សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវអាណត្ដិទី៣ ត្រូវបានប្រកាសចូលកាន់តំណែង

AKPភ្នំពេញ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១២——

ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស ទទួលស្គាល់ មន្រ្ដីក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ អាណត្ដិទី៣ ចំនួន១១រូប ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋានមួយ ដែល មានទីតាំងក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នំា២០១២ ដោយមានការចូលរួមពីប្រ ជា ពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវប្រមាណ២៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅកម្ពុជា យើង ថ្វីត្បិតតែ លទ្ធិ ប្រជាធិបតេយ្យបានដំណើរការក្រោយគេក៏ពិតមែនប៉ុន្ដែ រឹងមាំដោយសារប្រជា ពលរដ្ឋចេះវិនិច្ឆ័យ និង សម្រេចចិត្ដដោយខ្លួនឯងនូវការជ្រើសរើសមេដឹកនាំ ដែលជាដំណាងរបស់ ខ្លួនយ៉ាងត្រឹមត្រូវ។

ឯកឧត្តម កែប ជុតិមា បន្ដថា បងប្អូនបានជ្រើសរើសលោក ម៉ូ វីរៈ ដែលអតីត ជាស្មៀនឲ្យធ្វើជាតំណាង របស់ពួកគាត់ នេះដោយសារប្រជាពលរដ្ឋបានស្គាស់ពីសកម្មភាពការងារ របស់គាត់ ដែលបានបម្រើ ពួក គាត់ល្អប្រសើរ ទើបពួកគាត់សម្រេចបោះឆ្នោតជ្រើសរើសរូបគាត់ ធ្វើជាតំណាងនៅមូលដ្ឋាន។

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលបានជំរុញឱ្យសមាជិកក្រុមប្រឹក្សាថ្មីបន្ដ ធ្វើកិច្ចការជាច្រើន ដែលនៅសេស សល់ និងត្រូវសន្យាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ដូចជា ធ្វើផ្លូវបេតុង ស្ពាន និងទឹកស្អាតក្នុងមូលដ្ឋាន យើងត្រូវតែធ្វើទោះបីជាកិច្ចការខ្លះពាក់ព័ន្ធ នឹងស្ថាប័នផ្សេងៗ ក៏យើងត្រូវ អន្ដរាគមទៅស្ថាប័នទាំងនោះ ដើម្បីជួយសម្រួលដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលរាជធានីបញ្ជាក់ថា ក្រុមប្រឹក្សាថ្មីដែលបានប្រកាសចូលកាន់មុខតំណែង ត្រូវបម្រើឱ្យដល់ ផលប្រយោជន៍ប្រជាជន ក្រោមការចង្អុលបង្ហាញពី សាលាខណ្ឌ សាលារាជធានី ភ្នំពេញ និងក្រសួងមហាផ្ទៃ មិនមែនបម្រើតាមគណបក្សនយោបាយណាមួយ  ឬធ្វើតាមទំនើងចិត្ដ របស់ខ្លួននោះទេ កុំភ្លេចថា តំណែង ដែលយើងមានថ្ងៃនេះ គឺដោយសាប្រជាពលរដ្ឋជាអ្នកផ្ដល់ឱ្យ។លោកមានជំនឿចិត្ដថា ក្រុមប្រឹក្សាទំាងអស់ នឹងរួមគ្នាទៅតាម តួនាទីធ្វើការបម្រើប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានដែលខ្លួនទទួលបានការ គំាទ្រក្នុងមុខ តំណែងរយៈពេលប្រាំឆ្នំា និងអាចបន្ដតំណែងទៅ អាណត្ដិក្រោយៗទៀត ប្រសិនបើសកម្មភាពការងារ របស់ខ្លួនល្អនោះ។

នៅក្នុងសង្កាត់ឫស្សីកែវ បេក្ខភាពចៅសង្កាត់អាណត្ដិទី៣ បានទៅលើលោក ម៉ូ វីរៈ មកពី គណបក្សប្រ ជាជនកម្ពុជា ហើយអតីតចៅសង្កាត់ចាស់ទទួលបាន មុខតំណែងជាជំទប់ទី២នៅ ក្នុងអាណត្ដិទី៣នេះ៕

ដោយលោក សួស សំរិត

    Download PDF

Comments are closed.