទុករបស់អង្គការ គឺបច្ចុប្បន្នកំពុងទទួលបានសេវាថែទាំ ព្យាបាល ការបណ្តុះបណ្តាល ឲ្យមាន ចំណេះដឹងទូទៅ ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាកទី ១២ និង ផ្តល់ការឧបត្ថម្ភចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ តាមរយៈអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន ។
លោក សុក ផល្លា បានបន្តទៀតថា កុមារកំព្រានៅប្រទេសកម្ពុជា បានកើតឡើងដំបូង គឺបានបន្សល់ មកពីសង្រ្គាមក្នុងរបបបនប្រល័យ ពូជសាសន៍ ប៉ុល ពត ក្រោយមកប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានរក វិធីសាស្រ្ត ជួយសង្រ្គោះរហូតមកដល់សព្វថ្ងៃហើយមកដល់ ពេលនេះ គឺនៅតែឃើញមានកុមារកំព្រាកុមារ ផ្ទុកមេរោគអេដស៍ ដែលកើតចេញមកពីឪពុកម្តាយបានស្លាប់ដោយសារមេរោគអេដស៍និង គ្រោះថ្នាក់ ចរាចរណ៍ជាដើម។
បច្ចុប្បន្នរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគាំទ្រ និងជំរុញការអនុវត្តសិទ្ធិកុមារ ចៀសវាងការរំលោភ បំពានក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរលើកុមារ លើសពីនេះទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរនិង ជំរុញការអនុវត្តឲ្យបានខ្លាំងលើសិទ្ធិទាំង ៤ របស់កុមាររួមមានសិទ្ធិរស់ រានមានជីវិត សិទ្ធិទទួលបានការការ ពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម៕ ដោយលោក លឹម សាន្ត
| Tweet |
|
|
|
|
|
|
|
|||||











