រាជរដ្ឋាភិបាលអំពាវនាវឲ្យអ្នកមានដីកាចាប់ខ្លួនករណីកំពង់ដំរីចូលសារភាព ដោយសម្រាលមកជាសាក្សី

AKPភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២–

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៦ មិថុនា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកដែលមានដីកាចាប់ខ្លួនទាំង៤នាក់ ក្នុងករណីបង្កើតតំបន់អបគមន៍ នៅកំពង់ដំរី ក្នុង ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យចូលមកសារភាពដោយបានសន្យាថា រាជរដ្ឋាភិបាលនឹងស ម្រាលទោស ជូនដោយប្រែក្លាយពីបទជាប់ចោទមកជាសាក្សីវិញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងចំ ណោមជនជាប់ចោទ ៥ នាក់ មានម្នាក់បានចេញមកសារភាព រួចហើយ ដូច្នេះអ្នកដែលនៅសេសសល់ សូមអញ្ជើញចេញមកសារភាព បើ មិនដូច្នេះទេ បើទោះបីជាគេចខ្លួន ទៅដល់ជើងមេឃ ក៏ត្រូវតែតាមចាប់ខ្លួនមកវិញដែរ។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា យើងត្រូវតែដោះស្រាយតាមផ្លូវច្បាប់ ព្រោះមានអង្គការមួយ ចំនួនកំពុងចោទថា រាជរដ្ឋាភិបាលបាន បណ្តេញប្រជាជនចេញពីភូមិ នៅពេលដែលប្រជាពលរដ្ឋ នៅកំពង់ដំរីបានដោះឆ្នោតជូនគណបក្សប្រជាជនឈ្នះដាច់នៅទីនោះ។ សម្តេច តេជោថ្លែងថា យើងសោកស្តាយចំពោះការស្លាប់របស់ក្មេងស្រីម្នាក់ដោយឧបត្តិហេតុ ហើយដែលការនេះ បានកើតឡើង ព្រោះតែសមា គមអ្នកប្រជាធិបតេយ្យ ដែលបាន«បង្កើតរដ្ឋក្នុងរដ្ឋ» ហើយបានរំលាយភូមិចាស់ បង្កើតភូមិថ្មីដល់ ទៅ ៧ ដែលរឿងនេះ មិងអាចអត់ឱន ឲ្យបានទេ ទោះដោយតម្លៃណាក៏ដោយ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានជំរុញផងដែរឲ្យអង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រសមាគមអ្នក ប្រជាធិបតេយ្យ រកមេធាវីមកតទល់ជាមួយ រាជរដ្ឋាភិបាលលើផ្លូវច្បាប់នោះ។ សម្តេចតេជោបានគូស បញ្ជាក់ថា មេក្លោងដែលដឹកនាំឲ្យមានការបង្កើតតំបន់អបគមន៍នៅកំពង់ដំរី ដែលនៅក្នុងរាជធានី ភ្នំពេញបានគេចខ្លួនទៅក្រៅប្រទេសទៅនៅជាមួយឈ្មោះ សួន សេរីរដ្ឋា ដែលយើងកំពុងតែតាម ចាប់ខ្លួន ហើយចង់ផ្តួលរំលំរដ្ឋាភិបាលតាមរយៈកម្លាំងប្រដាប់អាវុធ។ សម្តេចតេជោថ្លែងថា យើងនឹងកាត់ទោសកំបាំងមុខ ហើយចាំធ្វើបត្យាប័ន ព្រោះប្រធានសមាគមនោះ ចលនាឲ្យគេទៅកាន់កាប់ដីដោយខ្លួនឯង។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សូមអញ្ជើញចេញមកសារភាព សូមចេញមករួច ទោស ព្រោះខ្លួនក៏ចាញ់បោកគេដែរ ប៉ុន្តែបើមិន ចេញមកសារភាព ទោះបីជាទៅលាក់ខ្លួននៅ ស្ថានទូត ឬអង្គការក្រៅរដ្ឋាភិបាលក៏រាជរដ្ឋាភិបាលតាមចាប់ខ្លួនដែរ៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.