សម្តេចប្រធានរដ្ឋសភាផ្តួចផ្តើមកសាងព្រះវិហារថ្មីនៅវត្តសុវណ្ណារាម

AKP ខេត្តកំពង់ចាម ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១២–

វត្តសុវណ្ណារាម ហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម នឹងទទួលបានព្រះវិហារថ្មី ដែលគ្រោងសាងសង់ក្នុងទំហំ បណ្តោយ ៥១ម៉ែត្រ ទទឹងជិត៤០ម៉ែត្រ និងកម្ពស់ជាង២៣ម៉ែត្រ ក្នុង តម្លៃជាង៣០ម៉ឺនដុល្លារអាមេរិក ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។

ពិធីសែនក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីរុះរើព្រះវិហារចាស់ សម្រាប់យកកន្លែងកសាង ព្រះវិហារថ្មី បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២នេះ ដោយមានការអញ្ជើញចូលរួម ពីសម្តេចប្រធានរដ្ឋសភា និងជំទាវ  បុត្រាបុត្រី ចៅប្រុសចៅស្រី និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ ក្នុងមូលដ្ឋានជាច្រើននាក់ ដើម្បីសុំសេចក្តីសុខចំរុងចម្រើនគ្រប់ប្រការឲ្យកើតមានដល់សម្តេច និងលោកជំទាវ ព្រម ទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី និងពុទ្ធបរិស័ទក្នុងមូលដ្ឋាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍សន្យាជូនប្រជា ពលរដ្ឋចំណុះជើងវត្តសុវណ្ណារាម ហៅវត្តថ្កូវទាំងមូលថា សម្តេចបានធ្វើបុណ្យសាមគ្គី ដើម្បីប្រមូល ថវិកា មិនត្រឹមតែកសាងព្រះវិហារទេ គឺកសាងទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក នៅ ក្នុងវត្តនេះ ឲ្យសមតាមគន្លងព្រះពុទ្ធសាសនា សម្រាប់ទីសក្ការបូជា មានទាំងរបងវត្ត ឧបដ្ឋានសាលា ក្លោងទ្វារវត្ត និងកសាងអាគារស ម្រាប់ឲ្យចាស់ព្រឹទ្ធាចារ្យមកស្នាក់នៅរៀនធម៌អារ្យផងដែរ។

សម្តេចបានបញ្ជាក់ថា នេះជាទិសដៅរបស់សម្តេចប្រធានរដ្ឋសភា ក៏ដូចជា ក្រុមគ្រួសារ របស់សម្តេច ដែលមានបំណងកសាងអារាមនេះ ឲ្យទៅជាវត្តអារាម មានទាំងព្រះវិហារថ្មី ឧបដ្ឋាន សាលាថ្មី ព្រមទាំងមានរបង ក្លោងទ្វារត្រឹមត្រូវ ស័ក្តិសមតាមការវិវឌ្ឍន៍រីកចម្រើនរបស់ ប្រទេស ជាតិ៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.