លទ្ធផលនៃកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមកម្ពុជា ថៃ ស្តីពីការអនុវត្តដីកា ICJ
AKP ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១២—–
ក្រុមការងាររួមកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការ ពារជាតិ និងជាប្រធានក្រុមការងាររួមដើម្បីអនុវត្តដីកាបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១១ ចូលរួមដោយតំណាង ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការ បរទេស និងសហប្រតិ បត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មការព្រំដែន ក្រុមប្រឹក្សាអ្នកច្បាប់ គណៈ អភិបាលខេត្តព្រះវិហារ មេបញ្ជាការភូមិភាគ មេបញ្ជាការកងពល តំណាងជាតិ បានជួបប្រជុំក្រុមការងារ រួមកម្ពុជា-ថៃលើកទី២ ជាមួយសមភាគីថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ Worapong Sanganetra នាយសេនាធិការចម្រុះនៃកងទ័ពភូមិន្ទថៃនៅថ្ងៃ ទី ២៧-២៨ ខែមិថុនា ឆ្នាំ ២០១២ នៅវិមាន សន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងរាជធានីភ្នំពេញ។
សហប្រធានអង្គប្រជុំបានចាត់តាំងក្រុមការងារបច្ចេកទេស ដែលមានសមសភាព ៧រូប ម្ខាងៗដើម្បី ពិ ភាក្សាខ្លឹមសារលម្អិត នៃកំណត់ហេតុអង្គប្រជុំដែលភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា អនុរដ្ឋ លេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងភាគីថៃដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក Voravit Darunchoo នាយកទីចាត់ការព្រំដែននៃកងទ័ពភូមិន្ទថៃ។
ក្រុមបច្ចេកទេសបានជួបប្រជុំចំនួន ៦វគ្គ និង ចំណាយពេលពិភាក្សាអស់ចំនួន ២៥ម៉ោងដែលសម្រេច បាននូវលទ្ធផលដូចខាងក្រោម ៖
១. កិច្ចប្រជុំលើកទី២ របស់ក្រុមការងាររួមកម្ពុជា ថៃ (JWG-2) បានប្រ ព្រឹត្តឡើងនៅថ្ងៃទី ២៦-២៨ ខែមិថុនា ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយា កាសកក់ក្តៅ មិត្តភាព និងផ្អែកលើគោលការណ៍សមភាព សមធម៌ និងផលប្រយោជន៍ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ។
២. ភាគីទាំងពីរបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត អនុវត្តដីកាបង្គាប់របស់តុលាការយុត្តិធម៌ អន្តរជាតិ។
៣. ក្រុមការងាររួម (JWG ) នៃភាគីទាំងពីរបាន និងកំពុងខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អដោយ ដោយ ផ្អែកលើយន្តការដែលមានស្រាប់។ កិច្ចសហប្រតិបត្តិការ ដែលបញ្ជាក់ខាងលើបានចូលរួម ចំណែកដល់ សន្តិភាពប្រកបដោយចីរភាពតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុង តំបន់គ្មានកងទ័ព បណ្តោះអាសន្ន ដែលកំណត់ដោយដីកាបង្គាប់របស់តុលាការយុត្តិធម៌ អន្តរជាតិ ស្តីពី វិធានការណ៍ បន្ទាន់។
៤. ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សា និងជំរុញសន្តិសហវិជ្ជមានយូរអង្វែងរវាងប្រជាជន នៃប្រ ទេសទាំងពីរ និងទប់ស្កាត់សកម្មភាពអវិជ្ជមានដែលអាចប៉ះពាល់ដល់តំបន់គ្មានកងទ័ព បណ្តោះអាសន្ន។
៥. ភាគីទាំងពីរប្រគល់ភារកិច្ចឲ្យមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលកំចាត់មីន ថៃ (TMAC) ធ្វើការពិភាក្សានៅសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ ២០១២ នាទីក្រុងបាងកក អំពីផែនការ ដោះមីន រួមគ្នា ដើម្បីផ្តល់សុវត្ថិភាពដល់ក្រុមសង្កេតការណ៍រួម (JOT) និងសម្រួលដល់កម្មវិធីកែ សម្រួលកងទ័ព។
៦. ការកែសម្រួលកងទ័ព នឹងត្រូវអនុវត្តក្នុងអំឡុងពេល ៣០ថ្ងៃ ដែលភាគីទាំងពីរនឹងឯកភាពគ្នាជា ក្រោយ ក្រោមការត្រួតពិនិត្យរបស់អ្នកអង្កេតការណ៍រួមបន្ទាប់ពីការដោះមីនបានបញ្ចប់ នៅក្នុងតំបន់ អាទិភាពចាំបាច់ដោយចាប់ផ្តើមពីចំណុច A.B.C.D នៃតំបន់គ្មានកងទ័ពបណ្តោះអាសន្នកំណត់ ដោយ តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌល កំចាត់ មីនថៃ (TMAC)។
៧. ភាគីទាំងពីរទទួលស្គាល់នូវការជឿនលឿននៃការងាររបស់ក្រុមការងាររួមកម្ពុជា-ថៃ និងពេញចិត្ត អំពីលទ្ធផល នៃកិច្ចប្រជុំនេះ។
៨. កិច្ចប្រជុំក្រុមការងាររួមកម្ពុជា ថៃ នឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រថៃតាមកាលបរិច្ឆេទ សមស្រប៕
ដោយលោក ចង លឹមអ៊ី
| Tweet |
|
|
|
|
|
|
|
|||||











