CPPបូកសរុបនូវកត្តាជ័យជំនះរបស់ខ្លួនដែលមានចំនួន ៥ យ៉ាង

AKPភ្នំពេញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២—

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែមិថុនា ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជា(CPP)បានប្រារព្ធ មិទ្ទិញរំឭកខួបទី ៦១ ថ្ងៃបង្កើតគណបក្សថា ឆ្លងកាត់បទពិសោធន៍អស់ រយៈពេលយ៉ាងយូរ CPP បានរកឃើញនូវកត្តាជ័យជំនះចំនួន ៥ យ៉ាងដ៏មានសារសំខាន់បំផុត។

សម្តេច ហេង សំរិន មានប្រសាសន៍ថា នៅក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ CPP បានបូក សរុបនូវកត្តាជ័យជំនះរបស់ខ្លួនចំនួន ៥ យ៉ាងគឺទី១-គណបក្សមានភាពត្រឹមត្រូវខាង នយោបាយ ទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស ដែលមានលក្ខណ ស្របទៅ នឹងសភាពការណ៍ជាក់ស្តែង។ ទី២-គណបក្សមានការគាំទ្រពី ប្រជាជនដ៏ច្រើនលើសលប់ឆ្លងតាម ភាពត្រឹមត្រូវខាងនយោ បាយ និងការអនុវត្ត។ ទី៣-គណបក្សមាន រចនាសម័្ពន្ធច្បាស់លាស់នៅ គ្រប់ថ្នាក់គ្រប់ផ្នែក និងមានធនធានមនុស្ស ដែលមានសមត្ថ ភាពដឹកនាំ អនុវត្តនៅគ្រប់យន្តការ និងគ្រប់កម្រិត។ ទី៤-គណបក្សមានរបៀបរបបការងារត្រឹមត្រូវ និងសាមគ្គីភាព ឯកភាពរឹងមាំក្នុង ជួរថ្នាក់ដឹកនាំ និងទី៥-គណបក្សចេះប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានហិរញ្ញវត្ថុ ដោយ មានវប្បធម៌នៃការចែករំលែកដើម្បី ធានានិរន្តរភាពនៃការងារគណបក្ស។

មិទ្ទិញរំឭកខួបទី ៦១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅចំពេលដែល CPP ទើបតែទទួលបានជ័យជំនះយ៉ាងសន្ធឹក សន្ធាប់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៣ ឆ្នាំ ២០១២ ដែលលទ្ធផលនេះ បានបង្ហាញពីភាពត្រឹមត្រូវខាងនយោ បាយរបស់គណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាលនោះ។ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សដែលរួមមានទាំង សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ផងនោះ បានអញ្ជើញចូលរួមក្នុងមិទ្ទិញដ៏អធឹកអធមនេះ។ដោយសារតែបញ្ហាសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សមិនបាន ចូលរួមក្នុងមិទិ្ទញ ក្នុងឆ្នាំនេះទេ។

ដោយថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ CPP នោះ សម្តេច ហេង សំរិន មានប្រសាសន៍ថា ឆ្លើយតបទៅ នឹងការជឿទុកចិត្តរបស់ប្រជាជន CPP សូមសន្យាថា នឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ ដែលបានប្រកាស ជូនជនរួមជាតិរួចមកហើយនោះ ឲ្យបានសម្រេចជោគជ័យបង្កើតឡើងនូវសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យជូនប្រ ជាជននៅគ្រប់ឃុំ-សង្កាត់។ CPP មានជំនឿថា ប្រជាជននឹងចូលរួមអនុវត្តយ៉ាង សកម្មនូវគោលនយោបាយនេះ ក្នុងស្មារតីសាមគ្គីជាតិ ដ៏រឹងមាំ។ សម្តេច ហេង សំរិន មានប្រសាសន៍ ថា CPP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និង សហគមន៍អន្តរជាតិ ដែលបានផ្តល់ការគាំទ្រយ៉ាងស្មោះសរចំពោះដំណើរការបោះឆ្នោត ហើយបានតាមពិនិត្យមើលយ៉ាងយកចិត្ត ទុកដាក់ ចំពោះការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតនេះ និងបាន ធ្វើការវាយតម្លៃដ៏ត្រឹមត្រូវប្រកបដោយភាពសត្យានុម័តនិងស្ថាបនា ចំពោះការបោះឆ្នោត។

សម្តេច ហេង សំរិន បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងនូវគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនក្នុងការសម្រេច ចិត្តដ៏ត្រឹមត្រូវ និងបង្ហាញថា ប្រជាជនកម្ពុជានៅតែត្រូវ ការចាំបាច់នូវតួនាទីដឹកនាំរបស់ CPP  ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅមុខទៀត ទោះបីជាមានមជ្ឈដ្ឋានអគតិមួយចំនួនបានឃោសនា មួលបង្កាច់ការពិតយ៉ាង អសុរសបំផុត សំដៅបំភ័ន្តមតិប្រជាជន និងវាយប្រហារមកលើ CPP យ៉ាងណាក្តី។ជ័យជំនះ នេះបានពង្រឹងថែមទៀត នូវមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជា ធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេស នៅថ្នាក់មូលដ្ឋាន។

សម្តេច ហេង សំរិន មានប្រសាសន៍ថា CPP បដិសេធដាច់ខាតនូវរាល់សកម្មភាពទាំងអស់ ទោះជាចេញពីមជ្ឈដ្ឋានណាក៏ដោយ ដែល អាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព ការបង្រួប បង្រួមជាតិ និងការអភិវឌ្ឍរបស់កម្ពុជា។ CPP មានសុទិដ្ឋិនិយមថា គ្រប់គណបក្ស នយោបាយ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មនៅជីវភាពនយោបាយ នៃសង្គមកម្ពុជា និងរក្សានូវភាព ចាស់ទុំខាងនយោបាយ រួម គ្នាពង្រឹងសាមគ្គីឯកភាពជាតិ ស្ថិរភាព នយោបាយ ស្ថិរភាពសេដ្ឋកិច្ច ហើយបន្តជំរុញសកម្មភាពស្របតាមគោលការណ៍ នៃលទ្ធប្រជា ធិបតេយ្យពិតប្រាកដ ដោយគោរព ចំពោះបំណងប្រាថ្នា និងការសម្រេចចិត្តរបស់ប្រជាជន។ តាងនាម CPP ខ្ញុំសូមបញ្ជាក់ជាថ្មីយ៉ាង ឧឡារិកថា គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី ៥ និងអាណត្តិបន្តបន្ទាប់ទៀត៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.