ទូតកូវ៉ែត ស្វាគមន៍ចំពោះគម្រោងនានារបស់ រាជរដ្ឋាភិបាលកម្ពុជា សើ្នសុំកូវ៉ែត

AKPភ្នំពេញថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១២—–

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ លោក Dherar Naser Al- Tuwaijri ឯកអគ្គរដ្ឋទូត នៃរដ្ឋ កូវ៉ែតប្រចាំកម្ពុជា បានសម្តែងការគាំទ្រចំពោះគម្រោងនានា ដែល រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំកូវ៉ែត។

ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត កូវ៉ែត បានរំឭកពីទំនាក់ទំនងកិច្ច សហប្រតិបត្តិការ រវាង ប្រទេសទាំងពីរកូវ៉ែត-កម្ពុជា កន្លងមក ជាពិសេសប្រទេសទាំងពីរ បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កាលពីឆ្នាំ២០០៨ កន្លងមក ហើយកិច្ចព្រមព្រៀងនេះ ត្រូវបានចូលជាធរមាននៅ ខែមិថុនា ឆ្នាំ២០០៩។ ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមឯកអគ្គ រដ្ឋទូតបានស្នើសុំយោបល់ និងការណែនាំពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើយ៉ាងណាជំរុញអ្នកវិនិ យោគ កូវ៉ែតឲ្យមកវិនិយោគនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គ រដ្ឋ ទូតកូវ៉ែតនៅកម្ពុជា ហើយបានជម្រាបជូនពីកាលានុវត្តភាពការវិនិយោគ នៅ កម្ពុជា មានវិស័យពីរ គឺវិស័យ កសិកម្ម និងវិស័យទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា វិស័យកសិកម្មរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ស្របនឹង គោល នយោបាយក្នុងការ ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល។ ទាក់ទង និង វិស័យទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបថា បច្ចុប្បន្នកំពុងតែមាន ការកើនឡើងនូវ ភ្ញៀវទេសចរណ៍ នៅកម្ពុជា ដូច្នេះសុំឲ្យកូវ៉ែតចាប់អារម្មណ៍លើវិស័យសណ្ឋាគារ ដើម្បីជួយជំរុញ កសាង សណ្ឋាគារ ឲ្យបានច្រើន និងលើកកម្ពស់សេវាសណ្ឋាគារឲ្យបានកាន់តែល្អ សម្រាប់ភ្ញៀវទេសជាតិ និង អន្តរជាតិ ដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះកូវ៉ែត ដែលកន្លង មកបាន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជា ១០០លានដុល្លារអាមេរិក សម្រាប់សិក្សា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្តក្នុងអាងទឹកស្ទឹងសែន ដែលបច្ចុប្បន្នបាន សិក្សារួចរាល់ហើយ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការជាមួយ ក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីលើកគម្រោងទៅប្រទេសកូវ៉ែត។

ឯកឧត្តមឯករដ្ឋទូតបានបញ្ជាក់ថា លោកនឹងគាំទ្ររាល់គម្រោងនានារបស់រាជរដ្ឋាភិបាល កម្ពុជា បានស្នើ សុំទៅ កូវ៉ែត ហើយនិងខិតខំជំរុញឲ្យបានឆាប់ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

ដោយលោក ហ៊ុន យុទ្ធគុណ

    Download PDF

Comments are closed.